ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៧-២៥ខែមីនា ឆ្នាំ២០១៦ មានកម្រិត សីតុណ្ហភាព អតិបរមា នៅកម្ពុជា នឹងបន្ដកើនឡើងកំដៅ នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ដែលមានសីតុណ្ហភាព ៣៨-៤០អង្សាសេ និងនៅតំបន់ មាត់សមុទ្រសីតុណ្ហភាព អតិបរមាមានពី ៣៥-៣៧អង្សាសេ អាចមានភ្លៀងកក់ខែតិចតូច។

ព្រមជាមួយគ្នានេះដែរ សេចក្តីជូនដំណឹង របស់ក្រសួងនៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ បានអំពាវនាវឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ នៅពេល មេឃរកកលភ្លៀង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ណែនាំមួយស្តីពី ការចាត់វិធានការ ថែរក្សា ទឹកទុក សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាជន នៅតាមតំបន់មួយ ដោយសារនៅ ឆ្នាំ២០១៦នេះ កម្ពុជា នឹងទទួលរងបាតុភូត ធម្មជាតិក្តៅហួតហែង ហើយរដូវវស្សា អាចនឹងមកដល់ យឺតជាងធម្មតា។

ស្ថានភាពបែបនេះ នឹងកើតមានចាប់ពី ខែកុម្ភៈរហូត ដល់ចុងខែមិថុនា ឆ្នាំ២០១៦ ហើយអាចធ្វើឲ្យ កម្ពុជាប្រឈមនឹងកង្វះខាត ទឹកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ហើយរហូតដល់ ខែពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតថ្មី La Nina (ត្រជាក់) មានឥទ្ធិលមកលើ ប្រទេសកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើម ធ្លាក់នាពេល នោះផងដែរ៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -