​​​     ខេត្តកំពត ៖ អាកប្បកិរិយា​របស់​កូនកំលោះ​ដែល​មិន​អាច​អត់ទ្រាំ​បាន ទីបំផុត​មេបា​ខាង​កូនក្រមុំ​បាន​បណ្ដេញ កូនកំលោះ​ចេញពី​រោងការ មិន​ស្ដាយស្រណោះ​ចំពោះ​កូនស្រី​មានឈ្មោះ មេម៉ាយ​ខាន់ស្លា​ឡើយ ព្រោះ​ថាបើ​បណ្ដែតបណ្ដោយ​នោះ កាន់តែ​ខូចការ​ធ្ងន់ធ្ងរ​ប្រចាំជីវិត​គ្រួសារ​មិន​ខាន ។

ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ ពិធី​មង្គលការ​នេះ​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​៩ មីនា ត្រូវ​នឹង​ថ្ងៃ​២​កើត ខែ​ផល្គុន ស្ថិត​នៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ។ ក្នុង​ពិធី​ដែល​ភ្ញៀវ​មក​ចូលរួម​ប្រមាណ​៤០០​នាក់​នោះ គឺ​កូនក្រមុំ​ឈ្មោះ លី ស្រី​មុំ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ក្រាំង​ដូង ជា​គូ​និង​កូនកំលោះ​ឈ្មោះ លឿង ពៅ អាយុ​៣២​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ បើ​តាម​ដឹង​ខ្លះ​ៗ​ថា ស្នាក់​នៅ​ម្ដុំ​ផ្សារ​ធំ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ ។ ពិធី​មង្គលការ​បាន​រៀបចំ​តាម​លំដាប់លំដោយ មាន​ហែ​ជំនូន​របាំ​ផ្លែ​ឈើ កាត់សក់ និង​សំពះ​ផ្ទឹម ។

តាំងពី​ព្រឹក​ព្រលឹម​មក​ម្ល៉េះ អាកប្បកិរិយា​កូនកំលោះ​ហាក់​មាន​ភាព​ច្រ​ង៉េ​ង​ច្រ​ង៉ាង​មិន​ស័ក្ដិសម​ក្នុង​ថ្ងៃ​មង្គលការ​របស់​ខ្លួន​ឡើយ សង្ស័យ​មនុស្ស​បែក​ថ្នាំ​ញៀន ។ ឥរិយាបថ​ទទឹងទិស​នេះ ត្រូវ​បាន​ក្រុម​សាច់ញាតិ​ខាង​កូនក្រមុំ​អត់ធ្មត់​បំផុត​ព្រោះ​ខ្លាច​ខ្មាស់​គេ ។

