សុខ សោម៉ាវត្តី ដែលជាតារាសម្តែងល្បីឈ្មោះមានស្វាមីជាអ្នកមាន និងក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល មើលសំបកក្រៅទៅធ្វើឲ្យមហាជនកោតសរសើរអំពីសំណាងរបស់នាង ដែលមានស្វាមីអ្នកមានទ្រព្យ និងបុណ្យស័ក្តិ អាចធ្វើឲ្យនាងមានសុភមង្គល ដេកសោយសុខ ស្រួលកាយសប្បាយចិត្តយ៉ាងខ្លាំងហើយមើលទៅ។
ប៉ុន្តែចាប់តាំងពីនាងរៀបការមក មានពេលតិចណាស់ដែលនាងនិយាយពីសំណាងរបស់នាង តែផ្ទុយទៅវិញបែរជាគេឃើញនាងនិយាយតែពីរឿងឈឺចាប់ស្នេហា ពិសេសនៅពេលចុងក្រោយនេះ នាងត្អូញត្អែរឥតឈប់ឈរ ប៉ុន្តែពុំហ៊ាននិយាយចំៗទេ ពុំដឹងថានាងរងសម្ពាធពីអ្វីមួយ ឬយ៉ាងណាឡើយ។
ពោលគឺគ្រប់ការឈឺចាប់របស់នាងតែងតែនិយាយប្រយោលៗ និងប្រៀបធៀបជីវិតនាងទៅជាមួយរបស់អ្វីម្យ៉ាង។ ដូចជាពីមុនៗ គេឃើញនាងបង្ហោះពាក្យមិនសូវចុះសម្រុងជាមួយស្វាមីថា រស់នៅបែកគ្នាមួយរយៈ ឬមួយឆ្នាំចាំពេលណាមួយ ជួបគ្នាក៏បាន។
ហើយថ្មីៗនេះបន្តពីសារ «ពេលខ្លះ ការកុហកខ្លួនឯង ក៏អាចធ្វើឲ្យយើងមានសេចក្តីសុខជាជាងទទួលយកការពិត»។ ពិធីការិនីកូនមួយកំពុងរួតរឹតដោយព័ត៌មានបែកបាក់ស្វាមីក៏បានបង្ហាញសារបរិយាយបង្កប់ន័យជ្រៅៗក្នុងជីវិតជាថ្មីទៀតថា «នារីជាច្រើនចង់បានបុរសដែលមានលុយឡាន ក្រុមហ៊ុន ហ៊ឺហា និងលុយចាយមិនអស់មកធ្វើជាស្វាមី តែបុរសទាំងនោះភាគច្រើនមានអាយុលើសពី៣៥ឆ្នាំព្រមទាំងមានភរិយា និងកូនហើយដែរ»។
អ្នកនាង សុខ សោម៉ាវត្តី ក៏បន្ថែមនូវសារប្រៀបធៀបការជ្រើសរើសជីវិតគូដើម្បីទទួលបានក្តីសុខស្រួលទៅថ្ងៃអនាគតថា «រកគូស្នេហ៍ដែលសក្តិសមម្នាក់ប្រៀបដូចជាការរកស្បែកជើងដែលត្រូវលេខ ស្បែកជើងមិនមែនត្រឹមតែឃើញម៉ូដស្អាតហើយពេញចិត្តតែម្យ៉ាងហើយយកមកពាក់នោះទេ គឺចាំបាច់ត្រូវតែរកស្បែកជើងដែលមានលេខត្រូវនឹងជើងទៀត នោះទើបអាចទទួលសេចក្តីសុខជាមួយនឹងអ្វីដែលបានជ្រើសរើសពិតប្រាកដ។ បើរកមិនទាន់បានគឺមានន័យថានៅតែដើរជើងទទេដូចមុន ព្រោះម្នាក់ៗច្បាស់ណាស់នឹងមិនសុខចិត្តពាក់ស្បែកជើងខុសលេខជើងនោះទេ»។
នាងបន្តថា៖ «ពេលដែលពាក់ហើយក្រៅតែពីចិត្តខ្លួនឯងគិតថា ខ្លួនស្អាតល្អឡូយ ជាមួយនឹងម៉ូដស្បែកជើងនោះហើយ គឺត្រូវនៅទ្រាំឈឺដោយសារតែស្បែកជើងស៊ីជើង ប្រឹងទ្រាំដើរទាំងឈឺ ដើរទៅឆ្ងាយដូចគេមិនបាន»។
ក្នុងនោះនាងក៏បានប្រៀបធៀបថា៖«មនុស្សយើងគ្រប់គ្នាកើតមកជើងទទេ ស្លាប់ទៅវិញក៏ជើងទទេ គ្មានហេតុផលអ្វីដែលត្រូវទ្រាំឈឺជាមួយស្បែកជើងដែលខុសលេខនោះទេ ដូចនេះយើងគ្រប់គ្នាសុទ្ធ តែអាចមានសេចក្តីសុខដោយខ្លួនឯងបាន ទោះមានគូ ឬគ្មានគូក្តី»។
មជ្ឈដ្ឋានជាច្រើនបាននាំគ្នាដាក់ការសង្ស័យថា «អ្វីដែលសុខសោម៉ាវត្តី លើកឡើងនេះអាចថាជាការបង្ហាញការខកចិត្តនៃជីវិតខ្លួននាងពិសេសជ្រើសរើសគូជីវិតខ្លួន ដែលរួមរឹតនូវវិបត្តិឈឺចាប់ និងមិនអាចដោះស្រាយបាន ឬរងសម្ពាធទៅមុខមិនរួច ថយក្រោយមិនបាន?៕