ខេត្តបាត់ដំបង ៖ ទីតាំងខារ៉ាអូខេ​មួយ​កន្លែងមានយីហោ «​ប៉ាស៊ីហ្វិក ណាយ ថិស» ត្រូវបានកម្លាំង​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំផ្ទាល់​ដោយ​​លោកឧត្តមសេនីយត្រី ជេត វណ្ណី ស្នងការរងនគរបាលខេត្តបាត់ដំបង ចុះទៅធ្វើការ​បង្ក្រាប​ និង​សម្រេចបិទទ្វារ​ជាបណ្តោះ​អាសន្ន បន្ទាប់​ពី​មានបញ្ជា​ និង​​ស៊ើបដឹងថា គឺជាកន្លែង​ជួល​សម្រាប់​​ឱ្យ​​ក្រុម​យុវជន​ប្រុស-ស្រី​ ចូលទៅ​​ប្រើប្រាស់​គ្រឿងញៀនគ្រប់​ប្រភេទ ។

ហេតុការណ៍ចុះ​បង្ក្រាប​ធ្វើ​ឡើង​នៅវេលាម៉ោង​០៩ និង​២០នាទីយប់ថ្ងៃទី​១៣ មីនា ២០១៦ ស្ថិត​នៅ​ក្នុងបន្ទប់​ចំនួន២ ក្នុង​ហាង​ខារ៉ា​អូខេ​​ខាង​លើ​​ ស្ថិត​ក្នុង​​​ភូមិ​កម្ម​ករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​​ ដោយ​កម្លាំង​ឃាត់​បាន​​មនុស្ស​ប្រុស-ស្រី​​​​ចំនួន​១៦​នាក់ផងដែរ រួម​ទាំង​វត្ថុតាង​ថ្នាំ​ញៀន​​ជា​ច្រើន​ទៀត ។

គួរបញ្ជាក់ថា ​ខារ៉ាអូខេ​ខាង​លើ គឺបម្រើ​សេវា​ដូច​ជា ប្រសិនបើ​មាន​ក្រុម​យុវជន​ចូល​មក​ គឺពួកគេ​បានជួល​បន្ទប់ផ្តាច់​មុខ​​ ដោយ​​មិន​អនុញ្ញាត​​ឱ្យ​អ្នកណា​ម្នាក់​​ចេញ-​ចូល​ក្នុង​បន្ទប់​នោះ​​ទេ គឺ​ចាក់​សោ​តែម្តង​សម្រាប់​ងាយស្រួល​ ពួក​គេ​ប្រើប្រាស់​គ្រឿងញៀន ។ ​

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -