ភ្នំពេញ​ ៖ ក្រុម​អ្នក​និយម​តាមដាន​សាច់រឿង​ពី​តារា​សិល្បៈ​ក្នុងស្រុក​បាន​និង​កំពុង​នាំគ្នា​ខ្សឹបខ្សៀវ​អំពី​សម្ពន្ធភាព​ស្នេហ៍​ក្រៅ​ឆាក ​រវាង​តារា​សម្ដែង​ និង​ជា​ពិធី​ការិនី​និយម​ការ​ស្លៀកពាក់​សិច​ស៊ី​ កញ្ញា វីត វីត ជាមួយ​បុរស​មាន​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​ ស្រប​ពេល​មាន​ព័ត៌មាន​លេចឮ​ថា​មាន​លោក​មន្ត្រី​ធំ​ក្នុងស្រុក​ក៏​កំពុង​តាម​ទាក់ទង​សុំ​ស្នេហ៍​នាង​យ៉ាង​ប្រកិត​ផង​នោះ​​។​

ក្រោយពី​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​សិល្បៈ​មក​នោះ ​ពិធី​ការិនី​វ័យក្មេង​សម្ដី​ផ្អែម ​កញ្ញា វីត វីត ហាក់​លេច​មាន​យីអ៊ុន​ស្នេហ៍​មិនធម្មតា​ឡើយ។ ខណៈ​ពេល​ថ្មីៗ​នេះ ​មានការ​ទម្លាយ​ឲ្យ​ដឹង​ពី​ប្រភព​មជ្ឈដ្ឋាន​ខាងក្រៅ​ថា តារា​ស្រី​សាច់​សខ្ចី​ដូច​បណ្ដូល​ចេក​រូប​នេះ​កំពុង​ភ្ជាប់​ស្នេហ៍​ជាមួយ​បុរស​ជំនួញ​សម្បូរ​ទ្រព្យ​ក្រៅ​ស្រុក​ម្នាក់​យ៉ាង​ផ្អែមល្ហែម​ផង​ដែរ។

តាម​ប្រភព​ដែល​ខ្សឹបខ្សៀវ​គ្នា​ក្រៅ​រង្វង់​សិល្បៈ​បាន​និយាយ​ឲ្យ​ដឹង​ថា អ្នកជំនួញ​ម្នាក់​នោះ កំពុង​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជា​កញ្ញា វីត វីត យ៉ាង​ជិតស្និទ្ធ​បំផុត​។ ​មិន​តែប៉ុណ្ណោះ​ក៏​មាន​ការ​សង្ស័យ​ថា រាល់​ការ​ចាយ​វា​ចំណាយ​ទៅលើ​ការទិញ​សម្ភារៈ​មាន​តម្លៃ​ថ្លៃៗ​ទំនង​នាង​បាន​មកពី​ការ​ជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​ពី​បុរស​ជា​គូស្នេហ៍​រស់នៅ​ទឹកដី​សហរដ្ឋអាមេរិក​ម្នាក់​នេះ​ក៏​ថា​បាន។

យ៉ាង​ណា​ក្តី​រហូត​មក​ទល់​ពេលនេះ ​ពុំ​ទាន់​មាន​ប្រភពច្បាស់ការ​ណាមួយ​បញ្ជាប់​ឲ្យ​ច្បាស់​ទេ​ថា តើ​ពួកគេ​ទាំងពីរ​ខាង​លើ​នេះ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជា​គ្នា​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នោះ​ទេ​ ព្រោះ​រឿង​នេះ​ទើបតែ​បែក​ធ្លាយ​ចេញ​មក​ខាងក្រៅ​ក្នុង​ពេល​ថ្មីៗ​នេះ​តែប៉ុណ្ណោះ​។ ​ម្យ៉ាងទៀត​ តារា​ស្រី​រូប​នេះ​តែង​ព្យាយាម​លាក់បាំង​បាន​យ៉ាង​ល្អ​ចំពោះ​រឿង​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក។

ទាក់ទង​នឹង​ការ​លេចឮ​ព័ត៌មាន​និយាយ​ខ្សឹបខ្សៀវ​ខាងលើ​នេះ​ដែរ​ កម្ពុ​ជាថ្មី​មិនទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ផ្ទាល់មាត់​ពី​កញ្ញា វីត វីត បានទេ​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។​ ដូច្នេះ​យើង​ នឹង​ព្យាយាម​ស្វែងរក​ការ​បក​ស្រាយ​ការពិត​ពី​ពិធី​ការិនី​ស្រី​ កញ្ញា វីត វីត នៅ​ពេល​ក្រោយ​ ដើម្បី​បញ្ជាប់​ប្រាប់​ការពិត​ជុំវិញ​រឿង​នេះ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -