វ៉ាន់ នីឡា បានបែកគ្នាជាមួយគូស្នេហ៍របស់ខ្លួនហើយ កាលពីពេលថ្មីៗនេះ ហើយក៏គ្មានថ្ងៃ ដែលនាងវិលត្រឡប់ទៅជានាគ្នាវិញដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបន្ទាប់ពីបែកគ្នាមក វ៉ាន់ នីឡា មិនមានអារម្មណ៍នៅជាប់និងខ្លួនសោះ ជាក់ស្តែងកាលពីសបា្តហ៍មុននេះ វ៉ាន់ នីឡា ស្ទើរតែភ្លេចថា នាងត្រូវចូលរួមកម្មវិធីប្រគំតន្ត្រីមួយ ធ្វើឲ្យអ្នករៀបចំកម្មវិធីទូរស័ព្ទខ្វាត់ខ្វែងទៅរកនាង ។ វ៉ាន់ នីឡា ថែមទាំងទទួលស្គាល់ថា ខ្លួនពិតជាភ្លេចភ្លាំងមែន ។
ពេលដែលរំឮកដល់រឿងបែកបាក់គ្នា វ៉ាន់ នីឡា ស្ទើរតែទប់ទឹកភ្នែកមិនបាន នាងព្យាយាមមិនចង់ឲ្យគេដឹងថា នាងឈឺចាប់ និង បង្ហូរទឹកភ្នែកនៅពេលដែលរំឭកដល់រឿងនេះទេ ប៉ុន្តែទីបំផុតនាងនៅតែបង្ហូរទឹកភ្នែកបង្ហាញនូវអារម្មណ៍ឈឹចាប់នៅក្នុងខ្លួនចេញមក ។ ពេលជួបសម្ភាសជាមួយ វ៉ាន់ នីឡា កាលពីប៉ុន្មានថ្ងៃមុននេះ មើលទៅនាង ពិតជាមិនដូចកាលពីមុនឡើយ កាលពីមុននាងជានារីម្នាក់ ដែលធ្លាប់តែលេងសើចសប្បាយ តែឥឡូវប្រែទៅជាស្រគត់ស្រគំ ថែមទាំងបានស្រក់ទឹកភ្នែកនៅពេលនិយាយដល់រឿងស្នេហា ។
វ៉ាន់ នីឡា បញ្ជាក់ប្រាប់ថា ចំណងស្នេហ៍របស់នាងដើរដល់ផ្លូវបំបែកហើយ ហើយក៏គ្មានថ្ងៃដូចដើមដែរ នាងគ្មានពាក្យអ្វីក្រៅពីនិយាយថា កាត់ចិត្តបំភ្លេចនោះទេ ។ តែអ្វីដែលនាងសោកស្តាយបំផុតនោះគឺពេលវេលា និង ពាក្យសន្យា ។ វ៉ាន់ នីឡា ពិតជាមានអារម្មណ៍មិនល្អទេ សូម្បីតែពេលវេលាដែលនាងត្រូវសម្តែងក៏ភ្លេចភ្លាំងដែរ ជាក់ស្តែងកាលពីសប្តាហ៍មុន នាងត្រូវចូលរួមកម្មវិធីប្រគំតន្ត្រីនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន ប៉ុន្តែបែរជាមិនឃើញវត្តមានរបស់នាង ធ្វើឲ្យអ្នករៀបចំកម្មវិធីព្រួយបារម្ភជាខ្លាំង ។
ប៉ុន្តែ វ៉ាន់ នីឡា មិនបានធ្វើឲ្យកម្មវិធីប្រគំតន្ត្រីនោះអាក់ខានទេ នាងឡើងសម្តែង និង ច្រៀងទៅតាមគម្រោង គ្រាន់តែមានការយឺតយ៉ាវបន្តិចប៉ុណ្ណោះ ។ ថ្វីដ្បិតតែខូចចិត្តនិងរឿងស្នេហា តែនៅលើឆាក វ៉ាន់ នីឡា នៅតែសម្តែង និង ច្រៀងបានយ៉ាងល្អ នាងថែមទាំងនិយាយថា «ខ្ញុំទទួលស្គាល់ថា ខ្ញុំជាមនុស្សស្រីដែលទន់ជ្រាយ តែអ្វីដែលសំខាន់នោះគឺខ្ញុំត្រូវងើបឈរ និង រឹងមាំងហ៊ានប្រឈមមុខ ខ្ញុំមិនបណ្តោយខ្លួនឲ្យទោទន់ទៅតាមអារម្មណ៍នោះទេ ខ្ញុំនៅតែទទួលការងារសម្តែងជាបន្តបន្ទាប់ ទោះបីជាពេលនេះខ្ញុំខូចចិត្តរឿងស្នេហាក្តី ។ ខ្ញុំមានអារម្មណ៍ថាភ្លេចភ្លាំងអស់ហើយ ។
ក្រោយពីជួបស្នេហ៍បែកបាក់ វ៉ាន់ នីឡា មិនចង់រំឭកច្រើនអំពីរឿងរ៉ាវដែលនាងបែកបាក់នោះទេ នាងគ្រាន់តែនិយាយយ៉ាងខ្លីថា រឿងនោះចប់ហើយ ឲ្យវាចប់ទៅ នេះមកពីបញ្ហារស់នៅមិនចុះសម្រុងគ្នា ។ កន្លងមកនាង តែងតែសង្ឃឹមថា ចំណងស្នេហ៍របស់នាងអាចនឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ ពីព្រោះចាស់ទុំទាំងសងខាងសុទ្ធតែបានដឹងលឹពីរឿងរ៉ាវស្នេហារបស់នាង តែផ្ទុយស្រឡះ ព្រោះស្នេហានាងបានបញ្ចប់ត្រឹមនេះ ដោយគ្មានថ្ងៃវិលដូចដើម ។ ចាប់តាំងពីបែកបាក់ស្នេហាមក វ៉ាន់ នីឡា បានផ្លាស់ប្តូរឈ្មោះនៅក្នុងគណនេយ្យហ្វេសបុករបស់ខ្លួន ពី សុខ វ៉ាន់នីសា មក សុខ ចិន្តា វិញ ៕
- Back to Home »
- តារាចម្រៀង វ៉ាន់ នីឡា ស្រក់ទឹកភ្នែក និង ភ្លេចភ្លាំងក្រោយពីបែកបាក់ស្នេហ៍