«មេម៉ាយកូនមួយ» គ្រាន់តែជាចំណងជើងរឿងដុំមួយ ដែលអ្នកនាង សារាយ សក្ខណា ត្រៀមថត នៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ដោយក្នុងនោះនាងគ្រងតំណែងជាតួឯកស្រី រួមជាមួយលោកប៉ែន ចំរុង ជាតួប្រុស ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មិនត្រឹមតែមានឱកាសថតរឿងដុំប៉ុណ្ណោះទេ សារាយ សក្ខណា ថែមទាំងបានចូលរួមថតស្ប៉តសំឡីអនាម័យផងដែរ ។
សារាយ សក្ខណា នៅតែទទួលបានការចាប់អារម្មណ៍ និង គាំទ្រពីសំណាក់មហាជន បើទោះបីអ្នកនាងបានបន្សាត់ខ្លួនចេញពីអាជីពមួយនេះ ហើយចាកចេញទៅរស់នៅយ៉ាងមានសេចក្តីសុខនៅសហរដ្ឋអាមេរិក ។ ជាក់ស្តែងនៅក្នុងពេលឆាប់ៗខាងមុខនេះ សារាយ សក្ខណា ត្រៀមបង្ហាញមុខនៅក្នុងរឿង«មេម៉ាយកូនមួយ» ក្នុងតំណែងជាតួឯកស្រី ។ ក្រៅពីថតរឿង សារាយ សក្ខណា ក៏បានចូលរួមថតស្ប៉តឃោសនាសំឡីអនាម័យ ៧៧៧៧៧ និង បានចូលរួមធ្វើពិធីការិនីនៅក្នុងកម្មវិធីមួយចំនួនផងដែរ ។
បើតាមការរៀបរាប់ពីសំណាក់អ្នកស្រីសម្ផស្ស ម្តាយបង្កើតរបស់សារាយ សក្ខណា បានឱ្យដឹងថា មានគេទាក់ទង សក្ខណា ច្រើនដែរ តែនាងទទួលថតតែ រឿងដុំមួយនេះទេ ។ នាងត្រូវត្រឡប់ទៅអាមេរិកវិញ នៅពាក់កណ្តាលខែមេសាខាងមុខនេះ ។ អ្នកស្រីបាន បន្ថែមថា តាមពិត សក្ខណា មកលេងស្រុកកំណើតដើម្បីដើរលេងច្រើនជាងមកសម្តែង ។
អ្វីដែលគួរឱ្យ កត់សំគាល់នោះ គ្រាន់តែឮចំណងជើងរឿងនេះ ក៏ដឹងថា តួស្រីនៅក្នុងរឿងនេះ ត្រូវសម្តែងជាតួមេម៉ាយកូនមួយ តើការសម្តែងរឿងនេះមិនខ្លាចប៉ះពាល់ដល់អារម្មណ៍ស្វាមីទេឬ? ម្តាយ សារាយ សក្ខណា បានប្រាប់ថា នេះគ្រាន់តែជាការសម្តែង មិនមែនជារឿងពិតនោះទេ ។ មុននឹងទទួលសម្តែងរឿង សក្ខណា ក៏បានពិភាក្សាជាមួយស្វាមីដែរ ។
គួរបញ្ជាក់ថា សារាយ សក្ខណា បាននាំស្វាមី កូនស្រី និង ឪពុកម្តាយក្មេកមកលេងស្រុកកំណើត កាលពីដើមខែកុម្ភៈ ។ មកដល់ស្រុកខ្មែរមិនទាន់បានប៉ុន្មានផង សារាយ សក្ខណា បាននាំក្រុមគ្រួសារទៅ ដើរកម្សាន្តនៅប្រទេសម៉ាឡេសីុ និង សិង្ហបុរី ។ ក្រៅពីនេះ នាងបានដើរកម្សាន្តនៅតាមបណ្តាខេត្តមួយចំនួនផងដែរ ។ ក្នុងនោះ សារាយ សក្ខណា ក៏បានធ្វើពិធីខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំ របស់ខ្លួន ដោយមានការ ចូលរួមពីសំណាក់មិត្តភក្តិរួមអាជីពជាច្រើនផងដែរ ។ សារាយ សក្ខណា នៅតែមានរូបសម្រស់ស្រស់ស្អាត គ្រាន់តែរាងបែកសាច់ឈាម តាមបែបស្ត្រីដែលមានស្វាមី និង កូន ៕