សេចក្តីរាយការណ៍ពីសមត្ថកិច្ចនៅពេលមុននេះបន្តិច បានឲ្យដឹងថា ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ជាសិស្សសាលាប៊ែលធី អន្តរជាតិ ផ្សារដើមថ្កូវដែលបាត់ខ្លួនតាំងពីម៉ោង០៨ព្រឹក នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ មិនឃើញត្រឡប់មកផ្ទះវិញ បង្កឲ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភដល់ឪពុកម្តាយក្រុមគ្រួសារនោះ ឥឡូវត្រូវបានរកឃើញវិញហើយៗសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏កំពុងសាកសួរតាមនីតិវិធី ។
ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា តាមការសួរនាំជាបឋម គឺកូនរបស់ខ្លួនពេលធ្វើដំណើរតាមផ្លូវត្រូវបានពួកក្មេងស្ទាវមួយក្រុមជិះទោចក្រយានយន្តតាមជាប់រហូត ហើយនាងក៏បានទូរស័ព្ទមកកាន់ម្តាយថា "ម៉ាក់អើយជួយកូនផង" រួចទូរស័ព្ទនាងក៏អស់ថ្មទៅ ។ បន្ទាប់ពីទូរស័ព្ទប្រាប់អំពីដំណឹងក្រុមក្មេងស្ទាវតាមយ៉ាងប្រកិតនោះ នាងក៏បានចូលទៅពួនសំងំលាក់ខ្លួននៅក្នុងផ្សារមួយកន្លែងមិនហ៊ានចេញមកក្រៅឡើយ រហូតដល់ពេលសមត្ថកិច្ចស្វែងរកឃើញតែម្តង ។
ក្មេងស្រីជាសិស្សសាលាប៊ែលធី អន្តរជាតិ ដែលបាត់ខ្លួននោះមានឈ្មោះ កី សុខារីតា អាយុ១៣ឆ្នាំ មានម្តាយឈ្មោះ លន់ សុធារី អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៤៣ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
- Back to Home »
- ក្មេងស្រីសិស្សសាលាប៊ែលធី អន្តរជាតិ អាយុ១៣ឆ្នាំម្នាក់ដែលបាត់ខ្លួន បានរកឃើញវិញហើយ