ខេត្ត​ក្រចេះ៖ ​សមត្ថកិច្ច​​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​​បង្ហាញ​មុខ​ជន​ដៃដល់ ​ជា​ឃាតក​ដ៏​សាហាវ​យង់​ឃ្នង​​ដែល​បាន​​កាប់​សម្លាប់​​កូន​ក្រមុំ​​របស់​ខ្លួន ក្នុង​ថ្ងៃ​រៀប​មង្គលការ ​នា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​។ ​

នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​និង​ស្រុក​ស្នួល ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​ សំណាក់​លោក​ឧត្ដមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ដឹក​នាំ​បញ្ជា​ដោយ​លោក​ចាន់ សុគីម អធិការ​នគរបាល​ស្រុក​ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​មាន​រយៈ​ពេល​ជាង​១០​ម៉ោង ​ក្រោយ​កើតហេតុ​ ទើប​បំបែក​សំណុំ​រឿង​ករណី​អំពើ​​ឃាតកម្ម​វាយ​សម្លាប់​កូន​ក្រមុំ ​នៅ​ថ្ងៃ​ចូល​រោង​ការ​ ក៏​​ឈាន​ឲ្យ​មាន​ការ​ចាប់​បាន​ឃាតក​​ជា​​ជន​​ដៃដល់​គឺ​ជា​កូន​កំលោះ​។

លំនៅឋាន​មួយ​ដែល​មាន​រៀប​ពិធី​មង្គល​ការ​ប្រព្រឹត្ត​ទៅ ​បាន​មួយ​ល្ងាច​នៃ​ថ្ងៃ​សូត្រ​មន្ត ក្រុង​ពាលី​ របស់​គ្រួសារ​កូន​ក្រមុំ​បាន​បន្លឺ​មេ​ក្រូ​យ៉ាង​ទ្រហឹង​អឺងកង​ ​នៅ​កណ្ដាល​ភូមិ ក្នុង​ភូមិ​មាក់​កណ្ដាល​ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បាន​ប្រែក្លាយ​ទៅ​ជា​ផ្ទះ​ធ្វើ​ពិធី​បុណ្យ​សព ចាក់​មេក្រូ​ស្មូត​ទៅ​វិញ​ បន្ទាប់​កូន​ក្រមុំ​ត្រូវ​បាន​​គេ​​លួច​វាយ​សម្លាប់​ស្លាប់​នៅ​កណ្តាល​វាល​ស្រែ​ខាង​ក្រោយ​ផ្ទះ ​នៅ​វេលា​ជិត​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី​២៦ ​ខែ​​កុម្ភៈ ​ឆ្នាំ​២០១៦ ​ជា​ថ្ងៃ​ចូល​រោងការ ដោយ​​ជន​​ដៃដល់​ជា​កូន​កម្លោះ​ឈ្មោះ ឡើត ឆើត ហៅ ​ផេះ អាយុ​២០​ឆ្នាំ។

អធិការ​នគរបាល​ស្រុក​ស្នួល លោក ​ចាន់ សុគីម បាន​ឲ្យ​ដឹង​ថា នារី​រងគ្រោះ​ជា​កូន​ក្រមុំ​ឈ្មោះ ម៉ុន ញឹប ហៅ ​ក្តឹប អាយុ​១៩​ឆ្នាំ ត្រូវ​ជន​ដៃដល់​ជា​កូន​កំលោះ​ប្រដាប់​ដោយ​ព្រនុង​ប្រវែង​កន្លះ​មែត្រ​និង​ពិល​ដែក វាយ​សម្លាប់​រឹត​ក​នឹង​ក្រម៉ា ខណៈ​ដែល​នារី​រងគ្រោះ​បាន​ដើរ​ទៅ​ងូត​ទឹក​នៅ​អូរ​ វេលា​ជិត​ពាក់​កណ្ដាល​យប់​ ​ក្រោយ​ពី​ពិធី​សូត្រ​មន្ត​ចូល​រោង​ចប់​ជាមួយ​និង​ជន​ដៃដល់​ជា​កូន​កំលោះ។

លោក​បន្ត​​ថា ផែន​ការ​របស់​ជន​សង្ស័យ​ក្រោយ ពី​​ការ​​វាយ​សម្លាប់​នារី​រងគ្រោះ​ឲ្យ​ស្លាប់​ហើយ​ និង​បំភ័ន្ត​រូបភាព​ថា ពួក​គេ​ត្រូវ​គេ​លួច​កាប់​សម្លាប់ ​តែ​ក្រោយ​ពី​ចុះ​តាម​ដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ នៅ​កន្លែង​កើតហេតុ នគរបាល​បាន​កំណត់​ថា ករណី​នេះ​គឺ​ផ្តើម​ចេញ​ដោយ​ជន​ដៃដល់​ជា​កូន​កំលោះ​​ ​​ក៏​ឈាន​ឲ្យ​មាន​ការ​ចាប់​ខ្លួន។

បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់​នេះ ​បាន​សារភាព​ថា​ គេ​ពិត​ជា​បាន​សម្លាប់​នារី​រងគ្រោះ​ជា​កូន​ក្រមុំ ដោយ​សារ​តែ​រូប​គេ​មិន​ស្រឡាញ់​ពេញ​ចិត្ត និង​ចោទ​ថា​កូន​ក្រមុំ​ជា​មនុស្ស​មាន​ប្រវត្តិ​មិន​ល្អ​​ ម្យ៉ាង​ទៀត​ឪពុកម្ដាយ​ខាង​កូន​ក្រមុំ​គំរាម​ថា​និង​ប្តឹង​ឲ្យ​មាន​សំណង បើ​រូប​គេ​ផ្តាច់​ពាក្យ​មិន​រៀបការ​។

ជន​នេះ​ឆ្លើយ​ទៀត​ថា កន្លង​មក​រូប​គេ​ចង់​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​តែ​មិន​ដាច់​ចិត្ត​ ដោយ​សារ​អាណិត​ឪពុកម្ដាយ​ដែល​ក្រីក្រ ​ទើប​រូប​គេ​បែក​គំនិត​ហ៊ាន​សម្លាប់​កូន​ក្រមុំ​ ​ដើម្បី​បំបិទ​មាត់​តែម្ដង​នៅ​ ពេល​ដែល​មាន​ឱកាស​។ នេះ​បើ​យោង​តាម​ប្រភព​​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ក្រចេះ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -