រាជធានីភ្នំពេញ ៖ នារីអូតេសម្នាក់ចេញពីធ្វើការត្រូវជនសង្ស័យ៣នាក់ឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មីនា ត្រង់ចំណុចមុខធនាគារអេស៊ីលីដា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បាននៅមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្ដោយផ្លូវណតប្រ៊ីជ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង៣នាក់ មាន ១-ឈ្មោះ មាស សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅម្ដុំពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ អុន ដារ៉ា អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និង៣-ឈ្មោះ ឡុង វិសាល ហៅគោ អាយុ២៣ឆ្នាំ ជាយោធា មានទីលំនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ ដកហូតម៉ូតូ២គ្រឿង ។

ចំណែកម្ចាស់កាបូបឈ្មោះ អ៊ីម ចិននី អាយុ២៥ឆ្នាំ ជានារីបម្រើការលើយន្តហោះ ស្នាក់នៅផ្ទះលេខ៥៤អឺ៤ ផ្លូវ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ស្រុកកំណើតឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកស្គូពី ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ បាននិយាយថា មុនពេលកើតហេតុ នាងទើបចេញពីធ្វើការនៅអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង គោលបំណងជិះម៉ូតូត្រឡប់ទៅផ្ទះវិញជាមួយមិត្តភក្ដិប្រុសម្នាក់ទៀតនៅម្ដុំផ្សារសូរិយា ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជន៣នាក់ជិះម៉ូតូមកតាមក្រោយហើយធ្វើសកម្មភាពឆក់កាបូបស្ពាយខាងឆ្វេងបានសម្រេច ហើយក៍ជិះម៉ុតូរត់គេចខ្លួន ពេលនោះនាងព្យាយាមដេញតាមតែតាមមិនទាន់ ។

ក្រោយមក ជនសង្ស័យបានជិះមកដល់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមផ្លូវណតប្រីជ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៍ជួបនឹងកន្លាំងអន្តរាគមន៍ខណ្ឌសែនសុខជិះល្បាតប្រទះឃើញជនសង្ស័យជិះម៉ូតូអត់ស្លាកលេខក៍ឃាត់ឱ្យឈប់ ដើម្បីត្រួតពិនិត្យនិងឆែកឆេរតែជនសង្ស័យប្រកែកមិនឱ្យឆែកទេ ហើយធ្វើជាដកទូរស័ព្ទទៅបងស្រី ស្រាប់តែជ្រុះលិខិតឆ្លងដែននារីម្ចាស់កាបូបខាងលើ ទើបសមត្ថកិច្ចសង្ស័យសួរនាំចុះឡើង ទើបជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់បានសារភាពថា គេទើបឆក់កាបូបបាននៅម្ដុំខណ្ឌពោធិ៍សែនជ័យ ហើយរត់មកដល់ចំណុចខាងលើទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់ហើយ នគរបាលខណ្ឌសែនសុខបានបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីសួរនាំទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ដែលរង់ចាំគ្នានៅមុខវត្តទឹកថ្លាដែលគេបានដាក់ម៉ូគ្នាពេលពួកគេឆក់បានហើយនោះ ។
ក្រោយពេលកើតហេតុ ម្ចាស់កាបូបបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាទាំងអស់សង្ឃឹម ស្រាប់តែប្រទះឃើញសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះមកដល់ធ្វើឲ្យមានការភ្ញាក់ផ្អើល ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកឯកាបូប ត្រូវបានប្រគល់ជូនម្ចាស់ដើមគេវិញ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -