ខេត្តកណ្ដាល ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ បានមានប្រតិកម្មចំពោះមន្ត្រីនគរបាលខេត្តមួយរូប ដែលដាក់គោលដៅ ត្រួតពិនិត្យល្បឿនរថយន្តនៅ តាមផ្លូវជាតិលេខ៣ ដោយបានផាកពិន័យ គ្រាន់តែក្រដាសប្រាក់២ម៉ឺនរៀលរហែក បិទស្កុតបន្តិចសោះបែរជាមិនយក ហាក់ដូចជាមិនបានឲ្យតម្លៃលើ រូបិយប័ណ្ណរបស់ជាតិ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង៣០ព្រឹកថ្ងៃទី២៣ ខែមីនា នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិតាគុជ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។ បើតាមប័ណ្ណផាកពិន័យ មន្ត្រីនគរបាលដែល សរសេរប័ណ្ណផាកនោះឈ្មោះ អ៊ឹម ចណ្ណារ៉ា ដែលជាគេស្គាល់ថា ជាមន្ត្រីនគរបាលការិយាល័យ ចរាចរណ៍ខេត្តកណ្តាល ។ ចំណែកអ្នកបើកបរឈ្មោះ ប៉េង ឃាង ជាអ្នកបើករថយន្តតូយ៉ូតា តាកូម៉ា២បាំង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P 3747 ។
តាមលោក ប៉េង ឃាង ជាម្ចាស់រថយន្តនិយាយថា នៅព្រឹកថ្ងៃកើតហេតុនោះ គាត់បានធ្វើដំណើរតាម ផ្លូវជាតិលេខ៣ គោលបំណងចូលមករាជធានីភ្នំពេញ ដោយបើកបរក្នុងល្បឿន៦៥គីឡូម៉ែត្រក្នុង១ម៉ោង ។ ស្រាប់តែមកដល់ចំណុចខាងលើ សមត្ថកិច្ចចម្រុះរបស់ខេត្តកណ្តាល បានដាក់កម្លាំងត្រួតពិនិត្យល្បឿន រថយន្តនៅតាមផ្លូវជាតិលេខ៣ បានស្ទាក់ផាកពិន័យ ដោយចោទថា គាត់បើកបរលើសល្បឿន ដែលចំណុចនោះកំណត់អោយបើកបរតែ ៤០គីឡូម៉ែត្រក្នុង១ម៉ោង ។
ម្ចាស់រថយន្តរូបនេះរៀបរាប់ទៀតថា គាត់មិនបានចាប់អារម្មណ៍នោះទេ មិនបានដឹងថាត្រង់នោះ កំណត់ឲ្យបើកបរត្រឹមតែល្បឿន ៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចផាកពិន័យ គាត់មិនបានជំទាស់នោះទេ និងបានឲ្យប្រាក់៤ម៉ឺនរៀលក្នុងនោះមានក្រដាស ២ម៉ឺនរៀល២សន្លឹកទៅមន្ត្រីនគរបាល ដែលសរសេរប័ណ្ណ ។ គួរឲ្យភ្ញាក់ផ្អើល ស្រាប់តែមន្ត្រីរូបនោះឲ្យក្រដាសប្រាក់១សន្លឹកមក វិញដោយប្រាប់ថា រហែកមិនយកទេ ព្រោះយកទៅខាង រតនាគារក៏មិនយកដែរ ។ តាមម្ចាស់រថយន្តរៀបរាប់ទៀតថា លុយខ្មែរសោះគ្រាន់តែរហែកបិទ ស្កុតបន្តិចហេតុអីមិនយក ។ នៅព្រឹកនោះក៏មានការជជែកគ្នា និងរុញប្រាក់ឲ្យទៅវិញទៅមកផងដែរ ។ តាមព័ត៌មានឲ្យដឹងថា បន្ទាប់ពីមានការផ្សាយព័ត៌មាន ដំបូងតាមគេហទំព័រកោះសន្តិភាព លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ក៏មានប្រតិកម្មថា អរគុណចំពោះបងប្អូនអ្នកសារព័ត៌មានតែ កូនចៅលោក២.៥០០នាក់ លោកមិនអាចមើល អស់នោះទេ តែសុំឲ្យមានការយោគយល់ មានអីត្រូវសួរលោកសិន មិនត្រូវប្រកូកប្រកាសផ្សាយបែបនេះទេ ៕
- Back to Home »
- ជុំវិញរឿងប៉ូលិសចរាចរណ៍ផាកពិន័យ មិនទទួលលុយក្រដាស ២ម៉ឺនរហែកបិទស្កុត