ពេលនេះម៉ោងនេះ អ្នកវិទ្យាសាស្ត្រ និងវិស្វករជប៉ុនជាច្រើននាក់ កំពុងតែវីវក់យ៉ាងខ្លាំងចំពោះការសង្គ្រោះយានអវកាសមួយគ្រឿងដែលមានបច្ចេកទេសខ្ពស់ តម្លៃជាង៣០០លានដុល្លារអាមេរិក ដែលបានបាត់ដានក្នុងពេលបំពេញបេសកកម្មនៅឋានអវកាស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ BBC ។
យានអវកាសនោះមានឈ្មោះថា Hitomi មានតម្លៃ២៧៣លានដុល្លារអាមេរិក បានបាញ់ចេញពីភពផែនដីកាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្នុងបេសកកម្មស្រាវជ្រាវវត្ថុអាថ៌កំបាំងក្នុងអវកាសដូចជា supermassive black holes, neutron stars និងចង្កោមហ្គាឡាក់ស៊ីជាដើម ហើយវាត្រូវគេរំពឹងថា នឹងធ្វើការទាក់ទងមកភពផែនដីនៅថ្ងៃទី២៦ ខែមីនានេះ ប៉ុន្តែគេមិនអាចទាក់ទងទៅយានអវកាសនេះបានទេ ។ភ្លាមៗក្រោយភ្នាក់ងាររុករកអវកាសជប៉ុន ហៅកាត់ថា JAXA រាយការណ៍ពីការបាត់ទំនាក់ទំនងជាមួយយានអវកាស Hitomi នេះ មជ្ឈមណ្ឌលប្រតិបត្តិការអវកាសរបស់អាមេរិក ហៅកាត់ថា JspOC ទទួលបន្ទុកខាងតាមដានកម្ទេចកំទីនៅឋានអវកាសបានឲ្យដឹងថា គេឃើញមានកម្ទេច៥ដុំនៅជុំវិញផ្កាយរណប ។
លុះមកដល់ថ្ងៃច័ន្ទ ទី២៨នេះ ក្រុម JAXA របស់ជប៉ុនបានឲ្យដឹងថា គេមានតម្រុយបន្តិចហើយពីយាន Hitomi ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីរឿងនេះទេ ។ មកទល់ពេលនេះ ភ្នាក់ងារអវកាសជប៉ុនបានយកចិត្តទុកដាក់ចំពោះករណីនេះយ៉ាងខ្លាំង ដោយមានអ្នកបច្ចេកវិទ្យា និងអ្នកជំនាញជាង៤០នាក់ នៅប្រតិបត្តិការព្យាយាមសង្គ្រោះយានអវកាសនេះ ៕
- Back to Home »
- ជប៉ុនបាត់យានអវកាសមួយគ្រឿងតម្លៃជាង៣០០លានដុល្លារនៅក្នុងលំហ (មានវីដេអូ)