កណ្ដាល ៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាលកាលពីព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ បានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ស្រុកស្អាងខេត្តកណ្ដាលធ្វើការឃាត់ខ្លួនប្រធានសន្តិសុខរោងចក្រម៉េងយ៉ាន់ ២រូប ជនជាតិចិន១រូប ខ្មែរ១រូប ពាក់ព័ន្ធនឹងបទល្មើសចាប់រំលោភកូនចៅខ្លួនឯង (សន្តិសុខដូចគ្នា) បន្ទាប់ពីបានបើកការស៊ើបអង្កេតមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ហេតុការណ៍បទល្មើសចាប់រំលោភសេពសន្ថវៈនេះកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦កាលពីវេលាម៉ោង១៣នៅក្នុងរោងចក្រ ម៉េងតុង ម៉េងយ៉ាន់ ហៅរោងចក្រដើមខ្វិត ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះមាន ឈ្មោះ ព ល ដ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ សន្តិសុខ BPD។ ចំណែកជនល្មើស ០២នាក់ ត្រូវឃាត់ខ្លួន ទី១-ឈ្មោះ សៀ ស៊ាវស៊ាន Xieshao Xuan ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរប្រធានសន្តិសុខរោងចក្រ ម៉េងយ៉ាន់។ ទី២-ឈ្មោះ យូ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានសន្តិសុខរោងចក្រម៉េងយ៉ាន់ មានទីលំនៅបច្ចុប្បន្ន ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញលោកអធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៣ ឈ្មោះ យូ សុភ័ក្រ បានមកហៅជនរងគ្រោះដោយប្រាប់ថា ចិន ឈ្មោះ សៀ ស៊ាវស៊ាន ហៅឲ្យទៅជួប ពេលនោះអ្នកទាំងពីរក៏ទៅជួប ឈ្មោះ សៀ ស៊ាវស៊ាន ក្នុងការិយាល័យ ដោយជនរងគ្រោះមិនចេះនិយាយភាសាចិន ត្រូវ ឈ្មោះ យូ សុភ័ក្រ ជាអ្នកបកប្រែឲ្យ ដោយប្រាប់ជនរងគ្រោះថា ចិនស្រលាញ់ ហើយសុំដេកជាមួយ មួយយប់ តែជនរងគ្រោះមិនព្រម រួចក៏បបួលទៅដើរលេងនៅក្លិបវិញ តែជនរងគ្រោះនៅតែមិនព្រម ឈ្មោះ យូ សុភ័ក្រ ក៏និយាយទៅកាន់ជនរងគ្រោះទៀតថា គេធំ បើយើងធ្វើប្រពន្ធគេ យើងធំជាងគេ រួច ឈ្មោះ យូ សុភ័ក្រ ក៏ចាប់ថើបជនរងគ្រោះ ហើយដើរចេញក្រៅការិយាល័យឆ្លៀតពេលនោះ ឈ្មោះ សៀ ស៊ាវស៊ាន បានអូសដៃជនរងគ្រោះចូលក្នុងបន្ទប់របស់ខ្លួន ចាប់ច្របាច់.ក រួចផ្ដួលទៅលើគ្រែ ហើយធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្ដង។ រំលោភរួច ឈ្មោះ សៀ ស៊ាវស៊ាន បានគំរាមដោយធ្វើកាយវិការរបៀបអារ.ក ហើយបានធ្វើសកម្មភាពអសីលធម៌ទៅលើនាងរយៈពេលម៉ោង៤ ទើបឲ្យចេញទៅវិញ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីជំនាញបានបើកការស៊ើបអង្កេតយកចម្លើយជនរងគ្រោះ និងការសាកសួរជនសង្ស័យទាំងពីរចប់សព្វគ្រប់ហើយនោះ ក៏បានរាយការណ៍ជូនលោកស្នងការ និងស្នងការរង។ ហើយនៅវេលាម៉ោង១៧និង២៥នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានបញ្ជាឲ្យឃាត់ខ្លួន ឈ្មោះ យូ សុភ័ក្រ រីឯ ឈ្មោះ សៀ ស៊ាវស៊ាន ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង២០និង៤០នាទី ដើម្បីប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី៕