ភាព​មិន​ត្រឹមត្រូវ​របស់​កូនកំលោះ គឺ​ផឹក​ស្រាស​អស់​មួយ​កែវ ហើយ​ថែម​មួយ​កែវ​ទៀត​។ សូ​ម្បី​តែ​ដោះ​សំលៀក​បំពាក់​សំអាងការ​ដែល​តុបតែង​ក្នុង​នាម​ជា​កូនកំលោះ ក៏​គ្រវែង​ចោល​ទីណា​ត់ទី​ណែ​ង និង​ទាញ​ដង​កាមេរ៉ា​របស់​អ្នក​ថតរូប​ក្រវាត់​ក្រ​វែង យក​កៅអី​ចោល​ទៅ​លើ​គេឯង រហូត​ភ្ញៀវ​ខ្លះ​ភ័យ​ខ្លាច ឥរិយាបថ​កូនកំលោះ ក៏​បាន​គេច​ចេញពី​រោងការ​បណ្ដើរ​ៗ ។ ដោយសារ​តែ​ច​រិ​ក​អន់​របស់​កូនកំលោះ ដែល​បង្ក​ឱ្យ​មាន​ភាព​ច្របូកច្របល់​នោះ ភ្ញៀវ​ខាង​កូនក្រមុំ​ខ្លះ ដែល​ទ្រាំ​លែង​បាន ក៏​ប្រវាយប្រតប់​ជាមួយ​កូនកំលោះ ។ ដោយសារ​តែ​ផ្ទុះ​ហិង្សា​បែប​នេះ កូនកំលោះ​ប្រមឹក​ថ្ងៃ​ចូល​រោងការ​បាន​ទាញ​ខ្សែ​ក​ដែល​មាន​ទម្ងន់​៣​ជី​កន្លះ ហើយ​ហៅ​កូនក្រមុំ​មក​ចែក​គ្នា​ស្មើ​ភ្លាម​ៗ​ក្នុង​រោងការ មើលទៅ​ហាក់ដូចជា​អគតិ​ពេក ។ ចំណែក​ម្ដាយ​កូនកំលោះ​ដែល​ពិការ​ភ្នែក​ទាំង​២ ក៏​ទាមទារ​ឱ្យ​ម្ដាយ​កូនក្រមុំ​សង​ប្រាក់​វិញ​ភ្លាម​ៗ​ចំនួន​១.៦០០​ដុល្លារ ព្រោះ​បណ្ណាការ​នេះ​ខាង​ប្រុស​បាន​ប្រគល់​ប្រាក់​ជូ​យ​ខាង​ស្រី​ផ្ដាច់​៣.២០០​ដុល្លារ ។ ប៉ុន្តែ​ការ​ទាមទារ​នោះ​មិន​បាន​ទេ ដោយ​ខាង​ស្រី​បាន​ចាត់ចែង​អស់​ទៅ​ហើយ ។ ទោះជា​មិន​បាន​ប្រាក់​ពី​ខាង​ស្រី​ក្ដី ក្រុម​សាច់ញាតិ​ខាង​កូនកំលោះ​២-៣​នាក់ រួម​ទាំង​ម្ដាយ​ពិការ​ភ្នែក​ផង​នោះ បាន​ឡើង​រថយន្តឈ្នួល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ដោយ​មិន​ទាន់​បាន​ពិសា​ភោ​ជ​នា​អាហារ​ផង ។ រីឯ​កូនកំលោះ​ស្រវឹង​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញពី​រោងការ ទៅ​ដេក​លើ​អង្រឹង​នៅផ្ទះ​អ្នក​ភូមិ​ឆ្ងាយ​ពី​រោងការ ។ លុះដល់​វេលា​ល្ងាច​ជា​ពេល​ទទួលភ្ញៀវ គេ​ឃើញ​តែ​នាង​ជា​កូនក្រមុំ​ម្នាក់ឯង​ដែល​ឈរ​ទទួលភ្ញៀវ ។

អ្នកស្រី សួន អេ​ម ជា​ម្ដាយ​កូនក្រមុំ​បាន​និយាយ​ថា ពិធី​មង្គលការ​កូនស្រី​គាត់​បាន​ហៅភ្ញៀវ​តែ​៣០​តុ​ទេ ប៉ុន្តែ​វា​ហួសចិត្ត​ត្រង់​ថា កូនប្រសា​ប្រុស​គាត់ អុកឡុក​រហូត​ស្រែក​ឡូឡា ហាម​កូនស្រី​គាត់​មិន​ឱ្យ​ចុះពីលើផ្ទះ និង​ប្រមាថ​ជេរ​គេ ជេរ​ឯង ទាមទារ​អ្វី​ៗ​គ្រប់យ៉ាង​។ អ្នកស្រី សួន អេ​ម និយាយ​ថា គាត់​ខ្មាស់​គេ​ណាស់ មានកូន​ប្រសា​ប្រុស​បែប​នេះ​ត្រូវ​តែ​បណ្ដេញ​ចេញពី​រោងការ ។

