នៅខណៈពេលដែលតារាប្រុសៗល្បីឈ្មោះដល់កំពូលគេច្រើនតែឃើញបុរសៗនោះសំបូរស្នេហ៍ធ្វើឲ្យភរិយាលំបាកចិត្ត ធ្វើឲ្យរង្វង់គ្រួសារច្រើនរកាំរកូស រង្គោះរង្គើ ឬអាចឈានទៅបែកបាក់តែម្តង។ ពិសេសតារាសិល្បៈដែលច្រើនយកគ្នាជាអ្នកសិល្បៈដូចគ្នា ច្រើនតែល្អូកល្អើន តែដំបូង តែក្រោយមកដោយសារអំនួតនៃកេរ្តិ៍ឈ្មោះ ចិត្តមានះ ខ្វះការយោគយល់អធ្យាស្រ័យពីគ្នា ក៏ធ្វើឲ្យពួកគេរត់ទៅរកថ្មីរៀងៗខ្លួន។
ប៉ុន្តែដោយឡែកគេសង្កេតឃើញកំពូលតារាចម្រៀងព្រាប សុវត្ថិ ថ្វីត្បិតតែលោកល្បីលើសគេ តែលោកដូចពុំមានលេចឮល្បីរឿងខិលខូចស្នេហ៍ក្រៅតម្រាធ្វើឲ្យភរិយាលំបាកចិត្តទេ ដែលរឿងនេះភរិយាលោកបានសរសើរប្តីយ៉ាងខ្លាំងថាជាមនុស្សល្អសម្រាប់ភរិយា និងគ្រួសារ។អ្នកស្រី ឡុង ស្រីមុំ ភរិយាលោកសុវត្ថិនិយាយថា ខ្ញុំជឿថា គ្មាននរណាស្គាល់ស្វាមីរបស់ខ្ញុំច្បាស់ជាងខ្ញុំនោះទេ ព្រោះគ្រប់ពេលមិនថាទៅជួបអ្នកណា ប្រុស ឬក៏ស្រីគ្រប់ទីកន្លែង ស្វាមីរបស់ខ្ញុំតែងតែផ្តល់កិត្តិយសឱ្យខ្ញុំទៅជាមួយជានិច្ច ។
អ្នកស្រី ឡុង ស្រីមុំ បានបន្តទៀតថា បើនិយាយពីស្វាមីរបស់ខ្ញុំវិញធម្មតាទេ គាត់ជាប្រុសស្អាតហើយជាតារាល្បីឈ្មោះទៀត តែងតែមានស្រីស្អាតស្រឡាញ់ចូលចិត្ត ហើយគាត់ក៏បានត្រឹមតែញញឹមស្វាគមន៍តបវិញនូវក្តីស្រឡាញ់ចូលចិត្តទាំងនោះ ក្នុងនាមគាត់ជាតារាសិល្បៈប៉ុណ្ណោះ ។
ខ្ញុំមិនដែលមានចិត្តគំនិតអ្វីទៅប្រចណ្ឌនឹងគាត់ទេ ព្រោះស្វាមីរបស់ខ្ញុំ បើមិនល្អទេនោះ ម្ល៉េះសមខ្ញុំរស់នៅជាមួយគាត់មិនបានឡើយ ។ ខ្ញុំសូមអះអាងថាស្វាមីរបស់ខ្ញុំគឺគាត់ជាមនុស្សប្រុស១០០ភាគរយ។
លោក ព្រាប សុវត្ថិ កើតក្នុងឆ្នាំ១៩៧៥ គឺខណៈពេលប្រទេសត្រូវខ្មែរក្រហមកាន់កាប់ ហើយត្រូវគេជម្លៀសពីភ្នំពេញ ហើយរូបលោកត្រូវបានប្រសូត្រក្នុងហេតុកលយុគនោះ គឺកើតនៅតាមផ្លូវថ្នល់ ក្រោមដើមស្នាយដូច្នេះហើយទើបរូបលោកមានឈ្មោះក្រៅមួយទៀត«ស្នាយ»លោកបានចម្រើនវ័យនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
គេបានធ្វើដំណើរចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញជាមួយអ្នកម្តាយរបស់គេក្នុងឆ្នាំ១៩៨១ ។ ពិតមែនតែគេមានរូបរាងស្អាតសង្ហា ប៉ុន្តែលោកសុវត្ថិ ពុំមែនជាបុរសសំបូរស្នេហ៍ឡើយ ។ លោក សុវត្ថិ ប្រាប់ថា មួយឆាកជីវិតយុវវ័យរបស់គេនេះ គេបានជួបប្រទះនូវក្តីស្នេហ៍តែម្តងគត់ ហើយក្តីស្នេហ៍នេះក៏ឈានមកដល់ជីវិតអាពាហ៍ពិពាហ៍តែម្តង ក្រោយពេលដែលគេបានព្យាយាមស្វែងយល់ចិត្តថ្លើមគ្នាច្បាស់លាស់អស់រយៈពេលជិត១ឆ្នាំហើយក្រោយមក ដែលជីវិតអាពាហ៍ពិពាហ៍នេះចាប់បដិសន្ឋិឡើងកាលពីខែមេសា ឆ្នាំ១៩៩៧ តាំងពីរូបគេមិនទាន់មានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈចម្រៀងនេះម្ល៉េះ ។
ភរិយាលោក ព្រាប សុវត្ថិ ឈ្មោះ ឡុង ស្រីមុំ ឆ្នាំនេះមានអាយុ៣៧ឆ្នាំជាអ្នកស្រុកខេត្តកំពង់ចាម ។ លោក ព្រាប សុវត្ថិ និងភរិយាបានចាប់ផ្តើមស្គាល់គ្នាដំបូងនៅរង្គសាលមួយក្នុងក្រុងភ្នំពេញ ។
កាលណោះលោក សុវត្ថិនិងលោក ឡុង ប៊ុណ្ណា (បងបង្កើតរបស់ភរិយា) ច្រៀងជាមួយគ្នានៅទីនោះហើយមានថ្ងៃមួយ នាងជាមួយអ្នកម៉ាក់របស់នាងបានទៅលេងនៅរង្គសាលនោះ ក៏ចាប់ផ្តើមស្គាល់គ្នា រួចវេញជាចំណងស្នេហ៍ឈានដល់ថ្ងៃរៀបមង្គលការហើយក្លាយជាស្វាមីភរិយាមកដល់សព្វថ្ងៃនេះ៕