ចិន៖ កាលពីពេលថ្មីៗនេះ រូបថតរបស់គូស្វាមីភរិយា វ័យក្មេងមួយគូ នៅក្នុងប្រទេសចិន បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានពាក្យចចាមអារ៉ាមចម្លែកៗ មួយចំនួន បានលើកឡើងថា កូនកំលោះមានអាយុទើបតែ ១៣ឆ្នាំ ចំណែកកូនក្រមុំមានផ្ទៃពោះទៅហើយទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ បានចេញមុខបកស្រាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឲ្យដឹងថា ពួកគេមកពីស្រុក Mashan ក្បែរទីក្រុង Nanning ប្រទេសចិន។ កូនក្រមុំ មានវ័យ ទើបតែ ១៦ឆ្នាំ បាននិយាយថា នាងមិនមានផ្ទៃពោះអ្វីឡើយ ហើយប្តីរបស់នាង គឺមានអាយុស្រករនឹងនាងដែរ ពោលគឺ ១៦ឆ្នាំដូចគ្នា តែម្តង។ «ពាក្យចចាមអារាម ដែលនិយាយថា ប្តីរបស់ខ្ញុំ មានអាយុ១៣ឆ្នាំ គឺមិនសមហេតុ សមផល ទាល់តែសោះ។ យើងទាំង២នាក់ បានកើតក្នុងឆ្នាំ១៩៩៩ និងមានអាយុ ១៦ឆ្នាំ ដូចគ្នា គ្រាន់តែគាត់ មានមុខក្មេងប៉ុណ្ណោះ»។ នេះបើតាមសម្តី របស់កូនក្រមុំ ប្រាប់ទៅអ្នកយកព័ត៌មាន។
នាងបានបន្ថែមឲ្យដឹងទៀតថា ប្តីរបស់នាងបានបោះបង់ការសិក្សា តាំងពីថ្នាក់មធ្យមសិក្សាម្ល៉េះ និងធ្វើការក្រៅម៉ោងនៅក្នុងទីក្រុង Nanning អស់រយៈពេល ២ឆ្នាំ មកហើយ។ នាងបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ក្រុមគ្រួសាររបស់ពួកគេ គឺជាអ្នកនៅពីក្រោយការសម្រេចចិត្តរៀបពិធីមង្គលការនេះ។ នាងនិយាយថា៖ «ឪពុកម្តាយរបស់ពួកយើង គាំទ្រពួកយើង... បើគ្មានពួកគាត់ទេនោះ យើងក៏មិនអាចរៀបចំពិធីមង្គលការ ដែលមានមនុស្សចូលរួម រាប់សិបតុបែបនេះបានដែរ។ ពួកយើងបានស្គាល់គ្នា ជាង១ឆ្នាំហើយ ដូច្នេះពួកយើង ក៏បានសម្រេចចិត្ត រៀបមង្គលការតែម្តង»។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសចិន មនុស្សប្រុស ដែលមានអាយុ២២ឆ្នាំ និងមនុស្សស្រី ដែលមានអាយុ ២០ឆ្នាំឡើងទៅ ទើបអាចរៀបមង្គលការ មានសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ស្របទៅតាមច្បាប់បាន ដូច្នេះហើយ គូស្វាមីភរិយាក្មេងខ្ចីមួយគូនេះ នឹងត្រូវរង់ចាំរហូតដល់ពួកគេគ្រប់អាយុសិន ទើបអាចធ្វើសំបុត្រអាពាហ៍ពិពាហ៍ បាន៕