តារាចម្រៀងកញ្ញា អេមមី ទើបតែបានចេញសម្តែងនៅប្រទេសអូស្ត្រាលីជាលើកទីមួយ ដោយនាងបានចេញដំណើរជាមួយលោក សន វិជ្ជបុត្រ និងកញ្ញា ង៉ែត នីតា កាលពីថ្ងៃម្សិលមិញនេះ ។
ដំណើរចេញទៅសម្តែងនេះ អេមមី និងក្រុមការងារបានប្រាប់«ប្រជាប្រិយ»ថា ក្នុងការចេញ ទៅសម្តែងនៅប្រទេសអូស្ត្រាលីនេះ នាងសង្ឃឹមថា ទទួលបានជោគជ័យខ្លាំង ព្រោះការងារនេះ ជាកម្មវិធីមនុស្សធម៌ ដើម្បីរកប្រាក់មកជួយសង្គម និង ជនក្រីក្រ ដូច្នេះហើយ នាងគិតថានឹងមានបងប្អូនខ្មែររស់នៅទីនោះទិញសំបុត្រចូលទស្សនាច្រើនជាមិនខាន ព្រោះបើតាមព័ត៌មានខ្លះៗពីប្រទេសអូស្ត្រាលីបានប្រាប់ថា គ្រប់កម្មវិធីសម្តែងប្រាំសូមានអ្នកកក់សំបុត្រអស់ហើយ ។
ជុំវិញដំណើរចេញទៅសម្តែងនេះ អ្នកយកពត៌មានរបស់យើងក៏បានសួរនាំ អេមមី ពាក់ព័ន្ធនឹងរឿងស្នេហា និង គូអនាគតផងដែរថា ប្រសិនបើមានបុរសនៅទីនោះសុំស្នេហ៍ តើកញ្ញា យល់ដូចម្តេចដែរ ? អេមមី ឆ្លើយថា ការចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីនេះ នាងមិនទាន់ដឹងច្បាស់ថា បើកបេះដូងទទួលយកស្នេហាបុរសក្រៅស្រុក ឬអត់នោះទេ ព្រោះបុរសក្រៅស្រុកប្រហែលជាពិបាកឈ្វេងយល់ចិត្តគ្នាណាស់ ។
នាងទៅសម្តែងរយៈពេលតែមួយខែនោះទេ ដូច្នេះហើយ ទោះបីជាមានបុរសនៅទីនោះសុំស្រឡាញ់នាង ក៏មិនដឹងសិក្សាចិត្តគំនិតគាត់បានប៉ុន្មានភាគរយនោះទេ ដូច្នេះហើយនាងក៏មិនទាន់ប្រាកដថា សម្រេចចិត្តយ៉ាងណានៅឡើយ ៕