​​​    បន្ទាប់​ពី​ជំនួប​ទ្វេ​ភាគី​រវាង​អាមេរិក​ និង​ចិន​បាន​បិទ​បញ្ចប់​ទៅ​នៅ​សេតវិមាន​អាមេរិក ប្រធានាធិបតី​អាមេរិក លោក Obama បាន​ប្រកាស​ថា ចិន និង​អាមេរិក នឹង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ទប់ស្កាត់​ការ​វិវត្តន៍​ថ្មីៗ​ ទាក់ទង​នឹង​ការ​សាកល្បង​មីស៊ីល​របស់​ប្រទេស​ឯកា កូរ៉េខាងជើង ។ក្នុង​ជំនួប​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ Obama បាន​និយាយ​ថា ប្រទេស​ទាំង​២​នឹង​រួមគ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​ឧបទ្វីប​កូរ៉េ​ ក្លាយ​ជា​តំបន់​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ ព្រោះ​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន និង​ការ​សាកល្បង​មីស៊ីល​នោះ គឺ​ជា​ការ​រំលោភ​លើ​ការ​បទបញ្ជា​របស់​អន្តរជាតិ​ ។

កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូហ្សែន​មួយ​គ្រាប់ ហើយ​ថែម​ទាំង​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់​ទៀត​ក្នុង​ខែ​កុម្ភៈ ដែល​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​គំរាម​ដល់​លោក​ខាងលិច​ជាពិសេស ។ចាប់​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ទីក្រុង Washington និង​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ទីក្រុង​ព្យុងយ៉ាង ហើយ​វា​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​កូរ៉េខាងជើង​ដែរ នោះ​គឺ​មហាអំណាច​ចិន បន្ទាប់​ពី​ចិន និង​អាមេរិក ចំណាយ​ពេល​អស់​ដល់​ទៅ​២​ខែ ដើម្បី​ពិភាក្សា​គ្នា​លើ​ទណ្ឌកម្ម​នេះ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -