ភ្នំពេញ ៖ កញ្ញា មាន សូនីតា កន្លងមកមហាជនធ្លាប់ដឹងហើយថា នាងជាតារាស្រីរបស់ខ្មែរមួយរូបដែលមានគំនិត ចេះច្នៃប្រឌិតចូលចិត្តយកផលិតផលក្រមារបស់ខ្មែរ ទៅកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដើម្បីដាក់លក់លើទីផ្សារក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយលើកកម្ពស់ផលិតផលក្រមារបស់ខ្មែរឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានយល់ដឹង និងស្គាល់ពីអត្ថប្រយោជន៍ផលិតផលធ្វើពីក្រមាខ្មែរ។
ថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនាម៉ោង១០និង១៧នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ កញ្ញា មាន សូនីតា បាននិយាយថា បច្ចុប្បន្នបន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យលើការច្នៃប្រឌិតលើផលិតផលក្រមាខ្មែរឲ្យក្លាយជាវត្ថុអនុស្សាវរីយ៍ និងរបស់ប្រើប្រាស់ដ៏មានតម្លៃផ្សេងៗហើយនោះ ពេលនេះនាងក៏បានងាកមកចាប់អារម្មណ៍លើការកែច្នៃក្រមាធ្វើជាម៉ូដសម្លៀកបំពាក់វិញម្តង ព្រោះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិតផលក្រមាខ្មែរដែរ។
តារាស្រី កញ្ញា មាន សូនីតា បាននិយាយទៀតថា សម្រាប់ផលិតផលក្រមាខ្មែរក្រៅតែពីការផ្តល់អត្ថប្រយោជន៍តាមរយៈការយកទៅបង់.ក និងទទូរហើយនោះ វាថែមទាំងផ្តល់ប្រយោជន៍ជាច្រើនទៀតដូចជាការយកមកកែច្នៃធ្វើជារបស់អនុស្សាវរីយ៍ និងសម្លៀកបំពាក់បានយ៉ាងល្អប្រណិតទៀតផង។
ជាក់ស្តែងកន្លងមកនាងធ្លាប់ជោគជ័យលើការងារនេះជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះថែមទាំងទទួលបានការគាំទ្រ និងលើកស្ទួយពីមហាជនជុំវិញការងាកមកជ្រើសយកការទិញផលិតផលកែច្នៃពីក្រមានេះទៅប្រើប្រាស់តាមតម្រូវការផ្សេងៗគ្នា។
ជាមួយគ្នានេះ កញ្ញា មាន សូនីតា ក៏បានបន្ថែមថា សព្វថ្ងៃនេះនាងសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរភាគច្រើនបានចាប់ផ្តើមឲ្យតម្លៃលើផលិតផលក្រមាឡើងវិញ ខណៈដែលកន្លងមានអ្នកខ្លះតែងគិតថា ការប្រើប្រាស់ផលិតផលក្រមានេះបាន លុះត្រាតែប្រជាកសិករនៅតាមទីជនបទ ស្រុកស្រែចម្ការប៉ុណ្ណោះទេ។ ប៉ុន្តែឥឡូវនេះមានប្រជាពលរដ្ឋខ្មែរជាច្រើនមិនថា អ្នករស់នៅទីក្រុង ឬតាមខេត្តទេគឺបាននាំគ្នាចូលរួមលើកស្ទួយផលិតផលក្រមាខ្មែរស្ទើរគ្រប់គ្នា។
សូមបញ្ជាក់ថា ដោយមើលឃើញពីសកម្មភាពលេចធ្លោទាំងការងារមនុស្សធម៌ និងសិល្បៈ បូករួមរូបសម្ផស្សស្រស់សោភាមានភាពរួសរាយរាក់ទាក់ កញ្ញា មាន សូនីតា កន្លងមកក៏ត្រូវបានតែងតាំងជាឯកអគ្គរាជទូតសុច្ឆន្ទៈរបស់អង្គការUSAIDកាលអំឡុងដើមខែមិថុនា។ ក្រោយមកទៀតតារាស្រីរូបស្រស់ មាន សូនីតា ក៏ត្រូវបានប្រកាសតែងតាំងធ្វើជាឯកអគ្គរាជទូតតំណាងឲ្យរោងភាពលេជេនជាថ្មីបន្ថែមទៀតនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ដែលពិធីនេះបានធ្វើឡើនៅ legend Cinemas៕
- Back to Home »
- មាន សូនីតា ច្នៃក្រមាធ្វើជាម៉ូដសម្លៀកបំពាក់ គោលបំណងលើកស្ទួយផលិតផលខ្មែរ