ខេត្តស្ទឹងត្រែង​ ៖​ បុរស​ម្នាក់​បាន​រង​របួស​រលាក​ពេញ​ខ្លួន​ ដោយសារ​ប្រពន្ធ​បាន​យក​ទឹក​ក្តៅ​ដែល​កំពុង​ដាំ​ពុះ​ ទៅ​ចាក់​ស្រោច​ពីលើ​ ខណៈ​ដែល​រូប​គាត់​កំពុង​ដេក​យោលអង្រឹង​។​​ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​ទាល់​ ឃុំ​អន្លង់​ភេ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​។​ជន​រង​គ្រោះ​ឈ្មោះ​ សោម​ សិទ្ធិ​ អាយុ​៣៣​ឆ្នាំ​ ចំណែក​ប្រពន្ធ​ឈ្មោះ​ ស្រី​មុំ​ អាយុ​៣២​ឆ្នាំ​ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ រឿងហេតុ​ពី​ដំបូង​កាលពី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦​ ប្រពន្ធ​បាន​ប្រើ​ប្តី​ ឱ្យទៅ​មើល​ដីចម្ការ​។​ ក្រោយ​ពី​បាត់​ដំណឹង​ប្តី​ អស់​ជាង​កន្លះ​ថ្ងៃ​ មិនឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ ប្រពន្ធ​ឆ្ងល់​ក៏​ទូរស័ព្ទ​ តែ​មិន​អាច​ទាក់ទង​បាន​។​ដោយ​មិន​អស់ចិត្ត​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ ប្រពន្ធ​ឈ្មោះ​ ស្រី​មុំ​ បាន​ទូរស័ព្ទ​ទៅ​កាន់​ឱ​ពុក​ក្មេក​។​ ពេល​នោះ​ឪពុក​បាន​ប្រាប់​ថា​ “​ប្តី​ឯង​កំពុង​ផឹកស៊ី​ជាមួយ​អ្នក​ភូមិ​មិន​ទាន់​ទៅ​ផ្ទះ​វិញ​ទេ​។​”​ ក្រោយមក​ ក៏​ទូរស័ព្ទ​ទៅ​ប្តី​ជា​ច្រើន​ដង​ទៀត​តែ​ប្តី​មិន​ព្រម​ទទួល​ទូរស័ព្ទ​ឆ្លើយ​តប​សោះ​ ទើប​ធ្វើ​ឱ្យ​ប្រពន្ធ​ខឹង​ក្នុង​ចិត្តជា​ខ្លាំង​។​ប្រភព​ដដែល​បន្ដ​ថា​ លុះ​ពេល​ប្តី​មក​ដល់​ផ្ទះ​វិញ​ នៅ​ពេល​រំលង​អធ្រាត្រ​ស្ត្រី​ជា​ប្រពន្ធ​ក៏​សួរ​ប្តី​ថា​ “​ឯង​ទៅ​ណា​បាត់​មួយ​ថ្ងៃ​ ទូរស័ព្ទ​ក៏​មិន​លើក​ យប់​ថ្មើ​នេះ​ហើយ​ទើប​មក​ផ្ទះ​វិញ​ (​វេលា​ម៉ោង​៣​ទាប​ភ្លឺ​)”​។​ ភ្លាមៗ​នោះ​ ប្តី​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ប្រពន្ធ​វិញ​ទេ​។​

ប្រភព​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ មុន​ពេល​ប្តី​មក​ដល់​ផ្ទះ​ប្រពន្ធ​បាន​ដាំទឹក​ក្តៅ​ឱ្យ​ពុះ​រង់ចាំ​ប្តី​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ចាក់​ស្រោច​លើ​ប្តី​។​ បន្ទាប់​ពី​ប្រពន្ធ​សួរ​ប្តី​មិន​ឆ្លើយ​តប​។​លុះ​ក្រោយមក​មួយសន្ទុះ​ ប្តី​កំពុង​ស្រវឹង​ផង​ចាប់ផ្តើម​សួរ​ទៅ​ប្រពន្ធ​វិញ​ថា​ “​អូន​ដាំទឹក​ធ្វើ​អី​?”​ ប្រពន្ធ​បាន​ឆ្លើយ​តប​វិញ​ភ្លាម​ថា​ “​ដាំទឹក​ទុក​ចាក់​អា​ឆ្កែ​ដើរ​មិន​ចូល​ផ្ទះ​”​។​ ពេល​ប្រពន្ធ​ឆ្លើយ​បែប​នេះ​ ប្តី​មិន​បាន​ចាប់អារម្មណ៍​ឡើយ​ក៏​ដើរទៅ​ដេក​ក្នុង​អង្រឹង​។​ ពេល​ប្តី​កំពុង​ដេក​នៅ​ក្នុង​អង្រឹង​ប្រពន្ធ​ក៏​យក​ទឹក​ក្តៅ​ទៅ​ចាក់​ស្រោច​ពីលើ​ប្តី​តែ​ម្តង​ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​។​ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​សាច់ញាតិ​បាន​បញ្ជូន​ជន​រង​គ្រោះ​បន្ត​ទៅ​ សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ​។​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​កាន់​ សាលាដំបូង​ខេត្តស្ទឹងត្រែង​។​​សមត្ថកិច្ច​បាន​បញ្ជាក់​នៅ​ ថ្ងៃ​ទី​២០​ខែមីនា​ថា​បុរស​ជា​ប្តី​កំពុង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​ ឯ​ស្ដ្រី​ជា​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ​។​ រឿង​នេះ​ ទុក​ឱ្យ​ខាង​តុលាការ​ជា​អ្នក​សម្រេច​ទៅ​ចុះ​។​ ករណី​នេះ​ អាច​បណ្តាល​មក​ពី​ប្រពន្ធ​ប្រចណ្ឌ​ប្តី​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -