រាជធានីភ្នំពេញ : ស្ត្រីម្នាក់ជាប្រធានគណនេយ្យនៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុប និងប្តីជាប់ពាក់ព័ន្ធនឹងករណីកិបកេងប្រាក់ក្រុមហ៊ុនជាង៣៧ម៉ឺនដុល្លារ យកទៅលេងល្បែងចាញ់អស់ត្រូវបានលោក នូ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
មន្ត្រីតុលាការបានថ្លែងថា ប្តីប្រពន្ធទាំងពីរនាក់ត្រូវបានលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស គឺបទ ឆបោក និងបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលដទៃទៀត តាមមាត្រា ៣៧៧, ៣៩១និងមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យមានឈ្មោះ ផាត ចរិយា អាយុ៣៨ឆ្នាំ ជាប្រធានគណនេយ្យនៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុបនិង ប្តីឈ្មោះ ហ៊ កុសល អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់លោកមេធាវីឈ្មោះ ប៉ិ វណ្ណៈ តំណាងស្របច្បាប់របស់ក្រុមហ៊ុនពិភពថ្មី ចោទប្រកាន់ពីបទឆបោកប្រាក់ប្រមាណជាង៣៧ម៉ឺនដុល្លារអាមេរិក។
ដើមចមនៃសំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ ផាត ចរិយា បានចូលធ្វើការនៅក្រុមហ៊ុនពិភពថ្មីគ្រុបជាង៤ឆ្នាំមកហើយ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ ស្ត្រីជាប់ចោទបានចាប់ផ្តើមកិបកេងប្រាក់ក្រុមហ៊ុន ជាបន្តបន្ទាប់។ លុះក្រោយមក នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ ក៏បែកការណ៍ឈានដល់ការដាក់ពាក្យបណ្ដឹងចាប់ខ្លួនតែម្ដង។
ប្រភពព័ត៌មានបន្តថា ក្រុមហ៊ុនពិភពថ្មីគ្រុប រកឃើញថា ស្ត្រីជាប់ចោទបានកិបកេងប្រាក់ក្រុមហ៊ុនអស់ជាង៣៧ម៉ឺនដុល្លារអាមេរិក។ ដោយឡែកនៅដំណាក់កាលសមត្ថកិច្ចស្ត្រីជាប់ចោទ និងប្តីបានសារភាពថា ពិតជាបានកិបកេងប្រាក់ក្រុមហ៊ុនដូចការចោទប្រកាន់មែន។ ពួកគេបានសារភាពទៀតថា ការកិបកេងនេះ គឺតាមរយៈការប្រមូលប្រាក់ពីអតិថិជនតែពុំបានបង្វិលប្រាក់ដាក់ចូលក្រុមហ៊ុននោះទេ ពោលគឺ បានយកប្រាក់ទាំងអស់នេះប្រគល់ឲ្យប្តីលេងល្បែងចាញ់ជាបន្តបន្ទាប់សរុបជាង៣៧ម៉ឺនដុល្លារអាមេរិក។ ស្ត្រីជាប់ចោទបន្តទៀតថា ប្តីរបស់នាងមិនត្រឹមតែលេងល្បែងនោះទេ គឺបានបើកល្បែងទៀតផងទើបចាញ់អស់រលីងពីខ្លួនបែបនេះ៕
- Back to Home »
- ប្តីប្រពន្ធកិបកេងលុយជាង៣៧ម៉ឺនដុល្លារ យកលេងល្បែង ត្រូវតុលាការឃុំខ្លួន