ពីលីពីន៖ បុរសចំណាស់ម្នាក់បានបាត់បង់ស្មារតីហើយក្រោយមកបានស្លាប់ក្រោយពេលអង្គុយជជែកលេងជាមួយនឹងមិត្តស្រីរបស់ខ្លួន តាមបណ្តាញអ៊ីនធើណេត ។
ហេតុការណ៏នេះបានកើតឡើងនៅហាងអ៊ីនធើណេតការហ្វេមួយកន្លែងដែលមានយីហោ Net.com ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Quiapo ទីក្រុង Manila ប្រទេសពីលីពីន កាលពីវេលាម៉ោង ២ រសៀលនាថ្ងៃពុធកន្លងទៅថ្មីៗនេះ។
បើតាមប្រភពព័ត៌មានបានអោយដឹងថា បុរសចំណាស់ជនជាតិអាមេរិកវ័យ ៤៧ ឆ្នាំឈ្មោះ John Frederick Warnaca ដែលជាអ្នកស្រុកមកពីទីក្រុង Fresno រដ្ឋ California បានចូលទៅហាងអ៊ីនធើណេតដូចដែលបានរៀបរាប់ខាងលើ ហើយក្នុង ខណៈដែលគាត់កំពុងតែជជែកកំសាន្តជាមួយនឹងមិត្តស្រីស្រាប់តែរាងកាយរបស់គាត់នៅនឹងមួយកន្លែងលែងកម្រើក។
ដោយមានការសង្ស័យម្ចាស់ ហាងអ៊ីនធើណេតខាងលើបាន ពឹងប៉ូលីសដើម្បីជួយអន្តារគមន៏។ អ្វីដែលនឹកស្មានមិនដល់ ប៉ូលីសបាននិយាយថា បុរសខាងលើបានស្លាប់ទៅហើយ ក្រោយពីបានត្រួតពិនិត្យរួច។
បើយោងទៅតាមការត្រួតពិនិត្យមើល គណនីបណ្តាញសង្គម ហ្វេសប៊ុករបស់លោកបានបង្ហាញថា នៅពេលដែលគាត់ស្លាប់គឺគាត់បានមានជម្លោះ ជាមួយនឹងនារីម្នាក់ដែលគេជឿថា គឺជាសង្សារនឹងគ្នា។
ទោះជាយ៉ាងណាក៏ដោយទាក់ទិននិងការស្លាប់របស់បុរសជនរងគ្រោះ មានស្ត្រីម្នាក់ដែលបានអះអាងថាត្រូវជាមិត្តភក្តនឹងគ្នាបាននិយាយរៀបរាប់ថា លោក Warnaca គឺធ្លាប់មានជម្ងឺ សាច់ដុំតាំងពីអាយុ ២៣ ឆ្នាំមកម្លេះ ដែលពេលខ្លះបានធ្វើអោយគាត់ មានការឈឺចាប់យ៉ាងខ្លាំងទៀតផង៕