​​​​       ភ្នំពេញ ៖ ឆ្លង​តាមរយៈ​សកម្មភាព​មនុស្សធម៌​សស្រាក់សស្រាំ​ និង​មិន​រើសអើង​សុខចិត្ត​ចំណាយ​ពេ​ល​វេលា ​ចុះ​ធ្វើ​មនុស្សធម៌​គ្រប់​ច្រកល្ហក​មិន​ថា ចំពោះ​កុមារ ​ឬ​ចាស់ជរា​នោះ​តារាភាពយន្ត ដែល​លេ​ច​ធ្លោ​ទាំង​ទីផ្សារ​សិល្បៈ​ លោក​ សា​វិ​ន ហ្វី​លី​ព ​ថ្មីៗ​នេះ​ក៏បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​ស​ង្គម​ហ្វេ​ស​ប៊ុ​កថា ចុង​សប្ដាហ៍​នេះ​ លោក​នឹង​ត្រូវ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តសៀមរាប​ដើម្បី​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ នៅ​សាលាបឋមសិក្សា​ស្នា​សង្គ្រាម​។​

លោក សា​វិ​ន ហ្វី​លី​ព បាន​លើក​ឡើង​ដូច្នេះ​ថា តើ​អ្នក​ធ្លាប់​ចែករំលែក​សេចក្ដី​ស្រលាញ់​របស់​អ្នក​ដល់​កុមារ​សហគមន៍​ហើយ​ ​ឬ​នៅ? បើ​មិនទាន់​ធ្វើ​ទេ អ្នក​អាច​ចូលរួម​ជាមួយ​មូលនិធិ​កុមារ​យើង​បាន​នៅ​ចុង​សប្ដាហ៍​នេះ​យើង​នឹង​ចែក​សម្ភារៈ​សិក្សា​ឲ្យ​សិស្ស​នៅ​សាលាបឋមសិក្សា​ស្នា​សង្គ្រាម ស្រុក​ប្រា​សាទបាគង ខេត្តសៀមរាប​។​ ក្រៅ​ពី​នេះ ​ក៏​មាន​រៀបចំ​កម្មវិធី​ទទួលទាន​អាហារ​ ពេល​ល្ងាច​ឲ្យ​កុមារ​សហគមន៍​ត្រា​វកុ​ដ​ ក្នុង​អង្គការ​សុបិន្ដ​កុមារ​កម្ពុជា ​ដែល​ជា​ដៃគូ​សហការ​រួមគ្នា​ជាមួយ​មូលនិធិ​កុមារ​សា​វិ​ន​កម្ពុជា​លើ​គម្រោង​ ទឹក​ស្អាត​ ដើម្បី​កុមារ​សហគមន៍​​។​

បន្ថែម​លើ​នេះ​ប្រធាន​មូលនិធិ​កុមារ​សា​វិ​ន​កម្ពុជា​ លោក សា​វិ​ន ហ្វី​លី​ព បាន​ប្រាប់​កម្ពុ​ជាថ្មី​នា​ម៉ោង ១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០៩ ​ខែមីនា ឆ្នាំ​២០១៦​ថា លោក​ពិតជា​បាន​ត្រៀម​សម្ភារៈ​សិក្សា​យក​ទៅ​ចែក​ជូន​ដល់​សិស្ស​នៅ​សាលាបឋមសិក្សា​ស្នា​សង្គ្រាម​នា​ចុង​សប្ដាហ៍​នេះ​ ហើយ​ក្នុង​នោះ​ដែរ​ លោក​ក៏បាន​សាងសង់​អណ្ដូងទឹក​ខ្នាត​ធំ​ចំនួន​២​ ដើម្បី​ប្រគល់​ជូន​ឲ្យ​សាលាបឋមសិក្សា​ស្នា​សង្គ្រាម​មួយ ​និ​ង​មួយទៀត​នៅ​សាលាបឋមសិក្សា​ទៀ​បាញ់​សែន​ជ័យ ​ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​ដី​៦ គីឡូម៉ែត្រ​។​

លោក សា​វិ​ន ហ្វី​លី​ប បាន​បន្ត​ថា បើ​គិត​រហូត​មក​ទល់​ពេល​នេះ​ចំនួន​អណ្ដូងទឹក​ ដែល​ត្រូវ​បាន​សាង​សង់​ដោយ​មូលនិធិ​កុមារ​សា​វិ​ន​កម្ពុជា មាន​រហូតដល់​១៣៣ អណ្ដូង​ហើយ​។ ​បន្ទាប់​ពី​នេះ​ លោក សា​វិ​ន ហ្វី​លី​ព ក៏​មាន​គម្រោង​សាងសង់​សាលារៀន​តូច​ល្មម​មួយ​នៅក្នុង​សហគមន៍​ត្រា​វកុ​ដ​ ដើម្បី​ទទួល​បង្រៀន​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​នៅក្នុង​សហគមន៍​ទាំងអស់​នា​ពេល​ឆាប់ៗ​ខាង​មុ​ខ​នេះ​ផង​ដេរ​។

ជាមួយ​គ្នា​នេះ​ ប្រធាន​មូលនិធិ​កុមារ​សា​វិ​ន​កម្ពុជា​ និង​ជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​អង្គការ​មូលនិធិ​កុមារ CGF Foundation របស់​បារាំង ​លោក សា​វិ​ន ហ្វី​លី​ព បាន​បន្ថែម​ថា ខ្ញុំ​ក៏​សូម​អរគុណ​បងប្រុស ស៊ាន និង​បងស្រី ប៉ុល សុគ​ន្ធី ( Julie ) ម្ចាស់ Angkor Pharmacy និង​បងស្រី ពុទ្ធា​រី និង​ក្រុម​ការងារ​ទាំងអស់​នៅ​Pennsylvania,USA ដែល​ខិតខំ​រៃអង្គាស​ប្រាស់​ និង​ស្វែងរក​ជំនួយ​មក​សាងសង់​អណ្ដូងទឹក​ជូន​ប្រ​ជា​ពលរដ្ឋ ​និង​កុមារ​នៅ​សាលា​សាលាបឋមសិក្សា​ស្នា​សង្គ្រាម ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -