លោក​ គីម ជុងអ៊ុន​ ប្រឈម​នឹង​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​មនុស្ស​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ ហើយ​សមាជិក​ផ្ទៃ​ក្នុង​របស់​ក្រុម​មេ​ដឹក​នាំ​ កូរ៉េខាងជើង​ អាច​ជា​មនុស្ស​ធ្វើឃាត​មេ​ដឹក​នាំ​របស់​ខ្លួន ។​ នេះ​បើ​តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ​ Georgetown​ ក្នុង​ទីក្រុង​ វ៉ាស៊ីនតោន​ និង​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទិនានុលេខន៍​ស្ដី​អំពី​ការ​វិភាគ​ទៅ​លើ​ប្រទេស​ កូរ៉េ​ ដែល​បាន​សិក្សា​ទៅ​លើ​ប្រវត្តិ​នៃ​ផែនការ​លួច​ធ្វើឃាត​មេដឹកនាំ​ កូរ៉េខាងជើង​ ប៉ុន្តែ​ផែន​ការ​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​បាន​បំផ្លាញ ។​

តាម​រយៈ​ការ​សិក្សា​បង្ហាញ​ថា​ ភាព​តាន​តឹង​ទាំង​ផ្ទៃ​ក្នុង​ និង​ពី​ខាង​ក្រៅ​ ធ្វើ​ឲ្យ​លោក​ គីម ជុងអ៊ុន​ អាច​ក្លាយ​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ទម្រង់​នៃ​ផែនការ​ធ្វើឃាត​ ៤​ យ៉ាង​ ដែល​ធ្លាប់​កើត​មាន​កន្លង​មក​ទៅលើ​មេ​ដឹកនាំ​សំខាន់ៗ ។​

ទម្រង់​នៃ​ការ​ធ្វើ​ឃាត​ទី​ ១​ មាន​ឈ្មោះ​ថា​ទម្រង់​ គីម ចូយូ​ (Kim Jae-gyu)​ គឺ​ជា​ឈ្មោះ​របស់​ភ្នាក់ងារ​សម្ងាត់​ កូរ៉េខាងត្បូង​ ដែល​ជា​អ្នក​ធ្វើ​ឃាត​ប្រធានាធិបតី​ កូរ៉េខាងត្បូង​  លោក​ ប៉ាក ឆុងហេ​ (Park Chung-hee)​ ក្នុង​ឆ្នាំ​ ១៩៧៩​ ជា​ឃាតកម្ម​ ធ្វើ​ឡើង​តែ​ម្នាក់​ឯង ។​ ឃាតក​គឺ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ប្រទេស​ កូរ៉េខាងត្បូង​ ហើយ​សម្រាប់​មេ​ដឹក​នាំ​ កូរ៉េខាងជើង​ ការ​ធ្វើ​ឃាត​ទម្រង់​ទី​មួយ​នេះ​ អាច​ទទួល​បាន​ជោគជ័យ​ច្រើន​បំផុត ។​អ្នក​សិក្សា​បញ្ជាក់​ថា​ ប្រសិនបើ​ការ​ធ្វើ​ឃា​ត​លោក​ គីម ជុងអ៊ុន​ កើត​ឡើង​ គឺ​អាច​ជា​ការ​ធ្វើឃាត​ដែល​អនុវត្ត​ដោយ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​កំពូល​ៗ​របស់​ កូរ៉េខាងជើង​ ជា​អ្នក​អាច​ស្ថិត​នៅ​ជិត​បំផុត​ជា​មួយ​លោក​ គីម ជុងអ៊ុន​ ក្រៅ​ពី​ពិធីសាធារណៈ​ណា​មួយ​ ជា​ពេល​ដែល​ការ​យាមកាម​ធូរ​រលុង​ជាង​ធម្មតា ។​ ម្យ៉ាង​វិញ​ទៀត​ ការ​ធ្វើឃាត​ទម្រង់​បែប​នេះ​ អាច​ជោគជ័យ​ច្រើន​ ព្រោះ​មិន​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស​ច្រើន​នាក់​ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​អំពើ​ក្បត់​គ្នា​ក្នុង​ចំណោម​ឃាតក ។​

ទម្រង់​នៃ​ការ​ធ្វើ​ឃាត​ទី​ ២​ មាន​ឈ្មោះ​ថា​ទម្រង់​ ប្រ៊ូតូស​ (Brutus)​ ជា​ឈ្មោះ​របស់​សមាជិក​ព្រឹទ្ធសភា​ សម័យ​ រ៉ូម៉ាំង​ គ្រប់​គ្រង​ប្រទេស​ អីុតាលី  ​ ឃាតកម្ម​នេះ​ ធ្វើ​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​ភាគ​ច្រើន​មនុស្ស​សាមញ្ញ​ ដឹក​នាំ​ដោយ​ឥស្សរជន​មួយ​រូប។ នេះ​ជា​ឃាតកម្ម​តាម​របៀប​នៃ​ការ​ធ្វើ​ឃាត ​ដឹក​នាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ ប្រ៊ូតូស​ សម្លាប់​ Julius Caesar​ ដែល​ជា​មេ​ដឹក​នាំ​កំពូល​របស់​សម័យ​កាល​រ៉ូម៉ាំង​ កាល​ពី​ ៤៤​ ឆ្នាំ​ មុន​គ្រិស្ត​សករាជ ។​ ដោយសារ​ផែនការ​ធ្វើឃាត​ទម្រង់​ទី​ពីរ​ ត្រូវ​ការ​មនុស្ស​ច្រើន​ចូល​រួម​ ដូច្នេះ​ហើយ​ ផែន​ការ​ត្រូវ​ប្រឈម​នឹង​ការ​បែក​ធ្លាយ ។​

ទម្រង់​នៃ​ការ​ធ្វើ​ឃាត​ទី​ ៣​ មាន​ឈ្មោះ​ថា​ទម្រង់​ វ៉ាល់គីរៀ​ (Valkyrie) ​សំដៅ​ទៅ​រក​មនុស្ស​ជំនិត​ និង​ស្មោះ​ត្រង់​បំផុត​របស់​ណាហ្ស៊ី​ អាល្លឺម៉ង់​ ដែល​រៀប​ចំ​ធ្វើ​ឃាត​ អាដហ្វ អីុត្លៀ​ (Adolf Hitler)​ ក្នុង​ឆ្នាំ​ ១៩៤៤​ ប៉ុន្តែ​មាន​របៀប​ជា​រដ្ឋប្រហារ​ ទម្លាក់​របប​គ្រប់​គ្រង​មួយ ។​ ទម្រង់​ វ៉ាល់គីរៀ​ ទំនង​ជា​ពិបាក​នឹង​ទទួល​បាន​ជោគ​ជ័យ​ណាស់​ ព្រោះ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​ កូរ៉េខាងជើង​ គឺ​ជា​រឿង​ដែល​ពិបាក​នឹង​កើត​មាន​ឡើង​ ដោយ​របប​លោក​ គីម ជុងអ៊ុន​ បាន​រៀប​ចំ​ប្រព័ន្ធ​ការពារ​យ៉ាង​រឹងមាំ​ ទប់​ទល់​នឹង​រដ្ឋប្រហារ​ ដោយ​ផ្ដល់​សំណូក​ជា​ផលប្រយោជន៍​ធំធេង​ដល់​ឥស្សរជន​សំខាន់ៗ​ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​សហការ​ និង​ស្មោះ​ត្រង់​ជា​មួយ​មេ​ដឹក​នាំ​ ហើយ​កម្ចាត់​អ្នក​ទាំង​ឡាយ​ណា​ដែល​បង្ហាញ​សញ្ញា​មិន​សហការ ។​

ទម្រង់​នៃ​ការ​ធ្វើ​ឃាត​ទី​ ៤​ មាន​ឈ្មោះ​ថា​ទម្រង់​ អូស្វល​ (Oswald)​ ជា​ឈ្មោះ​របស់​អ្នក​បាញ់​កាំភ្លើង​ស៊ីប​ ដែល​បាន​ធ្វើ​ឃាត​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ លោក​ John F. Kennedy​ ក្នុង​ឆ្នាំ​ ១៩៦៣ ។​ អ្នក​វិភាគ​ជឿ​ថា​ ទោះ​ជា​ឃាតក​រក​បាន​កាំភ្លើង​ស៊ីប​មួយ​ដើម​ ក៏​ឃាតក​នោះ​ពិបាក​ក្នុង​ការ​ស្ថិត​នៅ​ក្នុង​ចម្ងាយ​មួយ​ជិត​ល្មម​អាច​ធ្វើ​ឃាត​លោក​ គីម ជុងអ៊ុន​ ដោយសារ​ប្រព័ន្ធ​សន្តិសុខ​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ពី​មេ​ដឹក​នាំ​ កូរ៉េខាងជើង ។​

ម្ចាស់​អត្ថបទ​ទិនានុលេខន៍​សរសេរ​ថា​ សហគមន៍​អន្តរជាតិ​ មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​លទ្ធផល​ដែល​កើត​ឡើង​ដោយសារ​ការ​ធ្វើ​ឃាត​លោក​ គីម ជុងអ៊ុន​ ដែល​អាច​កើត​ឡើង​នៅ​ពេល​ណា​មួយ​ ជា​ពេល​ដែល​អំណាច​ស្ថិត​នៅ​ចំហ​ ដែល​នាំ​ទៅ​រក​ការ​បែក​បាក់​ដណ្ដើម​អំណាច​គ្នា​ ហើយ​ឈាន​ទៅ​ផ្ទុះ​សង្គ្រាម​ស៊ីវិល​ រហូត​ដល់​អាច​មាន​ការ​ប្រើ​ប្រាស់​អាវុធ​មហា​ប្រល័យ​ទៀត​ផង ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -