រយៈពេលជាច្រើនឆ្នាំក្នុងពិភពសិល្បៈ ស្រីស្អាត រ៉ូ ចាន់តារា ហាក់មិនសូវមានកេរ្តិ៍ឈ្មោះបោះ សម្លេងដូចមិត្តភក្តិរួមអាជីពនោះឡើយ ។ បើទោះបីជាគេសង្កេតឃើញនាងមានរូបសម្រស់ស្រស់ស្អាតក៏ដោយ ។ ក្រៅពីជាតារាបង្ហាញម៉ូដ ស្រីស្អាតធ្មេញច្រពើសម្នាក់នេះ ក៏បានចូលរួមសម្តែងរឿងផងដែរ ។ តែយ៉ាងណានាង បានប្រាប់ថា នាងមិនទទួលសម្តែងរឿង ដែលមានឈុតឆាកស្នេហាបឺតមាត់បែបព្រឺព្រួចនោះឡើយ ។
តារាម៉ូដែលរូបរាង ខ្ពស់ស្រលះ រ៉ូ ចាន់តារា បានអោយដឹងថា រាល់ថ្ងៃនាងមានការងាររវល់ច្រើន ទាំងការសម្តែងចម្រៀងខារ៉ាអូខេនិងដើរម៉ូដនៅក្នុងកម្មវិធីផ្សេងៗ។ជាមួយគ្នានោះក៏មានគេទាក់ទងនាងទៅដើរម៉ូដនៅក្រៅប្រទេសផងដែរ ។ តែនាងច្រានចោល ដោយអះអាងថា មិនសូវពូកែភាសាអង់គ្លេស ។ អ្វីដែលចាប់អារម្មណ៏នោះ នៅពេលមានកម្មវិធីផ្សព្វផ្សាយផលិតផលគ្រឿងសំអាងធំៗគេតែងតែឃើញវត្តមាន រ៉ូ ចាន់តារា ជានិច្ច ។
ហាក់ខុសពីមិត្តរួមអាជីពដទៃទៀត បើគិតមកដល់ពេលនេះ រ៉ូ ចាន់តារា បានហក់ចូលក្នុងពិភព សិល្បៈ មិនតិចជាង ១០ ឆ្នាំនោះទេ ។ តែនាង ទើបតែមានឪកាសបានសម្តែងរឿងប្រមាណជាបីរឿងប៉ុណ្ណោះ។ក្នុងនោះមានពីររឿងមិនទាន់បានចាក់បញ្ចាំង។ថ្មីៗនេះនាងទើបថតបញ្ចប់រឿង «Girl is like that» ដោយនាងសម្តែងជាតួស្រីស្រលាញ់ស្រី។ដោយឡែករឿង«សកលវិទ្យាល័យកំណើតស្នេហ៏»ជារឿងភាគ របស់ស្ថានីយ៍ ទូរទស្សន៍ស៊ីធីអិនមិនទាន់ថតចប់នៅឡើយទេ ។
រ៉ូ ចាន់តារា បានបញ្ជាក់ថា សម្រាប់នាងមិនថាតួឯកឬតួរងនោះទេគឺនាងទទួលសម្តែងទាំងអស់។តែ យ៉ាង ណាកុំអោយតួសម្តែងនោះអន់ពេក ។ ក្នុងនោះប្រសិនបើសាច់រឿង មានលក្ខណៈស្នេហាព្រឺព្រួចខ្លាំងពេកនាង ក៏មិនហ៊ានសម្តែងដែរ ទោះទទួលបានតម្លៃខ្លួនខ្ពស់យ៉ាងណាក៏ដោយ ។ ថ្មីៗនេះ មានគេទាក់ទងនាង សម្តែងរឿងភាគដែរ តែស្រីស្អាតម្នាក់នេះបដិសេធដោយប្រាប់ថា មូលហេតុ ដែលនាងមិនទទួលសម្តែងរឿងភាគ ដោយសារតម្លៃដែល ទទួលបានមិនគ្រប់ថ្លៃខោអាវនិងសាំងឡាន ។
តែបើរឿងដុំនាងយល់ព្រម ។ ប៉ុន្តែពេលនេះនាងមានបំណង ផ្អាកពីសិល្បៈមួយរយៈ ដោយសារមានបំណងចង់គាបធ្មេញអោយត្រង់ស្អាត ។ ក្រៅពីចង់ពត់ធ្មេញអោយ ត្រង់ស្អាត រ៉ូ ចាន់តារា ប្រាប់ថា រូបសម្រស់របស់នាងធម្មជាតិទាំងអស់ ។ ប៉ុន្តែថ្មីៗនេះនាងទើបព្យួរសេរ៉ូម ដើម្បីថែរក្សាស្បែកអោយសថ្លា ដែលកំពុងពេញនិយមសម្រាប់នារីៗនាពេលបច្ចុប្បន្ន ។
កន្លងមកមានពត៌មានថា ស្រីស្អាត រ៉ូ ចាន់តារា មានមន្តស្នេហ៏គួរសម ។ សូម្បីតែស្រីៗដូចគ្នាក៏សុំ ស្នេហ៏នាងដែរ ។ ស្រីស្អាតរូបនេះអះអាងថា ជាការពិត ។ ស្រីៗទាំងនោះបាន Chat សុំស្នេហ៏នាង ក្រោយពី ឃើញនាងសម្តែងជាតួស្រីស្រលាញ់ស្រីនៅក្នុងរឿងនិងចម្រៀងខារ៉ាអូខេរបស់ផលិតកម្ម M។ប៉ុន្តែយ៉ាង ណា រ៉ូ ចាន់តារា ប្រាប់ថា នាងមានគូស្នេហ៏រួចហើយ ៕