ភ្នំពេញ: ពីដំណឹងអ្នកកំប្លែងនាង អីុត លែងលះស្វាមីគ្រូបង្រៀននៅស្រុកកំណើត ដែលកន្លងមកពុំដែលមានលេចឮពីការប្រចណ្ឌនាង អីុត ហើយមកដើរតាមឃ្វាលប្រពន្ធនៅគ្រប់ជំហានសិល្បៈនោះ ត្រូវបានមជ្ឈដ្ឋានជាច្រើន ចោទភ្លាមៗថា ទំនងមកពីនាង អីុត បែកគំនិតមានថ្មី រស់ឆ្ងាយប្តី ក្រោមភ្លើងពណ៌ ឈ្លក់ទឹកម៉ាស៊ីន ក៏ភ្លេចប្តីកម្សត់កាលគ្រាក្រក្រី។
ប៉ុន្តែតារាកំប្លែងស្រីរាសីឡើងសម្រស់ក៏កាន់តែផូរផង់អ្នកនាង អីុត បានចេញមុខសារភាពពីការលែងលះ និងបកស្រាយយ៉ាងច្បាស់ថា៖ «ការលែងលះគ្នា ដែលផ្តិតមេដៃបញ្ចប់សង្វាសជាប្តីប្រពន្ធ១៣ឆ្នាំមកនោះ ធ្វើឡើងត្រឹមភូមិឃុំ និងប្រគល់របស់ទ្រព្យឲ្យទៅគាត់ច្រើនណាស់ ដែលសល់តែកូនស្រីមួយហ្នឹងទេ»។
មុននេះពីសម្ដីសារភាពលែងលះស្វាមីជាគ្រូបង្រៀនរៀបការក្រាបក្បាលដល់កន្ទេលតាំងពី១៤ឆ្នាំមុន ប្រសូតកូនចិញ្ចឹមលុះធំវ័យ១៣ឆ្នាំ នាង អីុត សិល្បៈការិនីពហុជំនាញ ក្នុងក្រុមកំប្លែងនាយ ពែកមី និងជាប្អូនស្រីនាយ ក្រូច ក៏ស្រោចនូវព័ត៌មានបែបចំអកនិន្ទារូបនាងថា នាង អីុត ក៏ភ្លេចកំណើតបានឈ្លក់ទឹកម៉ាស៊ីន នឹងក្រដាសប្រាក់ដុល្លារ ក៏រកលេសទម្លាក់កំហុសប្តីថាមានស្រីដើរយប់មិនចូលផ្ទះ ផ្តើមជម្លោះលែងលះ និងបានឱកាសនាងទៅតោងស្រវាទ្រនំថ្មី ធ្វើជាហង្ស»។
ជាមួយនោះក៏មានក្រុមអ្នកអេចអូចនាំគ្នាបង្ហើរឡើងថា៖ «ពីអ្នកភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាស្រុកកំណើតនាង អីុត គេនាំគ្នានិយាយថា អីុត បានល្បី មានដុល្លារកាន់ពេញដៃនៅភ្នំពេញ ក៏ភ្លេចប្តីនៅស្រុកមើលថែកូនមែន ដែលអ្នកណាក៏ដឹង ប្តីនាងនេះមិនដែលចេះប្រចណ្ឌ ប្រពន្ធសូម្បីដើរតាមមួយជំហាន»។
យ៉ាងណាមិញ ផ្ទុយពីពាក្យចំអកចំអន់ហើររសាត់តាមខ្យល់ខាងលើនេះ ក្នុងជំនួបផ្ទាល់ល្ងាចថ្ងៃទី៩ មីនា ចូលរួមសម្ពោធរឿង «បេះដូងកូពី» របស់ផលិតកម្មភី សុគន្ធី នៅផ្សាស៊ីធីម៉ល ជាមួយសម្ដីប្រតិកម្មធ្ងន់ៗពីរឿងគេថា នាងលែងប្តីជាកំហុសនាង ភ្លេចប្តីគ្រាកម្សត់នោះ តារាកំប្លែងនាង អីុត បានបញ្ជាក់ច្បាស់ៗថា៖ «ខ្ញុំអះអាង មិនមែនផ្តើមពីខ្ញុំទេ ដែលឈានដល់ការលែងលះនេះ ជាកំហុសគាត់(ប្តីខ្ញុំ) ដែលគាត់មិនបានធ្វើតាមការអង្វរណែនាំពីខ្ញុំ គាត់នៅដើរផឹក បាត់យប់មិនចូលផ្ទះ»។
ជាមួយនឹងការពោលឡើងថា «គ្មានស្រ្តីណា ចង់លែងប្តីឲ្យកូន កំព្រាឪពុក គ្មានស្រ្តីណា ចង់ឲ្យកូនហៅបុរសផ្សេងជាឪពុកដែរ» នោះ តារាកំប្លែងនាង អីុត ក៏បានរៀបរាប់លើកពីកំហុសប្តីរបស់នាងថា៖ «មិនមែនតែម្តងទេ ដែលគាត់ដើរស្រវឹង ដើរមិនចូលផ្ទះយប់ព្រលប់។ ខ្ញុំបានហាមគាត់ថា ប្រាក់ លុយរកបានពីគេជួលតន្ត្រី ចាយម៉េចចាយទៅ ខ្ញុំមិនយកទេ តែសូមឲ្យតែចូលផ្ទះមើលថែកូន និងមើលការងារផ្ទះសំបែងផង ឪពុកម្តាយខ្ញុំផង តែគាត់មិនធ្វើតាម មានតែធ្វើរឹតតែខ្លាំងឡើង»។
តារាកំប្លែងដែលសម្ផស្សកាន់តែកើន ជាមួយប្រជាប្រិយភាពក៏កាន់តែស្ទុះឡើង កាក់កបទាំងការងារសម្តែងភាពយន្តទៀតនោះ នាង អីុត បានបញ្ជាក់ថា៖ «ការលែងលះគ្នានេះ នៅរយៈពេល២ខែហ្នឹងទេ ត្រឹមភូមិឃុំ »។
នាងបន្ថែមថា៖ «លែងលះនេះ ខ្ញុំបានឲ្យឡានទៅគាត់២គ្រឿង សម្ភារតន្ត្រីនោះទាំងអស់ និងរបស់របរនៅក្នុងខ្លួនគាត់ ចិញ្ចៀន ខ្សែ ក ដែលខ្ញុំយកតែកូនស្រីមួយវ័យ១៣ឆ្នាំ ហ្នឹងទេ»៕