ទោះជា​កូនកំលោះ​មិន​បាន​មក​បង្ក​ផ្សេង​ទៀត​ក៏​ដោយ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ មីនា អ្នកស្រី សួន អេ​ម និង​នាង លី ស្រី​មុំ ជា​កូនក្រមុំ​រួម​ទាំង​ឈ្មោះ លឿង ពៅ ជា​កូនកំលោះ បាន​នាំ​គ្នា​ទៅ​សាលាឃុំ​សំរោង​ក្រោម ។ ស្ដ្រី​ម្ដាយក្មេក​បាន​ប្ដឹង​លោក​មេឃុំ​ថា ខ្លួន​មិន​ទទួល​ឈ្មោះ លឿង ពៅ ជា​កូនប្រសា​តទៅ​ទៀត​ទេ​។ ចំណែក​កូនប្រសា​ទាមទារ​យក​ម៉ូតូ​១​គ្រឿង​វិញ ជិះ​ទៅ​ភ្នំពេញ ។ ការ​ទាមទារ​នោះ អ្នកស្រី​ជា​ម្ដាយក្មេក​ខកចិត្ត ក៏​បាន​ព្រមឱ្យ​ម៉ូតូ​ទៅ​កូនប្រសា ប៉ុន្តែ​បានឱ្យ​ផ្ដិត​មេដៃ​ឈប់​ចូល​ផ្ទះ​គាត់ ប៉ុន្តែ​ឈ្មោះ លឿង ពៅ មិន​ព្រម​ធ្វើ​តាម​កិច្ចសន្យា​ទេ ។ ដោយសារ​តែ​ការ​មិន​ចុះសំរុង​គ្នា​នេះ បន្ទាប់​ពី​រៀប​មង្គលការ​ហើយ​ក្លាយជា​ទទេ​ស្អាត​បែប​នេះ​ឈ្មោះ លឿង ពៅ ក៏​មិន​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​ដែរ គឺ​នៅ​សម្ងំ​ផ្ទះ​អ្នក​ភូមិ ប៉ុន្តែ​មិន​ហ៊ាន​ទៅ​ផ្ទះ​កូនក្រមុំ​ទេ ។

លោក ច្រឹង ចេ​ង អនុប្រធាន​ភូមិ​ក្រាំង​ដូង និយាយ​ថា ពិធី​មង្គលការ​នេះ​ខាង​ប្រុស​មិន​មាន​ឯកសារ​អ្វី​បញ្ជាក់​ថា នៅ​លីវ និង​នៅ​ទីណា​ឱ្យ​ច្បាស់លាស់​នោះ លោក​មេឃុំ​សំរោង​ក្រោម កឹ​ម លន់ មិន​ហា​៊​ន​ចេញ​សំបុត្រ​រៀប​អាពាហ៍ពិពាហ៍​ឱ្យ​ដែរ តែបើ​រៀបចំ​មង្គលការ​បាន​សុខ​ក៏​សុខ​ទៅ តែបើ​មានរឿង​អ្វី​នោះ គាត់​មិន​ទទួលខុសត្រូវ​ទេ ។ លោក​អនុប្រធាន​ភូមិ​ក្រាំង​ដូង និយាយ​ថា កូនកំលោះ​នោះ​ហាក់ដូចជា​មនុស្ស​ខុស​ប្រក្រតី សូ​ម្បី​តែ​ជិះ​ម៉ូតូ​ក៏​លើកដៃ​លើកជើង​ដែរ ។ លោក ច្រឹង ចេ​ង បាន​ប្រាប់​ថា នាង​ជា​កូនក្រមុំ​បាន​បដិសេធ មិន​យកឈ្មោះ​នោះ​ជា​ប្ដី​នោះ​ទេ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ជួប​គ្នា​រហូត​មានការ​ព្រមព្រៀង​ចូល​រោងការ​នេះ គឺ​នាង​កូនក្រមុំ​មក​ធ្វើការ​រកស៊ី​នៅ​រាជធានី​ភ្នំពេញ ទើបបាន​ជួប​និង​ឈ្មោះ លឿង ពៅ ក៏​បង្កើត​បានជា​ចំណងអាពាហ៍ពិពាហ៍ គ្រាន់តែ​បង្អើល​រុយ​តែ​ប៉ុណ្ណោះ គួរ​ឱ្យ​ខ្មាស់​ដល់​ញាតិ​មិត្ត​ក្នុង​ស្រុកភូមិ​ពន់ពេក​រក​ងើបមុខ​មិន​រួច ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -