ខេត្តក្រចេះ ៖ កូនកម្លោះ កូនក្រមុំមួយគូរ ត្រូវបានឃាតកលបកាប់សម្លាប់ បណ្តាលឲ្យកូនក្រមុំស្លាប់ ចំណែកកូនកម្លោះរងរបួសធ្ងន់ ក្នុងថ្ងៃចូលរោងការរបស់ពួកគេ។ ករណីនេះ បានកើតឡើងនៅយប់ថ្ងៃទី២៦ កុម្ភៈ ចំណុចភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល។
បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ម៉ុន ស្រីញឹប ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាកូនក្រមុំ) , ទី២ឈ្មោះ ឡើក ឡើត ភេទប្រុស អាយុ ២១ឆ្នាំ (ត្រូវជាកូនកម្លោះ) មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា បានរងរបួសធ្ងន់ បញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្នួល។
បើតាមនគរបាល មុនពេលកើតហេតុ គឺជាថ្ងៃចូលរោងរៀបអាពាហ៍ពិពាហ៍របស់ជនរងគ្រោះទាំងពីរ លុះល្ងាចឡើងកម្មវិធីចូលរោងចប់សព្វគ្រប់ ទាំងពីរនាក់បានបណ្តើគ្នាទៅងូតទឹកនៅឯអណ្តូងឯវាលស្រែ រួចក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកាប់ជនរងគ្រោះទាំងពីរនាក់ខាងលើតែម្តង។
ចំពោះករណីនេះ បើតាមលោកវរសេនីយ៍ទោ ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