ព្រះសីហនុ ៖ យុវជនដែលជាជាងឌីហ្សាញម៉ូដម៉ូតូ ត្រូវបានប៉ូលិសអធិការដ្ឋាននគរបាល ក្រុង ធ្វើការចាប់ខ្លួនភ្លាមៗ ខណៈជនសង្ស័យរូបនោះ ត្រូវស្ត្រីរងគ្រោះជាជនបរទេសម្នាក់ប្តឹង ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ (យកម្រាមដៃរុកប្រដាប់ប្រភេទ)។
ហេតុការណ៍ចាប់ខ្លួននេះ បានធ្វើឡើង នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅត្រង់ចំណុច តាមបណ្ដោយឆ្នេរអូរត្រេះ ស្ថិតក្នុងក្រុមលេខ២ ភូមិលេខ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ គា ហេង អាយុ២២ឆ្នាំ មុខរបរ ឌីហ្សាញ ម៉ូដម៉ូតូ មានទីលំនៅក្រុមទី១៦ ភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ រីឯជនរងគ្រោះមានឈ្មោះ FROMENT MARJORIE ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ទេសចរណ៍ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ ១២CH២០៧៣៧ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២។
នៅចំពោះមុខសមត្ថកិច្ច ជនជាប់សង្ស័យខាងលើបានឆ្លើយសារភាពថា នៅយប់កើតហេតុនោះ ខ្លួនបានដើរលេងតាមឆ្នេរសមុទ្រ ក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះអង្គុយលេងតែម្នាក់ឯង នៅឆ្នេរសមុទ្រ តំបន់អូរត្រេះ។ ពេលនោះខ្លួនក៏បានទៅនិយាយលេងពីនេះពីនោះ ជាមួយនឹងស្ត្រីរងគ្រោះ ក្រោយមកខ្លួនគិតថា ស្ត្រីរងគ្រោះហាក់បីដូចជាមានអារម្មណ៍ជាមួយខ្លួន ក៏បានទៅជិតស្ត្រីរងគ្រោះ រួចស្ទាបអង្អែល។ បន្ទាប់មកក៏យកដៃទៅស្ទាបប្រដាប់ភេទ ក្នុងគោលបំណង ឲ្យស្ត្រីរងគ្រោះមានអារម្មណ៍ ប៉ុន្តែក្រោយពីខ្លួនបានលូកស្ទាបបានបន្តិច ក៏ស្រាប់តែស្ត្រីរងគ្រោះ ស្រែកឆោឡោឡើងផ្អើលគេផ្អើលឯងពេញទីនោះ ហើយខ្លួនក៏ត្រូវសមត្ថកិច្ចប៉ូលិសធ្វើការចាប់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ក្រោយពីប៉ូលិសធ្វើការសាកសួររួច ក៏បានកសាងសំណុំរឿង និង បានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះហើយ ដើម្បីចាត់ការនីតិវិធីច្បាប់៕
- Back to Home »
- អ្នកឌីហ្សាញម៉ូដម៉ូតូម្នាក់ ត្រូវស្ត្រីជនបរទេស ប្តឹងពីបទយកម្រាមដៃរុកប្រដាប់ភេទ