គួរឲ្យអាសូរខ្លាំងណាស់ ដែលលោកតាម្នាក់មានព្រះជន្ម ១០៣ ឆ្នាំ ទៅហើយ ដោយសារតែលោកតាស្រេកឃ្លានខ្លាំងពេក ក៏បានសម្រេចចិត្តដើរដោយថ្មើរជើងក្នុងចម្ងាយឆ្ងាយ ទៅសំពះព្រះសង្ឃក្នុងវត្ត ដើម្បីបានអាហារទទួលទាន ។ ដោយមានការនឿយហត់អស់កម្លាំង និង ឈឺជើងផងនោះ លោកតាក៏បានឈប់សម្រាកតាមផ្លូវតែម្នាក់ឯង ដែលមិនទាន់អាចដើរទៅដល់វត្ត អូរថែល ដែលស្ថិតក្នុងភូមិពូតាង ឃុំពូជ្រី ស្រុកពេជ្រចិន្តា ដែលនៅឆ្ងាយពីផ្ទះរបស់លោកតា ។
តែពេលនោះ លោកតាត្រូវបានក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរតាមផ្លូវ ក៏ប្រទះឃើញលោកតា ក៏បានឈប់រថយន្តចុះទៅសួរនាំ តែត្រូវលោកតាស្តាប់មិនឮ និយាយមកវិញខ្សាវៗថា គាត់ចង់ទៅវត្ត ក៏នាំគ្នាជូនលោកតាដឹកតាមរថយន្តទៅដល់វត្តតែម្តង ។ ពេលទៅដល់វត្ត អូរថែល នោះ ត្រូវលោកតាអាចារ្យម្នាក់រៀបរាប់ពីប្រវត្តិសង្ខេបរបស់លោកតាឱ្យដឹងថា គាត់មានឈ្មោះឡេង ឆេង អាយុ ១០៣ ឆ្នាំ ជាអតីតមេបញ្ជាការកងកាំភ្លើងធំ ជំនាន់សម្តេចឪ មានទីលំនៅក្នុងភូមិខាងលើ ។ សព្វថ្ងៃគាត់រស់នៅជាមួយកូនៗ ដែលមានជីវភាពក្រខ្សត់ណាស់រកព្រឹកខ្វះល្ងាច ។
ហើយគាត់តែងតែមកវត្តជារឿយៗ ដើម្បីបានចំណីអាហារហូបរស់មួយពេលៗ និង មកស្តាប់ធម៌អារជាមួយព្រះសង្ឃផងដែរ ។ អ្នកយកព័ត៌មានប្រចាំនៅខេត្តមណ្ឌលគិរី បន្ទាប់ពីបានឮ និង ឃើញជាក់ស្តែងនោះ លោកមានក្តីអាណិត ក៏បានជូនថវិកាបន្តិចបន្តួចដល់លោកតាផងដែរ ។ ហើយសង្ឃឹមថា នឹងមានសប្បុរសជនដទៃទៀត ជួយលោកតាអាយុ ១០៣ ឆ្នាំនេះ ជាបន្តបន្ទាប់ទៀតនៃជីវិតចុងក្រោយរបស់គាត់ ៕
- Back to Home »
- អតីតមេបញ្ចាការកាំភ្លើងធំអាយុ ១០៣ ឆ្នាំ ស្រេកឃ្លានអាហារខ្លាំងពេកទៅរកបាយវត្ត