ក្នុងអត្តបទមួយដែលបានចេញផ្សាយដោយសារពត៌មាន huffingtonpost និង smithsonian បាននិយាយថាលេខសូន្យ “០” ដែល មនុស្សទូទាំងពិភពលោកបានប្រើប្រាស់មកដល់សព្វថ្ងៃនេះ គឺបង្កើតដោយជនជាតិខ្មែរ។
ក្នុងអត្តបទបាននិយាយថា កាលពីឆ្នាំ ១៩៣០ មានអ្នកបុរាណវិទូជាច្រើន យល់ថាលេខសូន្យ “០” ត្រូវបានបង្កើត ដោយពួកអ៊ឺរ៉ុប ឬក៏ពួកអារ៉ាប់។ ក្នុងចំណោមអ្នកបុរាណវិទូទាំងនោះ លោក G. R. Kaye បានអះអាងថាលេខនេះ គឺរកឃើញនៅប្រទេសឥណ្ឌា ដោយមានចម្លាក់នៅប្រាសាទ Chatur-bujha នៃទីក្រុងបុរាណ Gwalior ក្នុងពាក់ កណ្តាលសតវត្សទី៩ ដែលដំណាលគ្នានឹងសម័យកាលដ៏ថ្កុំថ្កើនរបស់ប្រទេសអារ៉ាប់។ ហើយលោកបាន សន្និដ្ឋានថា លេខសូន្យអាចត្រូវបង្កើតដោយពួកអ៊ឺរ៉ុប ហើយបានយកទៅប្រើនៅប្រទេសឥណ្ឌាតាមពាណិជ្ជករអារ៉ាប់។
ប៉ុន្តែនៅឆ្នាំ ១៩៣១ អ្នកបុរាណវិទូបារាំងលោក Georges Cœdès បានបោះពុម្ពសៀវភៅ New Zeros and Old Khmer ដែលប្រឆាំងនឹងទ្រឹស្តីរបស់លោក G. R. Kaye។ ក្នុងសៀវភៅនោះលោកបានបង្ហាញថាលេខសូន្យត្រូវ បង្កើតឡើងនៅបូព៌ាប្រទេស (ហើយប្រហែលជាប្រទេសកម្ពុជា បើទោះជាគាត់និយាយសំដៅថាប្រទេសកម្ពុជា ជារដ្ឋ របស់ឥណ្ឌាក៏ដោយ)។ លោក Cœdès បានធ្វើសេចក្តីសំអាងទាំងស្រុងតាមភស្តុតាងដ៏គួរអោយភ្ញាក់ផ្អើល មួយ គឺជាសិលាចារិកមួយដែលបានរកឃើញកាលពីដើមសតវត្សទី២០ នៅប្រាសាទបាក់បែកមួយ ដែលសាងសង់ ក្នុង សតវត្សទី៧ នៅក្នុងតំបន់សំបួរ (Sambor) ដែលលោកបានដាក់ឈ្មោះថា K-127 ។ អក្សរដែលបានសរសេរលើ សិលាចារិកត្រូវបានលោក Cœdès យកទៅអោយអ្នកជំនាញខាងបកប្រែ(និរុត្តវិទូ) អោយជួយប្រែអត្តន័យតាមអក្សរ បុរាណរបស់ខ្មែរ។ ហើយខ្លឹមសារនៃសិលាចារិកនេះបានសរសេរថាៈ សម័យ Chaka ( អាចជាចេនឡា ) បានមក ដល់ឆ្នាំទី៦០៥ ក្នុងថ្ងៃទី៥ រោចន៍….។
លេខសូន្យក្នុងលេខ ៦០៥ គឺជាលេខសូន្យដំបូងគេបំផុតដែលត្រូវបានគេប្រទះឃើញ។ ហើយសម័យ Chaka លោក បានអះអាងថាកើតក្នុងឆ្នាំ៧៨ ក្រោយគ្រិស្តសករាជ ដែលស្មើនឹងឆ្នាំ ៦៨៣ ( ៦០៥ + ៧៨)។ ហើយលោក Cœdès ក៏បានបកស្រាយពីលេខសូន្យដែលលោក G. R. Kaye ថាកើតនៅអារ៉ាប់ថា បានត្រូវយកមកប្រើនៅប្រទេសអារ៉ាប់ ដោយពួកពាណិជ្ជករអារ៉ាប់ ហើយក្រោយមកត្រូវគេនិយមប្រើប្រាស់ដោយពួកអ៊ឺរ៉ុប នៅក្នុងឆ្នាំ ១២០២។
ដើម្បីបញ្ជាក់ថាអ្វីដែលបានអះអាងរបស់លោក Cœdès ពិតប្រាកដរឺយ៉ាងណានោះ លោក Amir Aczel ដែលជាអ្នក ស្រាវជ្រាវនៅមហាវិទ្យាល័យ Boston បានធ្វើដំណើរមកកម្ពុជាដើម្បីស្វែងរកការពិត។ ក្នុងនោះគោលដៅចម្បង របស់លោកគឺ សិលាចារិក K-127។
ក្រោយការចំណាយពេលជាច្រើនគ្មានពន្លឺអ្វីសោះ ទើបលោកស្វែងរកការជួយពីរាជរដ្ឋាភិបាល ហើយក្នុងនោះលោក បានការជួយគាំទ្រពីអគ្គនាយកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺឯកឧត្តម ទូច ហាប់ (Hab Touch) ទើបលោក Amir Aczel បានរកឃើញសិលាចរិកនេះក្នុងចំនោមសិលាចារិករាប់ពាន់ នៅមន្ទីរអភិរក្សតំបន់អង្គរ ក្នុងថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៣។ លោកនឹងប្រពន្ធរបស់លោកមានសេចក្តីរំភើបជាខ្លាំង ហើយប្រពន្ធលោក គឺ លោកស្រី Debra បានថតរូបជាច្រើនប៉ុស្តិពីសិលាចារិកនេះ ហើយក្នុងរូបភាពពិតជាមានលេខសូន្យចារិក ក្នុងនោះ ពិតមែន។ លេខសូន្យក្នុងសិលាចារិកនេះ មានសណ្ឋានដូចលេខ៩ ដែលស្រដៀងនឹងលេខ៦ខ្មែរបញ្រ្ចាសក្បាល។
លោក Amir Aczel បាននិយាយថាឯកឧត្តម ទូច ហាប់ ក៏បានសន្យានឹងលោកថា នឹងនាំយកសិលាចារិក K-127 ត្រឡប់មកសារមន្ទីរជាតិនៅភ្នំពេញវិញមកដែរ ដែលអាចអោយមនុស្សជាច្រើនបានឃើញវា។
- Back to Home »
- ល្បីពេញពិភពលោក៖ តើអ្នកដឹងទេជនជាតិខ្មែរជាអ្នកបង្កើតលេខសូន្យមុនដំបូងបំផុតក្នុងពិភពលោក?