ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​​តុលាការ​សម្រេច​ដោះ​លែង​​ក្រុម​​អ្នក​បែក​​ថ្នាំ ​«គ្រវី​​» ប្រុស​-​ស្រី​ចំនួន​១៦​​នាក់  កូន​អ្នកមាន​ទ្រព្យ​និង​អំណាច​ពុល​ថ្នាំ​ញៀន​ក្នុង​ក្លិប ដែល​សមត្ថកិច្ច​​បង្ក្រាប​​បាន​ក្នុង​​ក្លិប​​ខារ៉ា​អូ​ខេ​កាលពី​ប៉ុន្មាន​ ថ្ងៃ​កន្លង​​ទៅ​នេះ ហាក់​កំពុង​រង​ការ​រិះគន់​​យ៉ាង​ខ្លាំង​ពី​​សំណាក់​មហាជន រហូត​មាន​ការ​លេចឮ​នូវ​ពា​ក្យ​ច​ចាម​អា​រ៉ា​ម​​នានា​​ថា តុលាការ​បាន​​ដោះ​លែង​ទាំង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន ដោះ​លែង​​ទាំង​មេខ្លោង​​ផង ​ដែលពួក​គេ​​ធ្វើ​សកម្មភាព​រួម​គ្នា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ ពេល​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប រីឯ​វត្ថុ​តាង​ដែល​រឹបអូស​បាន​ ក៏​មិន​ប្រក្រតី​ដែរ​ ។ ​ទីបំ​ផុត ​បិទ​ក្លិប​ខារ៉ាអូខេ​ «​ប៉ា​ស៊ី​ហ្វិ​ក​ណៃ​ធ៏​ថេ​ស​ធ៏​» ​

បើ​តាម​ប្រភព​​​គួរ​ឱ្យ​​ទុក​ចិត្ត​បាន​​ បង្ហើប​​ថា ក្នុង​ចំណោម​ក្រុម​អ្នក​ញៀន​​ថ្នាំ​​ទាំង​១៦​នាក់ ដែល​​មាន​នារី​​៤​នាក់​​ផងនោះ គឺ​​៣​នាក់​ជា​មេ​ខ្លោង​​ចែក​ចាយ​ថ្នាំញៀនន​​នោះ មិនមែន​ពួក​គេ​​សុទ្ធតែ​ជា​អ្នក​ប្រើប្រាស​ទាំងអស់​នោះ​​ទេ ​។ ពួក​គេ​​​​​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​​នៅ​ពេល​យ​​ប់​ថ្ងៃ​​ កើតហេតុ​នោះ ។

ប្រភព​ដដែល​​ប្រាប់​ថា មេខ្លោង​ចែកចាយ​ថ្នាំ​ញៀន​នេះ ១-​ឈ្មោះ​ដៀប ហេង ហៅ​ឆិ ភេទប្រុស​ អាយុ​​២៨​​ឆ្នាំ ជា​កូន​ថៅកែ​សណ្ឋា​រគា​រ​មួយ​​នៅ​ម្ដុំ​ខាងជើង​​ឈៀង​ខាងកើត​ផ្សា​​របឹង​ឈូក  ២-​ឈ្មោះ​ហាក់ ហួត ភេទប្រុស ​អាយុ​២៣​ឆ្នាំ ជា​​កូន​ថៅកែ​ស្តង់​​លក់​-​ទិញ​ម៉ូតូ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ខាងជើង​ផ្សា​របឹង​ឈូក និង​ទី​៣-​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​ត្រូវ​គេ​ដឹង​ថា ជា​មន្ត្រី​នគរបាល​ម្នាក់​ ។ ជន​ទាំង​៣​នាក់​ជា​​ម្ចាស់​ថ្នាំ​គ្រវី ​ឬ​ថ្នាំ​ប្រភេទ​ម្សៅ ​«​កេ​តា​មីន​K» ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពេល​ចុះ​បង្ក្រាប ​។ ដោយ​ថ្នាំ​«គ្រ​​វី​» ​លក់​នៅ​ក្នុង​បន្ទប់​ខារ៉ា​អូខេ​១​គ្រាប់​តម្លៃ​​២៥​ដុល្លារ  រីឯ​ថ្នាំ​ «​កេ​តា​មីន​K» ថ្លៃ​ពី​១៥​ដុល្លា​រ ទៅ​២០​ដុល្លារ ​ក្នុង​មួយ​កញ្ចប់​តូច​។

សូម​​បញ្ជាក់​ថា កម្លាំង​អន្តរា​គម​ន៍​​ពិសេស​របស់​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ត ដែល​ដឹកនាំ​​ដោយ​លោក​ឧត្ត​សេនីយ​ត្រី ជេ​ត វណ្ណ​នី ស្នង​ការ​រង​ខេត្ត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ក្រុម​អ្នក​ប្រើប្រាស ​និង​ចែកចាយ​ថ្នាំ​គ្រវី​នៅ​​ក្នុង​ក្លិប​ខារ៉ាអូខេ​​យីហោ ​«​ប៉ា​ស៊ី​ហ្វិ​ក​ណៃ​ធ៏​ថែ​ស​ធ៏​» ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កាលពី​​វេលា​ម៉ោង​០៩ និង២០​នាទី​យប់​ថ្ងៃ​ទី​១៣ មីនា ​។

កិច្ច​ប្រតិបត្តិការ​នេះ ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ក្រុម​ញៀន​ថ្នាំ​ប្រុស​-​ស្រី​ទាំងនោះ​ កំពុង​ប្រ​ព្រិ​ត្ត​ជាក់ស្ដែង នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ចំនួន​២​ក្បែរ​គ្នា គឺ​បន្ទប់​៨៨៨៨ ​និង​បន្ទប់​៩៩៩៩​ ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​អ្នក​លេង​ថ្នាំ​គ្រវី​​នេះ​ បាន​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​នារី​៤​នាក់ ថែម​ទាំង​រឹបអូស​បាន​ថ្នាំ​គ្រវី និង​ថ្នាំ​ប្រភេទ​ម្សៅ​ «​កេ​តា​មីន​K» រួម​ទាំង​សម្ភារៈ​ប្រើប្រាស​មួយ​ចំនួន​ផង ​។

ក្រោយ​ពី​បញ្ជូន​​ពួក​គេ ​ទៅ​កាន់​ស្នងការ​បាន​​មួយ​យប់ នៅ​ព្រឹក​ថ្ងៃ​ទី១៤ មី​នា មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​ធ្វើការ​ពិនិត្យ​ទឹកនោម​ក្រុម​អ្នក​បែក​ថ្នាំ​ប្រុស​-ស្រី​ទាំងនោះ ដើម្បី​រក​សារធាតុ​ញៀន​ ។ សមត្ថកិច្ច​​​អះអាង​ដំបូង​ថា ក្នុង​ចំណោម​ពួក​គេ​ទាំង​១៦​នាក់ គឺ​មាន​១៣​នាក់ ​មាន​សារធាតុ​ញៀន ក្នុង​នោះ​មាន​នារី៤​នាក់​ ដូច្នេះ​មាន​​តែ​៣​នាក់​ទេ​ ដែល​គ្មាន​សារធាតុ​ញៀន​។ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​​ព័​ត៌​មាន​ថ្មី ​ពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា មិនមែន​៣​នាក់​ទេ គឺ​មាន​ចំនួន​៥​នាក់​ ដែល​គ្មាន​សារធាតុ​ញៀន ហើយ​ជន​ទាំង​៥​នាក់​នោះ​ ត្រូវ​បាន​ដោះ​លែង​ជា​បន្តបន្ទាប់​ហើយ​ ។

ជុំវិញ​ករណី​នេះ គឺ​ហាក់​បង្ហាញ​ពី​ភាព​មិន​​ប្រក្រតី​តាំងពី​មន្ត្រី​ជំនាញ​ចាប់ផ្ដើម​ ធ្វើតេស្ដ​ទឹកនោម​ពួក​គេ​ម្ល៉េះ ។ ម្ដង​ថា ៣​នាក់​គ្មាន​សារ​ធាតុ​​ញៀន លុះ​ក្រោម​មក​បែរ​ជា​ប្រាប់​ថា មាន​៥​នាក់​ ទៅ​វិញ​​ដែល​គ្មាន​សារធាតុ​ញៀន​ ។ សមត្ថកិច្ច​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​អ្នក​ញៀន​ថ្នាំ​ប្រុស​ស្រី​ទាំង​១៦​នាក់​នោះ សុទ្ធ​សឹង​​ជា​កូនចៅ​អ្នកមាន​​ទ្រព្យ​ស្ដុក​ស្ដម្ភ និង​កូនចៅ​អ្នកមាន​អំណាច​នៅ​ក្នុង​ខេត្ត ​(​កូន​មន្ត្រី​យោធា​)​ ។

សមត្ថកិច្ច ​បញ្ជាក់​ថា មាន​អ្នក​អន្តរា​គម​ន៍​​ខ្វាត់ខ្វែង​ខ្លាំង​​សម្បើម​ណាស់​ក្នុង​រឿង​នេះ​ ។ មាន​ទាំង​អ្នក​អន្តរា​គម​ន៍​​តាម​ទូរស័ព្ទ មាន​ទាំង​អ្នក​​មក​​អន្តរា​គម៍​​ផ្ទាល់ ស្ទើរ​ផ្អើល​ពេញ​​ស្នងការ​ផង ​។ ដូច្នេះ​ហើយ​ ទើប​របាយ​ការ​ណ៍​​ធ្វើតេស្ដ​ទឹកនោម​ មានការ​ប្រែ​ប្រួ​ល​លឿន​ដូច​ខ្យល់ព្យុះ​បែប​នេះ  ដែល​អាច​និយាយ​បាន​ថា ប្រែ​ប្រួល​ទៅ​តាម​តម្រូវការ​អ្នក​អន្តរា​គម​ន៍​​។

ជន​ទាំង​៥​នាក់​ ដែល​សមត្ថកិច្ច​អះអាង​​ថា គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ត្រូវ​បាន​ដោះ​លែង​ជា​បន្តបន្ទាប់​ ត្រឹម​​ស្នងការ​ខេត្ត  រីឯ​ជន​១១​នាក់ ​ដែល​មាន​នារី​វ័យក្មេង​៤​នាក់​​ផង  ត្រូវ​គេ​បញ្ជូន​តុលាការ ព្រោះ​ក្រុម​នេះ​មាន​ផ្ទុក​សារធាតុ​ញៀន តែ​ក្រោយមក​ត្រូវ​តុលាការ​ដោះ​លែងវិញ​ដដែល ។ ដោយ​សម្អាង​​ថា ពួក​គេ​គ្រាន់តែ​ជា​អ្នក​ប្រើប្រាស់តែ​ប៉ុណ្ណោះ​ ។  បើ​តាម​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ថា ក្រុម​ញៀន​ថ្នាំ​គ្រវី​​ទាំងនោះ គឺ​បាន​ចំណាយ​ប្រាក់​តាម​លំដាប់លំដោយ តិច​ឬ​ច្រើន​ទៅ​តាម​លទ្ធភាព​មាន​ឬ​ក្រ  ប៉ុន្តែ​មិន​ក្រោម​ខ្ទង់ពាន់​​ទេ  ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

កោះសន្តិភាព​ មិន​អាច​ស្វែងរក​ប្រភព​ពី​តុលាការ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ដោះ​លែង​​ក្រុម​កូន​អ្នកមាន​​ទ្រព្យ និង​មាន​អំណាចដែល​ញៀន​ថ្នាំ​ក្រ​វី​ក្នុង​ក្លិប​ខារ៉ាអូខេ​ទាំង​១៦​នាក់​នេះ ​​បាន​ទេ កាលពី​រសៀល​ថ្ងៃ​ទី​២០​ មី​នា ​នេះ​ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​មួយ​រូប​ ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ប្រាប់​ថា តុលាការ​ដោះ​លែង​ជន​ប្រុស​ស្រី​ញៀន​ថ្នាំ​ទាំង​១១​នាក់ ​ដែល​បាន​បញ្ជូន​ដល់​តុលាការ​នោះ គឺ​ធ្វើ​ឡើង​ដោយ​យោង​​ទៅ​លើ​សំណុំរឿង​របស់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ​ ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​សំណុំរឿង​របស់​សមត្ថកិច្ច ហាក់​មិន​បាន​ចោទប្រកាន់ ឬ​ដាក់បន្ទុក​ទៅ​លើ​ជន​ណា​ម្នាក់​ថា ជា​ម្ចាស់​ថ្នាំ ឬ ជា​អ្នក​ចែកចាយ​ថ្នាំ​គ្រវី​​នោះ​ឡើយ គឺ​ពួក​គេ​សុទ្ធតែ​ជា​អ្នក​ប្រើប្រាស​ទាំងអស់​ ។  ដូច្នេះ​ហើយ​ ទើប​សមត្ថកិច្ច និង​តុលាការ​ចាត់​ទុក​ក្រុម​បែក​ថ្នាំ​នេះ ​គឺជា​ «​ជន​រង​គ្រោះ​» ​ដោយសារ​ថ្នាំ​ញៀន ទើប​ធ្វើការ​ដោះ​លែង​វិញ​ទៅ តែ​រឿង​អស់​លុយ​អស់​កាត់​ប្រហែល​អាច​មាន​ចំណាយ​​ខ្លះ​ហើយ​។

ទោះជា​ បែប​ណា​ សំណុំរឿង​នេះ ហាក់​កំពុង​រង​ការ​រិះគន់ និង​មានការ​ចាប់​អារ​ម្ម​ណ៍​​យ៉ាង​ខ្លាំង​ពីមជ្ឈ​ដ្ឋាន​​នានា ដោយសារ​តែ​វា​ជាប់​ពាក់ព័ន្ធ​និង​កូនចៅ​អ្នកមាន​ទ្រព្យសម្បត្តិ និង​អ្នកមាន​អំណាច​នៅ​ក្នុង​ខេត្ត ដែល​គេ​ស្គាល់​​អា​ណាព្យាបាល​ច្បាស់​​ដូច​ថ្ងៃ​ ។ ម្យ៉ាង​វិញ​ទៀត ​ក្នុង​ចំណោម​សមាស​សភាព​ជន​ប្រ​ព្រឹត្ត​ទាំង​១៦​នាក់​នោះ សមត្ថកិច្ច​អាច​ដឹង​ច្បាស់​អំពី​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​។ ព្រោះ​មុន​ពេល​បង្ក្រាប ​សមត្ថកិច្ច​បាន​តាមដាន​ពី​សកម្មភាព​ពួក​គេ​គ្រប់​ជំ​ហាន​ រឿង​អី​សមត្ថកិច្ច​មិនដឹង ? ដូច្នេះ​ហើយ​ ទើប​មានការ​សង្ស័យ​​ទៅ​លើ​ការ​ដោះ​លែង​ក្រុម​អ្នក​ញៀន​ថ្នាំ​ទាំងនោះ​​ថា  អាច​មាន​ភាព​មិន​ប្រក្រតី​ទាំង​ការ​ចងក្រង​សំណុំរឿង ទាំង​ការ​ធ្វើតេស្ដ​ទឹក​នោម​។

មតិ​នានា​បាន​លើក​ឡើង​ថា បើ​ការ​ការ​ដោះ​លែង​នោះ​ ជា​ថ្នូ​នឹង​ការ​បង់ប្រាក់​រាប់​ពាន់​ដុល្លា​រមែន គឺ​អាច​និយាយ​បាន​ថា ពួក​គេ​រង​គ្រោះ​ដោយសារ​ថ្នាំ​ញៀន​ហើយ  ថែម​ទាំង​រង​គ្រោះ​ដោយសារ​ត្រូវ​គេ​គៀប​​យក​ប្រាក់​ទៀត​។ ប៉ុន្តែ​ក្នុង​សំណុំរឿង​នេះ បើ​តាម​ប្រ​ព​ភ​ព័​ត៌​​មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា  ជន​៣​នាក់​ក្នុង​ចំណោម​១៦​នាក់ ដែល​គេ​សង្ស័យ​ថា ជា​មេខ្លោង​ចែកចាយ​ថ្នាំ​ញៀន​ក្នុង​បន្ទប់​ខារ៉ាអូខេ ប៉ា​ស៊ី​ហ្វិ​ក​ណៃ​ធ៏​ថែ​ស​ធ៏​នោះ ពេល​នេះ​ទំនង​បាន​គេច​ទៅ​សំងំ​លាក់ខ្លួន​អស់ហើយ  ដោយ​ខ្លាច​តុលាការ​​សើរើ​សំណុំរឿង​នេះ​ឡើង​វិញ​។

ព្រោះ​សំណុំរឿង​នេះ​ កំពុង​ឆេះ​ងំ​ក្នុង​អារ​ម្ម​ណ៍​​មហាជន​នៅឡើយ​ទេ  ហើយ​ក៏​ជា​ប្រធានបទ​ដ៏​សំខាន់  ដែល​នាំ​គ្នា​ជជែក​បែកពពុះមាត់​នៅ​​តាម​តុ​កាហ្វេ​នៅឡើយ​ដែរ​ ៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -