ខេត្តកំពង់ធំ ៖ អាវាហមង្គលមួយបានបង្កការភ្ញាក់ផ្អើលដោយសារកូនក្រមុំរត់ចោលរោងការទៅជួបសង្សារ ខណៈកំពុងរៀបចំកាត់ផ្លែឈើនិងត្រៀមរំាសប្បាយ ធ្វើឲ្យកូនកំលោះបានត្រឹមឈឺចាប់និងសោកសៅអង្គុយផឹក ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី២១ មីនា ២០១៦ នៅក្នុងភូមិ-ឃុំក្រយា ស្រុកសន្ទុក ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា កូនក្រមុំដែលរត់ចោលរោងការនេះឈ្មោះ ឡើយ ស្រីហ័ន អាយុ១៨ឆ្នាំ ចំណែកកូនកំលោះឈ្មោះ សេន បុំអាយុ៣៦ឆ្នាំ រីឯបុរសជាសង្សារនាងនោះឈ្មោះ ហ៊ីត ហួ អាយុ២៣ឆា្នំ ជាកូនមេប្រជាការពារភូមិ អ្នកទំាងបីរស់នៅក្នុងភូមិ-ឃុំខាងលើជាមួយគ្នា ។
សេចក្តីរាយការណ៍បានស្រង់សំដីប៉ូលិសមូលដ្ឋានឲ្យដឹងបន្តថា ការណ៍ដែលនាងយល់ព្រមរៀបការជាមួយបុរសចំណាស់នោះដោយសារឪពុកម្តាយបង្ខំ ខណៈនាងនិងសង្សារស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ។
នៅពេលនេះ ខាងកូនកំលោះមិនទទួលយកនាងនោះទេ និង ត្រៀមដាក់ពាក្យបណ្តឹងទាមទារបណ្តាការ៤ពាន់ដុល្លារ មាស១ជីនិងលុយខ្មែរ៩០ម៉ឺនរៀលវិញ ៕