បន្ទាប់ពីធ្លាយព័ត៌មានថា សុគន្ធ និសា គ្រោងវិលមកកាន់ផលិតកម្មហង្សមាសវិញនោះកាលពីប្រមាណ១-២ខែមុនោះ នៅថ្ងៃនេះ ភាគីហង្សមាស បានបញ្ជាក់ប្រាប់ Sabay ថា តារាចម្រៀងរូបនេះ បានក្លាយជាខ្លួនជាតារារបស់ខ្លួនពេញសិទ្ធិហើយ។លោក អ៊ិន ទីតូ អ្នកសម្របសម្រួលប្រចាំផលិតកម្មហង្សមាសបានប្រាប់ថា និសា បានវិលមកកាន់ហង្សមាសវិញហើយ ហើយក៏កំពុងតែមានបទចម្រៀងត្រៀមក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះទៀតផង។យ៉ាងណាក៏ដោយ ចំពោះសំនួរថាតើតារាស្រីវ័យប្រមាណ ៣០ ឆ្នាំរូបនេះ មានប៉ុន្មានបទសម្រាប់ឱកាសចូលឆ្នាំខាងមុខ អ្នកសម្របសម្រួលខាងលើ ក៏មិនបានដឹងដែរ ដោយលោកស្នើសូមឲ្យទស្សនិកជនរង់ចាំទស្សនាដោយផ្ទាល់។
ទស្សនិកជនភ្ញាក់ផ្អើលម្ដងជាពីរដងរួចមកហើយ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកកន្លងមកដែលបង្ហោះដោយលោក ព្រាប សុវត្ថិ នោះ បានបង្ហោះឃើញថា ម្ចាស់បទ “ផ្ការីកក្នុងសមុទ្រទឹកភ្នែក” និងកំពូលតារាចម្រៀងរូបនេះ កំពុងតែថតចម្រៀងជាមួយគ្នា។ ប៉ុន្តែភ្លាមៗ មានទស្សនិកជនមួយចំនួនមន្ទិលថា អាចរូបចាស់ៗរបស់ និសា និងលោក ព្រាប សុវត្ថិ កាលមិនទាន់ចេញទៅផលិតកម្មថោន។យ៉ាងណាក៏ដោយ នៅថ្ងៃនេះ លោក អ៊ិន ទីតូ បញ្ជាក់ហើយថា ពេលនេះ និសា ក្លាយជាតារាចម្រៀងរបស់ហង្សមាសពេញសិទ្ធិហើយ។ ទន្ទឹមនឹងការបញ្ជាក់របស់មន្ត្រីហង្សមាសរូបនេះ នៅលើ YouTube ឯណោះ គេឃើញមានចម្រៀងពីរបទដែល និសា បានច្រៀងជាមួយតារាប្រុសកូនបី គឺមានបទ “ក្បាច់បែកស្លុយ” និងបទ “បែកក្អមអូនហើយ” បានបង្ហោះជាផ្លូវការផងដែរ៕
- Back to Home »
- ហង្សមាសបញ្ជាក់ សុគន្ធ និសា ក្លាយជាតារាចម្រៀងរបស់ខ្លួនពេញសិទ្ធិហើយ