ស្រីស្អាត សុគន្ធ នីសា ចាប់ផ្តើមចេញមុខ ចេញមាត់ជាមួយបទចម្រៀងចាស់ៗរបស់ខ្លួនរួមជាមួយតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសគឺលោក ណុប បាយ៉ារិទ្ធ ដូចមុនហើយ បន្ទាប់ពីបាត់មុខពីពិភពសិល្បៈអស់រយៈពេលជាច្រើនខែមកនោះ ។
ទស្សនិកជន ដែលស្នេហាវិស័យសិល្បៈមានការគាំទ្រច្រើន សុគន្ធ នីសា និង ណុប បាយ៉ារិទ្ធ បន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូច្រៀងនៅខេត្តព្រះសីហនុរួមគ្នា កាលពីរាត្រីថ្ងៃអាទិត្យ ជាក់ស្តែងតាមរយៈបទចម្រៀ «ពេលវេលា» «ស្រលាញ់អូនឲ្យច្រើនៗ» និង បទ «បើជាគូ » ជាមួយឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ម៉ូដសក់ក្រងចំហៀងនិងចាប់ចង់ទៅលើ អមជាមួយគ្រឿងអលង្ការកាន់តែបង្ហាញឲ្យឃើញថា សុគន្ធ នីសា ពិតជាស្រស់ស្អាតខ្លាំងណាស់ ។
សុគន្ធ នីសា និង ណុប បាយ៉ារិទ្ធ នៅតែជាដៃគូចម្រៀងដ៏ល្អ ទោះបីជាអ្នកទាំងពីរខានច្រៀងនិងសម្តែង ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី ។ ចាប់តាំងពីចាកចេញពីផលិតកម្មថោន សុគន្ធ នីសា មិនទាន់មានវត្តមាននៅលើឆាកប្រគុំតន្ត្រីតាម ស្ថានីយ៍ទូរទស្សន៍ណាមួយនោះទេ ទើបតែចុងក្រោយនេះ នាងចេញថតបទចម្រៀងឲ្យផលិតកម្មរស្មីហង្សមាស សម្រាប់អបអរចូលឆ្នាំរួច ទើបនាងហ៊ានចេញមុខ ចេញមាត់ជាមួយមិត្តភក្តិសិល្បៈ ប៉ុន្តែរាល់ពេលឡើងឆាក នាងមិនបានលើកយកបទចម្រៀងនៅក្នុងផលិតកម្មថោន មកបកស្រាយនោះទេ ។
សុគន្ធ នីសា នៅតែមានរូបសម្រស់ផូផង់គួរជាទីគយគន់ ជាពិសេសវត្តមានថ្មីរបស់នាងនៅក្នុងផលិតកម្មរស្មីហង្សមាស កាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីព្រោះកន្លងមកនាងក៏ធ្លាប់ជាតារា ចម្រៀងប្រចាំនៅក្នុងផលិតកម្មនេះម្តងរួចមកហើយដែរ តែក្រោយមកក៏បានចេញទៅផលិតកម្មថោន ពេលនេះនាងបានវិលត្រឡប់មករកឆ្នាំងចាស់វិញ ។ ទស្សនិកជនជាច្រើនកំពុងទន្ទឹមរងចាំមើលបទចម្រៀងថ្មីៗរបស់ សុគន្ធ នីសា គ្រប់ៗគ្នា បន្ទាប់ពីឃើញឈុតខ្លីៗខ្លះក្នុងវិដេអូបទចម្រៀងរបស់នាង ៕