ស្នេហាត្រីកោណ, ប្រពន្ធចុង និងប្រពន្ធដើមឈ្លោះគ្នាបែកផ្សែង រួចដឹកដៃប្ដីចូលប៉ុស្តិ៍ប៉ូលិស
ភ្នំពេញ ៖ ប្រពន្ធចុង និងប្រពន្ធដើមបានដឹកដៃប្ដីកំហូចចូលប៉ុស្តិ៍ប៉ូលិសទួលសង្កែ ដើម្បីជាប្រយោជន៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីមានរឿងឈ្លោះទាស់ទែងគ្នា ខណៈដែលប្រពន្ធដើមបានលែងគ្នាអស់រយៈពេល២ឆ្នាំកន្លងមកហើយ ហើយនៅពេលថ្មីៗនេះនាងប្រពន្ធដើមបានយករូបថតប្រពន្ធចុង និងប្ដីរួមនឹងមិត្តភក្តិម្នាក់ទៀតបង្ហោះក្នុងហ្វេសប៊ុក។
ហេតុការណ៍សម្របសម្រួលនោះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែខណ្ឌឫស្សីកែវ។
ស្ត្រីម្នាក់ ឈ្មោះពេជ្យ ចន្ធី អាយុ៣០ឆ្នាំបានអះអាងថា នាងជាប្រពន្ធដើម, នាងបានស្រឡាញ់គ្នាជាមួយប្ដីរហូតឈានទៅចូលរោងការកាលពីជាង១០ឆ្នាំមុន ហើយចំណងដៃនៃអាពាហ៍ពិពាហ៍រវាងពួកគេទាំង២គឺទទួលបានកូនប្រុសជាទីស្រឡាញ់ម្នាក់អាយុ៩ឆ្នាំហើយ។
នាងបន្តថា នាងមានមុខរបរដើរតាមផ្ទះ ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកប្ដីមានឈ្មោះភឿង អាយុ៣៥ឆ្នាំមានមុខរបរជាងសំណង់ រីឯស្ត្រីជាប្រពន្ធក្រោយនោះមានឈ្មោះស្រីមី អាយុ២៥ឆ្នាំ។ អ្នកទាំង២នាក់ជាជនជាតិវៀតណាមស្នាក់នៅជាមួយគ្នា ក្នុងភូមិផ្សារតូចសង្កាត់ទួលសង្កែឫស្សីកែវ។
តាមស្ត្រីជាប្រពន្ធដើមបានឲ្យដឹងបន្តថា ដោយសារតែប្ដីកំហូចលួចមានស្រីថ្មីខាងក្រៅរហូតនិងលេងល្បែង ផឹកស៊ី វាយធ្វើបាបនាងជាប្រចាំនោះ ទើបរូបនាង និងគាត់រស់នៅមិនចុះសម្រុងនឹងគ្នា រហូតឈានដល់ផ្លូវបំបែក ដែលមិនអាចផ្សះផ្សាបាន។ ទីបំផុតយើងបានបែកគ្នាកាលពី២ឆ្នាំមុន ដោយមិនមានផ្ដិតមេដៃនោះទេ ដោយគេបានយកកូនទៅនៅជាមួយម្ដាយខាងប្រុសឯប្រទេសវៀតណាម ហើយពេលថ្មីៗនេះប្ដីនាងក៏បានរស់នៅជាមួយប្រពន្ធចុងរហូតមក។
ប្រភពបានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៨ ខែមីនា រូបនាងបានតេទូរស័ព្ទទៅប្ដី ចង់ដឹងសុខទុក្ខ កូននៅស្រុកវៀតណាម នៅពេលនោះបុរសជាប្ដីបាននិយាយថាមិនដឹងយ៉ាងណានោះទេ ទូរស័ព្ទតេមិនចូលទេ។ ខណៈកំពុងនិយាយទូរស័ព្ទនោះ ស្ត្រីជាប្រពន្ធចុងបានចាប់ទូរស័ព្ទពីប្ដីមកស្ដាប់ម្ដង ហើយបានឈ្លោះប្រកែកគ្នាតាមទូរស័ព្ទមួយប្រាវ។
ក្រោយមកស្ត្រីជាប្រពន្ធដើមបានយករូបថតនាង ការមួយសន្លឹក និងរូបថតប្ដីរបស់នាង និងប្រពន្ធក្រោយមួយសន្លឹក ព្រមទាំងរូបថតប្ដីនាងថតជាមួយមិត្តភក្តិស្រីក្នុងកម្មវិធីមួយសន្លឹក យកទៅបង្ហោះនៅក្នុងអាខោនហ្វេសប៊ុក (ដោយសរសេរថា បងភឿងមានប្រពន្ធច្រើនណាស់) ធ្វើឲ្យ មិត្តភ័ក្កប្រពន្ធក្រោយឃើញ ក៏បានមកប្រាប់ស្ត្រីជាប្រពន្ធក្រោយថាប្រពន្ធដើមបងភឿងបានបង្ហោះរូបបងភឿងនិ ងយើងនៅក្នុងអាខោនរបស់គេ។
បន្ទាប់ពីដឹងរឿងនេះពួកគេទាំង៣នាក់ក៏បានឈ្លោះប្រកែកគ្នាដោះស្រាយមិនចេញរហូតឈានដល់នាំគ្នាមកប៉ុស្តិ៍ដើម្បីឲ្យប៉ូលិសជួយអន្តរាគមន៍។ បន្ទាប់មក សមត្ថកិច្ចជួយអន្តរាគមន៍ធ្វើសម្របសម្រួលផ្ដិតមេដៃលែងលះគ្នាឲ្យដាច់ស្រេច និងធ្វើកិច្ចសន្យាបញ្ចប់រឿងឈប់រករឿងគ្នាបន្តទៀត៕
- Back to Home »
- ស្នេហាត្រីកោណ, ប្រពន្ធចុង និងប្រពន្ធដើមឈ្លោះគ្នាបែកផ្សែង រួចដឹកដៃប្ដីចូលប៉ុស្តិ៍ប៉ូលិស