ខេត្តកំពង់ធំ ៖ មង្គលការ​មួយ​ដែល​កូនកំលោះ​ជា​ជនបរទេស​បាន​បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ដែល​និយាយ​រិះគន់​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ថា ប្រហែល​ជា​មានការ​ឃុ​ប​ឃឹ​ត​គ្នា​ហើយ បានជា​បណ្តែតបណ្តោយ​ឲ្យ​ជនបរទេស​មក​រៀប​ការ​ជាមួយ​កូន​ក្រមុំ​ខ្មែរ​ផ្អើល​ពេញ​ភូមិ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ឆ្លើយ​ដាក់​គ្នា​ថា​មិនដឹង ។

ទាក់ទង​ទៅ​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​នារី​ខ្មែរ​ជាមួយ​ជនបរទេស​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្អាក​ម្ដង​រួច​មក​ហើយ ពី​បាតុភាព​អវិជ្ជមាន​ជា​ច្រើន ដែល​បាន​កើត​មាន​ឡើង​កន្លង​មក ។ ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ភ្លូកទឹកភ្លូកដី​កន្លង​មក តាម​រយៈ​មេអណ្តើក​នាំ​មក​រៀប​ការ​យកប្រពន្ធ​ខ្មែរ រួច​នាំ​យក​ទៅ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ ធ្វើ​ជា​ខ្ញុំបម្រើ​ដាច់​ថ្លៃ និង​លក់​បន្ត​ដូច​ជា​សត្វ​ធាតុ ។ ហើយ​ហេតុការណ៍​ជាក់ស្ដែង​ដែល​បាន​កើតឡើង គឺ​ស្ដ្រី​ខ្មែរ​ដែល​រង​គ្រោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជា​បន្ដបន្ទាប់​ពី​ប្រទេស​ចិន ។

នា​រសៀល​ថ្ងៃ​ទី​២៦ មីនា នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ មាន​ពិធី​រៀប​ការកូន​ក្រមុំ ឈ្មោះ យឹ​ម សៀម​លី និង​កូនកំលោះ​ជា​ជនជាតិ​អង់គ្លេស ឈ្មោះ ម៉ាក ចេ​ម​បាយ​រ៉ុ​ន ។ មង្គលការ​នេះ​ពុំ​មាន​លិខិត​យល់ព្រម​ពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​អ្វី​ទាំងអស់ ហើយ​ពិធី​នេះ​បែរជា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ពុំ​មានការ​រារាំង​ណាមួយ​នោះ​ឡើយ ។ ទោះបីជា​បែប​ណា​ភ្ញៀវពន្លឺ​ជិត​ឆ្ងាយ​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​មិន​ហ៊ាន​ទៅ​ចូលរួម​ហូប​ការ​អធិកអធម​អី​នោះ​ទេ ព្រោះ​ខ្លាច​មានរឿង​កើតឡើង ។

លោក លឹ​ម ផេ​ត មេ​ភូមិ​ក្រសាំង​ប្រាប់​ថា នៅ​មុន​ថ្ងៃ​មង្គលការ មាន​គេ​សុំ​ច្បាប់​គាត់​ដែរ តែ​គាត់​ប្រាប់​ថា រឿង​រៀប​ការ​ជាមួយ​ជនបរទេស​គាត់​មិន​ហ៊ាន​សម្រេច​ទេ ទៅ​ជួប​មេឃុំ​ទៅ ស្រាប់តែ​ឃើញ​ដើរ​ហៅភ្ញៀវ​ការ ។ លុះដល់​ថ្ងៃ​ការ​គាត់​ស្មានថា​គេ​បាន​ច្បាប់​ហើយ ។ លោក​មេ​ភូមិ​បន្ដ​ថា លោក​អនុ​សេនី​យ៏​ឯក ធៀ​ម ឆេ​ង​គ្រី​អធិការរង​ស្រុក​កំពង់ស្វាយ បាន​ប្រាប់​គាត់​ថា បើ​មាន​អ្នកកាសែត ឬ​ទូរ​ទស្ស​ន៏​មក​សួរនាំ​ឲ្យ​ខ​ល​ប្រាប់​គាត់ ។

បាន​កត់សម្គាល់​ទៀត​ថា ក្នុង​ឱកាស​ពិសារ​ភោ​ជ​អាហារ មាន​ភ្ញៀវ​តិចតួច​ជា​សាច់ញាតិ​បាន​ចូលរួម ចំណែក​អ្នក​ភូមិ​អត់​ហ៊ាន​ចូលរួម​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា ។

លោក អ៊ុ​ច វណ្ណ​រី មេឃុំ​ត្រពាំង​ឬ​ស្សី ប្រាប់​ថា មាន​គេ​ទូរស័ព្ទ​មក​គាត់​សុំ​រៀប​ការកូន គាត់​ប្រាប់​ថា ឲ្យ​យក​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​មក​ជួប​ជាមួយ​ស្មៀន​ទៅ មិន​អាច​ធ្វើ​លេង​ៗ​បាន​ទេ ព្រោះ​រៀប​ការ​ជាមួយ​ជនបរទេស ហើយ​ស្មៀន​បាន​ប្រាប់​គាត់​ថា មិន​អាច​អនុញ្ញាតិ​ឲ្យ​រៀប​ការ​ទេ ព្រោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ។ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ខាង​កូនក្រមុំ​បាន​យក​ធៀប​ការ​មក​ជូន​គាត់ ហើយ​គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ហ៊ាន​ទៅ​ចូលរួម​ទេ បើ​ធ្វើ​យ៉ាងហ្នឹង ។

លោក​មេឃុំ​ឱ្យ​ដឹង​ទៀត​ថា លោក​អនុ​សេនី​យ៏​ឯក ធៀ​ម ឆេ​ង​គ្រី អធិការរង​ស្រុក​កំពង់ស្វាយ បាន​ទូរស័ព្ទ​មក​សួរ​គាត់​ថា មាន​ជនបរទេស​មក​រៀប​ការ​មែន​ទេ គាត់​ថា​មាន​មែន តែ​គ្មាន​ច្បាប់​នោះ​ទេ ហើយ​គាត់​ក៏​សួ​ម​លោក​អធិការរង​ជួយ​មាន​វិធានការ​ផង ព្រោះ​ខាង​អន្តោប្រវេសន៍​គាត់​បាន​ប្រាប់​ហើយ ។ លោក​អនុ​សេនី​យ៏​ឯក ធៀ​ម ឆេ​ង​គ្រី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ មីនា ដោយសារ​ខ​ល​ចូល​ជាង​១០​លើក តែ​គ្មាន​អ្នក​ទទួល ។

ចំណែក​ខាង​សាច់ញាតិ​កូនក្រមុំ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ បាន​ប្រាប់​ថា​បញ្ហា​រត់ការ​កូន​នេះ​ពួក​គាត់​បាន​ឲ្យ​មេធាវី ឈ្មោះ ប៉ូ កា​ហ្សែ​ន ជា​អ្នក​រត់ការ​ក្នុង​រឿង​នេះ ។ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​លោក ប៉ូ កា​ហ្សែ​ន ដែរ​តែ​មិន​អាច​ទំនាក់ទំនង​បាន​ទេ ។

លោក​វរ​សេនី​យ៏​ត្រី ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ ប្រាប់​ថា លោក​ពុំ​បានដឹង​ទេ​រឿង​នេះ ដោយ​លោក​ជាប់​ទៅ​បំពេញការងារ​ជាមួយ​លោក​អភិបាលស្រុក ។ លោក​ថា ចាំ​លោក​សួរនាំ​លោក​អនុ​សេនី​យ៏​ឯក ធៀ​ម ឆេ​ង​គ្រី សិន លោក​នឹង​ឆ្លើយ​តប​វិញ ហើយ​ក៏​ស្ងាត់​ទៅ ។

គួរ​កត់​សម្គាល់ថា ក្នុង​ពិធី​មង្គលការ​ប្លែក​មួយ​នេះ មិនដឹង​ថា តើ​ពួក​គេ​មាន​សម្ព័ន្ធមេត្រីភាព​បែប​ណា​ទេ ទើប​ឈាន​ដល់​រៀប​ការ​នេះ ។ ទំនង​គឺ​ស្មោះ​ស្ម​គ្រ​និង​គ្នា​ពី​ទីណា​មួយ​មក​ហើយ​មើលទៅ ។

លោក​ប្រធាន​ភូមិ​បាន​និយាយ​ថា ខាង​កូនក្រមុំ​បាន​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ខាង​បកប្រែ ។ ដូច្នេះ​ទំនង​ពួក​គេ​បាន​រិ​ត​ចំណង​មេត្រីភាព​រួច​ហើយ ទំនង​អង្ករ​ក្លាយជា​បាយ​ហើយ ។ ចាត់​ទុក​ថា​ត្រឹមត្រូវ​ហើយ ដែល​នាង​បាន​នាំ​កូន​ក​ម្លោះ​មក​សំពះ​ផ្ទឹម បំពេញមុខ​ឪពុក​ម្ដាយ និង​សាច់ញាតិ ។ ពេលវេលា​មក​ដល់​ហើយ​... ទូក​ចូល​ដល់​កំពង់​ហើយ រឿង​អី​មិន​ចូល​ចត ។ បើ​រង់ចាំ​ច្បាប់ តើ​ចាំ​ពេល​ណា? ឬ​មួយ​អន្ទង់​វែង ចាំ​រក​ឆ្នាំង​វែង​បាន​សិន​... តើ​ពេល​ណា​ទៅ? យ៉ាងណា​ក៏​ដោយ​ចុះ ពិធី​មង្គលការ​បាន​បញ្ជ​ប់​ដោយ​រលូន គ្មាន​ផល​រមាស់​អ្វី​ឡើយ ហើយ​ពួក​គេ​ទៅ​ផ្សំ​ដំណេក​នៅ​សណ្ឋាគារ​ខេត្ត​យ៉ាង​ត្រជាក់​ល្ហិ​ម ដែល​ចាត់​ទុក​ថា កូនក្រមុំ​ខ្មែរ ទោះ​ខក​បែប​ណា​ក៏​ដោយ បាន​ទាញ​កមក​ជួប​សំពះ​ម៉ែឪ​បាន​តាម​ប្រពៃណី​ដែរ​គួរ​ឱ្យ​សរសើរ​នាង​ទៅ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -