ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សយើងម្នាក់ៗតែងតែ មានជំនាញពិសេសរៀងៗខ្លួន ដែលធ្វើឲអ្នកដទៃកោតសរសើរ។ ជាក់ស្ដែង បុរសម្នាក់ឈ្មោះ Chen Zhitong នៅឯក្រុង  Xiamen ​ប្រទេសចិន មានជំនាញយ៉ាងប៉ិនប្រសព្វ របស់ខ្លួនក្នុងការចាប់តុក្កតា នៅក្នុងម៉ាស៊ីន។

បុរសរូបនេះបានប្រាប់ថា គាត់បានទៅផ្សារទំនើប Jianghu កាលពីខែកក្កដា ហើយឃើញម៉ាស៊ីនចាប់តុក្កតា ដាក់នៅជិតច្រកចូល។ ដោយសារកំពុងតែអផ្សុកផងនោះ គាត់បានចាប់ផ្ដើមលេងល្បែង ចាប់តុក្កតានេះទៅ។ ឲតែពេលមានទំនេរ គាត់មកផ្សារទំនើប ដើម្បីចាប់តុក្កតា ហើយជំនាញការលេងនេះ ពីមួយថ្ងៃទៅមួយថ្ងៃក៏ចេះតែរីកចម្រើនទៅៗ ធ្វើឲគាត់ចាប់បានតុក្កតាយ៉ាងច្រើន ដើម្បីប្រមូលទុក។

គាត់បានបន្ថែមទៀតថា ក្នុងមួយថ្ងៃ គាត់អាចចាប់តុក្កតាបាន យ៉ាងហោចណាស់ក៏ ១០០ តុក្កតា ដែលគាត់ធ្លាប់ចាប់បាន គឺគាត់ដាក់នៅក្នុងបន្ទប់ពេញទាំងអស់ មានទាំងដាក់នៅក្នុងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ និងកន្លែងផ្សេងៗទៀតក្នុងផ្ទះក៏មាន និយាយរួមទៅគឺគាត់រាប់តុក្កតា ទាំងនោះលែងអស់ទៅហើយ។

ដោយសារតែជំនាញរបស់លោក Chen ខ្លាំងពេក ដល់ថ្នាក់ធ្វើឲអ្នក ដែលតែងតែមកមើលលោក ចាប់តុក្កតាបានដាក់រហស្សនាមឲលោកថា”បិតាចាប់តុក្កតា”។ មិនតែប៉ុននោះ ឲតែពេលឃើញរូបលោកមកដល់ ម្ចាស់អាជីវកម្មបើកម៉ាស៊ីនចាប់តុក្កតាខ្លះ តែងតែហាមមិនឲលោកចូល ទៅលេងកន្លែងរបស់ខ្លួននោះទេ​ បើមិនអញ្ចឹងច្បាស់ជាស៊យធំមិនខាន។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -