អំពើឃាតកម្មបង្កឡើងដោយគូរដណ្ដឹងភាគីកូនកំលោះអាចកើតភ្លើងប្រច័ណ្ឌឈានដល់ការប្រើកាំបិតចាក់សម្លាប់ទាំងកំរោលទៅលើគូរដណ្ដឹងរបស់ខ្លួនផ្ទួនៗជាង១០កាំបិតក្រោយមកចាក់សម្លាប់ខ្លួនឯងរហូតដល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។


ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២:៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ថិននៅចំណុចផ្ទះជួលបន្ទប់លេខ៥ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ងន គឹមឡៃ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ-ឃុំដំបូលខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត រងនូវស្នាមកាំបិតចាក់ពីជនដៃដល់ជាគូរដណ្ដឹងរបស់ខ្លួនចំនួន១២កាំបិត របួសធ្ងន់ ត្រូវបានសាច់ញាតិ និងអ្នកជិតខាងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ដោយឡែកជនបង្កមានឈ្មោះ រ័ត្ន វណ្ណៈ អាយុ២១ឆ្នាំ ត្រូវជាគូរដណ្ដឹង មុខរបរជាកសិករនិងមានស្រុកកំណើតជាមួយនារីរងគ្រោះ ។ ជនបង្កបានចាក់ខ្លួនឯងចំនួន៣កាំបិតហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។

សាក្សីពីអ្នកជិតខាងបានឲ្យដឹងថា អ្នកទាំង២ជាគូរដណ្ដឹងនិងគ្នា បានភ្ញាប់ពាក្យតាមប្រពៃណីអស់រយៈពេល២ឆ្នាំមកហើយ។

ខាងស្រីមកធ្វើការរោងចក្រចំណែកខាងប្រុសធ្វើស្រែ ក្រោយមកអ្នកទាំង២បានមកជួបគ្នា និងដេកជាមួយគ្នា ប៉ុន្តែនៅយប់ថ្ងៃកើតហេតុភាគីខាងប្រុសបានទៅផឹកស៊ីជាមួយនិងមិត្តភក្តិដែលមានចម្ងាយជិត៥០០ម៉ែត្រពីបន្ទប់ជួលរបស់នារីរងគ្រោះ។ លុះយប់អាធ្រាត្រត្រឡប់មកបន្ទប់ជួលវិញ មិនដឹងជា ឆេះកំហឹងដោយសារការប្រច័ណ្ឌ ឬប៉ះពាល់ពាក្យសម្ដីបែបណាទេ? ស្របស្រវឹងនិងគិតខ្លីផងនោះក៏សម្រេចចិត្តយកកាំបិតចាក់ទៅលើគូរដណ្ដឹងចំនួន១២កាំបិត ដួលសន្លប់ស្ដូកស្ដឹងនៅក្នុងថ្លុកឈាម ។
ជនបង្កយល់ឃើញថា គូរដណ្ដឹងរបស់ខ្លួនបានស្លាប់ទើបសម្រេចចិត្តចាក់ខ្លួនឯងសម្លាប់ខ្លួនចំនួន៣កាំបិត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -