ខេត្តបាត់ដំបង ៖ បន្ទាប់ពីតុលាការសម្រេចដោះលែងក្រុមអ្នកបែកថ្នាំ «គ្រវី» ប្រុស-ស្រីចំនួន១៦នាក់ កូនអ្នកមានទ្រព្យនិងអំណាចពុលថ្នាំញៀនក្នុងក្លិប ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងក្លិបខារ៉ាអូខេកាលពីប៉ុន្មាន ថ្ងៃកន្លងទៅនេះ ហាក់កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន រហូតមានការលេចឮនូវពាក្យចចាមអារ៉ាមនានាថា តុលាការបានដោះលែងទាំងអ្នកប្រើប្រាស់ថ្នាំញៀន ដោះលែងទាំងមេខ្លោងផង ដែលពួកគេធ្វើសកម្មភាពរួមគ្នានៅក្នុងបន្ទប់ខារ៉ាអូខេ ពេលសមត្ថកិច្ចចូលទៅបង្ក្រាប រីឯវត្ថុតាងដែលរឹបអូសបាន ក៏មិនប្រក្រតីដែរ ។ ទីបំផុត បិទក្លិបខារ៉ាអូខេ «ប៉ាស៊ីហ្វិកណៃធ៏ថេសធ៏»
បើតាមប្រភពគួរឱ្យទុកចិត្តបាន បង្ហើបថា ក្នុងចំណោមក្រុមអ្នកញៀនថ្នាំទាំង១៦នាក់ ដែលមាននារី៤នាក់ផងនោះ គឺ៣នាក់ជាមេខ្លោងចែកចាយថ្នាំញៀនននោះ មិនមែនពួកគេសុទ្ធតែជាអ្នកប្រើប្រាសទាំងអស់នោះទេ ។ ពួកគេជុំគ្នានៅក្នុងបន្ទប់ខារ៉ាអូខេនៅពេលយប់ថ្ងៃ កើតហេតុនោះ ។
ប្រភពដដែលប្រាប់ថា មេខ្លោងចែកចាយថ្នាំញៀននេះ ១-ឈ្មោះដៀប ហេង ហៅឆិ ភេទប្រុស អាយុ២៨ឆ្នាំ ជាកូនថៅកែសណ្ឋារគារមួយនៅម្ដុំខាងជើងឈៀងខាងកើតផ្សារបឹងឈូក ២-ឈ្មោះហាក់ ហួត ភេទប្រុស អាយុ២៣ឆ្នាំ ជាកូនថៅកែស្តង់លក់-ទិញម៉ូតូនៅជាប់ផ្លូវជាតិលេខ៥ ខាងជើងផ្សារបឹងឈូក និងទី៣-សុំមិនបញ្ចេញឈ្មោះ តែត្រូវគេដឹងថា ជាមន្ត្រីនគរបាលម្នាក់ ។ ជនទាំង៣នាក់ជាម្ចាស់ថ្នាំគ្រវី ឬថ្នាំប្រភេទម្សៅ «កេតាមីនK» ដែលសមត្ថកិច្ចរឹបអូសបានពេលចុះបង្ក្រាប ។ ដោយថ្នាំ«គ្រវី» លក់នៅក្នុងបន្ទប់ខារ៉ាអូខេ១គ្រាប់តម្លៃ២៥ដុល្លារ រីឯថ្នាំ «កេតាមីនK» ថ្លៃពី១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយកញ្ចប់តូច។
សូមបញ្ជាក់ថា កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលដឹកនាំដោយលោកឧត្តសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ និងលោកព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត បានចុះបង្ក្រាបក្រុមអ្នកប្រើប្រាស និងចែកចាយថ្នាំគ្រវីនៅក្នុងក្លិបខារ៉ាអូខេយីហោ «ប៉ាស៊ីហ្វិកណៃធ៏ថែសធ៏» ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី១៣ មីនា ។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង ខណៈដែលក្រុមញៀនថ្នាំប្រុស-ស្រីទាំងនោះ កំពុងប្រព្រិត្តជាក់ស្ដែង នៅក្នុងបន្ទប់ខារ៉ាអូខេចំនួន២ក្បែរគ្នា គឺបន្ទប់៨៨៨៨ និងបន្ទប់៩៩៩៩ ។ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកលេងថ្នាំគ្រវីនេះ បានចំនួន១៦នាក់ ក្នុងនោះមាននារី៤នាក់ ថែមទាំងរឹបអូសបានថ្នាំគ្រវី និងថ្នាំប្រភេទម្សៅ «កេតាមីនK» រួមទាំងសម្ភារៈប្រើប្រាសមួយចំនួនផង ។
ក្រោយពីបញ្ជូនពួកគេ ទៅកាន់ស្នងការបានមួយយប់ នៅព្រឹកថ្ងៃទី១៤ មីនា មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការពិនិត្យទឹកនោមក្រុមអ្នកបែកថ្នាំប្រុស-ស្រីទាំងនោះ ដើម្បីរកសារធាតុញៀន ។ សមត្ថកិច្ចអះអាងដំបូងថា ក្នុងចំណោមពួកគេទាំង១៦នាក់ គឺមាន១៣នាក់ មានសារធាតុញៀន ក្នុងនោះមាននារី៤នាក់ ដូច្នេះមានតែ៣នាក់ទេ ដែលគ្មានសារធាតុញៀន។ ប៉ុន្តែក្រោយមកស្រាប់តែព័ត៌មានថ្មី ពីមន្ត្រីជំនាញបានបញ្ជាក់ថា មិនមែន៣នាក់ទេ គឺមានចំនួន៥នាក់ ដែលគ្មានសារធាតុញៀន ហើយជនទាំង៥នាក់នោះ ត្រូវបានដោះលែងជាបន្តបន្ទាប់ហើយ ។
ជុំវិញករណីនេះ គឺហាក់បង្ហាញពីភាពមិនប្រក្រតីតាំងពីមន្ត្រីជំនាញចាប់ផ្ដើម ធ្វើតេស្ដទឹកនោមពួកគេម្ល៉េះ ។ ម្ដងថា ៣នាក់គ្មានសារធាតុញៀន លុះក្រោមមកបែរជាប្រាប់ថា មាន៥នាក់ ទៅវិញដែលគ្មានសារធាតុញៀន ។ សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ក្រុមអ្នកញៀនថ្នាំប្រុសស្រីទាំង១៦នាក់នោះ សុទ្ធសឹងជាកូនចៅអ្នកមានទ្រព្យស្ដុកស្ដម្ភ និងកូនចៅអ្នកមានអំណាចនៅក្នុងខេត្ត (កូនមន្ត្រីយោធា) ។
សមត្ថកិច្ច បញ្ជាក់ថា មានអ្នកអន្តរាគមន៍ខ្វាត់ខ្វែងខ្លាំងសម្បើមណាស់ក្នុងរឿងនេះ ។ មានទាំងអ្នកអន្តរាគមន៍តាមទូរស័ព្ទ មានទាំងអ្នកមកអន្តរាគម៍ផ្ទាល់ ស្ទើរផ្អើលពេញស្នងការផង ។ ដូច្នេះហើយ ទើបរបាយការណ៍ធ្វើតេស្ដទឹកនោម មានការប្រែប្រួលលឿនដូចខ្យល់ព្យុះបែបនេះ ដែលអាចនិយាយបានថា ប្រែប្រួលទៅតាមតម្រូវការអ្នកអន្តរាគមន៍។
ជនទាំង៥នាក់ ដែលសមត្ថកិច្ចអះអាងថា គ្មានសារធាតុញៀនក្នុងទឹកនោម ត្រូវបានដោះលែងជាបន្តបន្ទាប់ ត្រឹមស្នងការខេត្ត រីឯជន១១នាក់ ដែលមាននារីវ័យក្មេង៤នាក់ផង ត្រូវគេបញ្ជូនតុលាការ ព្រោះក្រុមនេះមានផ្ទុកសារធាតុញៀន តែក្រោយមកត្រូវតុលាការដោះលែងវិញដដែល ។ ដោយសម្អាងថា ពួកគេគ្រាន់តែជាអ្នកប្រើប្រាស់តែប៉ុណ្ណោះ ។ បើតាមប្រភពក្រៅផ្លូវការបានបង្ហើបថា ក្រុមញៀនថ្នាំគ្រវីទាំងនោះ គឺបានចំណាយប្រាក់តាមលំដាប់លំដោយ តិចឬច្រើនទៅតាមលទ្ធភាពមានឬក្រ ប៉ុន្តែមិនក្រោមខ្ទង់ពាន់ទេ ជាថ្នូរនឹងការដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ។
កោះសន្តិភាព មិនអាចស្វែងរកប្រភពពីតុលាការ ដើម្បីបំភ្លឺជុំវិញការដោះលែងក្រុមកូនអ្នកមានទ្រព្យ និងមានអំណាចដែលញៀនថ្នាំក្រវីក្នុងក្លិបខារ៉ាអូខេទាំង១៦នាក់នេះ បានទេ កាលពីរសៀលថ្ងៃទី២០ មីនា នេះ ។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីមួយរូប ដែលសុំមិនប្រាប់ឈ្មោះបានប្រាប់ថា តុលាការដោះលែងជនប្រុសស្រីញៀនថ្នាំទាំង១១នាក់ ដែលបានបញ្ជូនដល់តុលាការនោះ គឺធ្វើឡើងដោយយោងទៅលើសំណុំរឿងរបស់សមត្ថកិច្ចតែប៉ុណ្ណោះ ។
ប្រភពដដែលបញ្ជាក់ថា ក្នុងសំណុំរឿងរបស់សមត្ថកិច្ច ហាក់មិនបានចោទប្រកាន់ ឬដាក់បន្ទុកទៅលើជនណាម្នាក់ថា ជាម្ចាស់ថ្នាំ ឬ ជាអ្នកចែកចាយថ្នាំគ្រវីនោះឡើយ គឺពួកគេសុទ្ធតែជាអ្នកប្រើប្រាសទាំងអស់ ។ ដូច្នេះហើយ ទើបសមត្ថកិច្ច និងតុលាការចាត់ទុកក្រុមបែកថ្នាំនេះ គឺជា «ជនរងគ្រោះ» ដោយសារថ្នាំញៀន ទើបធ្វើការដោះលែងវិញទៅ តែរឿងអស់លុយអស់កាត់ប្រហែលអាចមានចំណាយខ្លះហើយ។
ទោះជា បែបណា សំណុំរឿងនេះ ហាក់កំពុងរងការរិះគន់ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានា ដោយសារតែវាជាប់ពាក់ព័ន្ធនិងកូនចៅអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចនៅក្នុងខេត្ត ដែលគេស្គាល់អាណាព្យាបាលច្បាស់ដូចថ្ងៃ ។ ម្យ៉ាងវិញទៀត ក្នុងចំណោមសមាសសភាពជនប្រព្រឹត្តទាំង១៦នាក់នោះ សមត្ថកិច្ចអាចដឹងច្បាស់អំពីអ្នកប្រើប្រាស់ និងអ្នកចែកចាយ។ ព្រោះមុនពេលបង្ក្រាប សមត្ថកិច្ចបានតាមដានពីសកម្មភាពពួកគេគ្រប់ជំហាន រឿងអីសមត្ថកិច្ចមិនដឹង ? ដូច្នេះហើយ ទើបមានការសង្ស័យទៅលើការដោះលែងក្រុមអ្នកញៀនថ្នាំទាំងនោះថា អាចមានភាពមិនប្រក្រតីទាំងការចងក្រងសំណុំរឿង ទាំងការធ្វើតេស្ដទឹកនោម។
មតិនានាបានលើកឡើងថា បើការការដោះលែងនោះ ជាថ្នូនឹងការបង់ប្រាក់រាប់ពាន់ដុល្លារមែន គឺអាចនិយាយបានថា ពួកគេរងគ្រោះដោយសារថ្នាំញៀនហើយ ថែមទាំងរងគ្រោះដោយសារត្រូវគេគៀបយកប្រាក់ទៀត។ ប៉ុន្តែក្នុងសំណុំរឿងនេះ បើតាមប្រពភព័ត៌មានចុងក្រោយបានឲ្យដឹងថា ជន៣នាក់ក្នុងចំណោម១៦នាក់ ដែលគេសង្ស័យថា ជាមេខ្លោងចែកចាយថ្នាំញៀនក្នុងបន្ទប់ខារ៉ាអូខេ ប៉ាស៊ីហ្វិកណៃធ៏ថែសធ៏នោះ ពេលនេះទំនងបានគេចទៅសំងំលាក់ខ្លួនអស់ហើយ ដោយខ្លាចតុលាការសើរើសំណុំរឿងនេះឡើងវិញ។
ព្រោះសំណុំរឿងនេះ កំពុងឆេះងំក្នុងអារម្មណ៍មហាជននៅឡើយទេ ហើយក៏ជាប្រធានបទដ៏សំខាន់ ដែលនាំគ្នាជជែកបែកពពុះមាត់នៅតាមតុកាហ្វេនៅឡើយដែរ ៕
- Back to Home »
- ប្រធានបទក្តៅនៅតុកាហ្វេ! ជុំវិញការដោះលែងកូនអ្នកមានញៀនថ្នាំក្នុងក្លិប