ព្យុះព័ត៌មានដែលល្បីនិយាយពីតារាចម្រៀង ខេមរៈ ស្រីពៅ មានជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរកាលពីកន្លងមក នៅពេលនេះហាក់ស្ងប់ស្ងាត់បន្តិចហើយបន្ទាប់ពីមានការចេញមុខបកស្រាយជាបន្តបន្ទាប់ពីសំណាក់បងប្រុសទាំងពីររបស់នាង ហើយសារចុងក្រោយលោក ខេមរៈ សិរីមន្ត ក៏ទទួលស្គាល់ដែរថា ខេមរៈ ស្រីពៅមានជំងឺមែន តែជាប្រភេទជំងឺក្រពះ និង បំពង់-ក ។ ដោយឡែកសម្រាប់ពេលថ្មីៗនេះទៀត ស្រាប់តែមានលេចឮល្បីមកទៀតហើយទាក់ទងនឹងការបាត់ខ្លួនរបស់តារាចម្រៀងរូបនេះ ដោយមានគេខ្សឹបខ្សៀវគ្នាថា ខេមរៈ ស្រីពៅ មានសម្ព័នស្នេហាលាក់មុខ ច្រើនជាងឈឺក្រពះ និង បំពង់-ក ។ តើព័ត៌មានបែកធ្លាយនេះជាការពិតឬទេ?
រហូតមកដល់ពេលនេះ ខេមរៈ ស្រីពៅ កំពុងសម្រាកព្យាបាលឯប្រទេសថៃនៅឡើយ ហើយថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានឱ្យដឹងថា គ្រូពេទ្យបានឱ្យប្អូនស្រីលោកចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែមិនទាន់វិលត្រឡប់មកពីស្រុកវិញទេ ដោយហេតុលោកចង់ឱ្យ ស្រីពៅ នៅតាមដានសុខភាពមួយរយៈទៀត ដើម្បីឱ្យជំងឺរបស់នាងឆាប់ជាសះស្បើយ ដោយនាងបានសំងំរស់នៅក្នុងខុនដូមួយកន្លែងនៅទីនោះ ។
ស្របពេលដែលតារាចម្រៀង ខេមរៈ ស្រីពៅ កំពុងសម្រាកតាមដានព្យាបាលជំងឺនៅប្រទេសថៃតាមការអះអាងរបស់លោក ខេមរៈ សិរីមន្ត នោះ ថ្មីៗនេះ ពោលគឺនៅកំលុងខែមីនានេះ មានលេចឮនូវព័ត៌មានខ្សឹបខ្សៀវពីចង្កោមអ្នកសិល្បៈក្នុងពិធីជប់លៀងមួយថា ការសំងំលាក់ខ្លួនពួនអាត្មារបស់ ខេមរៈ ស្រីពៅ ទំនងប្រហែលមកពីរឿងស្នេហាលាក់មុខ ច្រើនជាងរោគផងក៏មិនដឹង ។
បើតាមសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា មានពីពិធីការិនីម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ថា តារាចម្រៀង ខេមរៈ ស្រីពៅ មានដៃគូស្នេហាដ៏កំបាំងមុខ និង មានឥទ្ធិពលម្នាក់ ដែលគេចង់ឱ្យនាងសម្រាកពីសិល្បៈមួយរយៈ ដើម្បីរឹតចំណងស្នេហ៍ ។ រីឯអ្នកសិល្បៈមួយចំនួនទៀតបានទម្លាក់ការសង្ស័យថា ការឃ្លាតឆ្ងាយពីពិភពសិល្បៈរបស់តារាចម្រៀងរូបនេះគឺមានលំនាំស្រដៀងនឹងបាត់ខ្លួនរបស់តារាចម្រៀងរួមទ្រនំ សុខ ពិសី កាលពី ២ ឬ ៣ ឆ្នាំមុនដែរ ។
ទាក់ទងនឹងព័ត៌មានអាស្រូវលេចឮខ្សឹបខ្សៀវរឿង ខេមរៈ ស្រីពៅ មានស្នេហាច្រើនជាងមានរោគានេះដែរ លោក ខេមរៈ ភិរុណ និង លោក ខេមរៈ សិរីមន្ត បានច្រានចោល ដោយនិយាយថា ព័ត៌មានលេចឮនេះជាព័ត៌មានដែលមានចេតនាចង់បង្ករឿងបង្ខូចកេរ្តិ៍ឈ្មោះប្អូនស្រីលោក ហើយលោកក៏នៅតែអះអាងដដែលថា ខេមរៈ ស្រីពៅ ឃ្លាតឆ្ងាញពីឆាកសិល្បៈដោយសារជំងឺ ហើយឆាប់ៗនេះនាងនឹងវិលត្រឡប់មកទឹកដីកំណើតវិញ ប៉ុន្តែនៅពេលនេះនាងកំពុងសម្រាកលម្ហែកាយនៅប្រទេសថៃនៅឡើយ រីឯការវិលត្រឡប់មកជាន់ឆាកសិល្បៈនៅពេលណា លោកមិនទាន់ប្រាកដទេ ។
ទោះបីត្រឹមជាព័ត៌មានខ្សឹបខ្សៀវក៏ដោយ សម្រាប់មតិរបស់មហាជននៅតែទទូចសុំឱ្យមានការបកស្រាយចេញពីមាត់ផ្ទាល់របស់ ខេមរៈ ស្រីពៅ ច្រើនជាងបងប្រុស ព្រោះពួកគេនៅតែមិនទាន់អស់ចិត្តនៅឡើយទាក់ទងនឹងព្យុះព័ត៌មានបោកបក់លើនាងកន្លងមក ហើយសម្រាប់រឿងនេះទៀតសោតក៏រឹតតែត្រូវឱ្យនាងចេញមុខមកបំភ្លឺដែរ ចៀសវាងការបង្កូចកេរ្តិ៍ឈ្មោះនាងដោយគ្មានការពិតដូច្នេះ ។
យ៉ាងណាមហាជនក៏នៅតែមានក្តីព្រួយបារម្ភចំពោះស្ថានភាពជំងឺរបស់នាងដដែល ហើយក៏សង្ឃឹម និង ជូនពរ តារាចម្រៀង ខេមរៈ ស្រីពៅ ឱ្យឆាប់ជាពីរោគា និង ឆាប់បានវិលត្រឡប់មកអុកឡុកពិភពសិល្បៈចម្រៀងសាជាថ្មី ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តដែលគាំទ្រនាងបន្តទៀតផងដែរ ៕
- Back to Home »
- បែកធ្លាយមូលហេតុថ្មីនៃការបាត់មុខ ខេមរៈ ស្រីពៅ ពីលើបញ្ហាជំងឺឈឺក្រពះ និង បំពង់-ក?