រាជធានីភ្នំពេញ៖ "ខ្ញុំដាំក្រញូងដើម្បីកូនខ្មែរ និងរក្សាជាសម្បត្តិធម្មជាតិ សម្រាប់រូបខ្ញុំផ្ទាល់អត់ខ្វល់អីទាំងអស់ នរណាធ្វើអី ធ្វើទៅ សំខាន់ ម៉ុង ឫទ្ធី គិតតែពីដាំ ដាំឲ្យបានច្រើនទុកឲ្យកូនខ្មែរគ្រប់ជំនាន់បានស្គាល់ មិនគិតពីប្រាក់ចំណេញ"។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី នៅលើទំព័រ Facebook លោកនាថ្ងៃនេះ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានបន្តថា នៅកែវផុសលោកបានដាំដើមក្រញូងប្រមាណ១ម៉ឺនដើម នៅតាមជើងភ្នំរហូតដល់កំពូលភ្នំ ហើយដាំនៅខាងមុខនិងក្នុងសាលារៀនកសិកម្ម ម៉ុង ឫទ្ធី ប្រមាណជាង១ពាន់ដើម។
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេល្បីថាជាឧកញ៉ាចិត្តធម៌ម្នាក់ លោកបានបញ្ជាក់ផងដែរថា ដើមក្រញូងទាំងនោះ ដាំបានរយៈពេលពីរឆ្នាំហើយ ដោយមានការថែទាំល្អ ដើមឈើទាំងនេះដុះលូតលាស់ល្អណាស់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកបច្ចេកទេសផ្នែកបណ្តុះកូនឈើ កំពុងបណ្តុះកូនក្រញូង កូនឈើខ្មៅ (កោងកាងភ្នំ) ពពែល ជាង១ម៉ឺនដើម និងបណ្តុះឫស្សីជាង១ម៉ឺនគុម្ភ សម្រាប់ដាំក្នុងរដូវវស្សាឆ្នាំ២០១៦នេះ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតបានផ្ដាំទៅដល់ក្មេងៗជំនាន់ក្រោយណា ដែលមិនទាន់បានស្គាល់ដើមក្រញូង អាចមកកម្សាន្ត ហើយអាចសិក្សាពីរបៀបបណ្ដុះ និងដាំដើមក្រញូងទាំងនេះបានដោយរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅ៕
- Back to Home »
- ឧកញ៉ាចិត្តធម៌ដាំក្រញូងប្រមាណ១ម៉ឺនដើមដើម្បីកូនខ្មែរ និងរក្សាជាសម្បត្តិធម្មជាតិ