រុស្ស៊ី៖ នាពេលថ្មីៗនេះ មនុស្សជាច្រើនមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទិដ្ឋភាពមង្គលការ ដ៏អស្ចារ្យ របស់កូនប្រុស មហាសេដ្ឋីជនជាតិរុស្ស៊ី មានប្រាក់ពាន់លានម្នាក់ ដែលបានចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីរៀបចំវាឡើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មហាសេដ្ឋីសញ្ជាតិ រុស្ស៊ី គឺលោក Mikhail Gutseriev អ្នកជំនួញផ្នែកប្រេង និងបណ្តាញផ្សព្វផ្សាយព័ត៌មាន បានរៀបចំមង្គលការ យ៉ាងគគ្រឹកគគ្រេង ឲ្យកូនប្រុសរបស់ខ្លួន ឈ្មោះថា Said Gutseriev អាយុ២៨ឆ្នាំ ដែលបានរៀបការជាមួយនឹង និស្សិតស្រីដ៏ ស្រស់ស្អាតម្នាក់ ឈ្មោះថា Khadija Uzhakhova មានអាយុ២០ឆ្នាំ។

បើតាមការបញ្ជាក់បន្ថែម ពីប្រភពដដែលនេះ បានឲ្យដឹងថា ពិធីមង្គលការ ត្រូវបានប្រារព្ធឡើងនៅឯ Safisa ដែលជាអគាររៀបចំ ពិធីជប់លៀង និងភោជនីយដ្ឋាន ដ៏ល្អប្រណិតបំផុតមួយ ក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី ជាមួយគ្នានេះក៏មាន ពាក្យចចាមអារ៉ាមជាច្រើន លើកឡើងថា ការចំណាយសម្រាប់រៀបចំ មានតម្លៃដល់ទៅ ១ពាន់លានដុល្លារ ឯណោះ។

ក្រៅពីនេះទៀត ឈុតរ៉ូបកូនក្រមុំ ដ៏ស្រស់ស្អាត និងអស្ចារ្យមួយនោះ ត្រូវបានគេដឹងថា ជាស្នាដៃច្នៃម៉ូត និងបង្កើតឡើងដោយ អ្នកជំនាញកាត់ដេរ ដ៏ល្បីមួយរូប ក្នុងទីក្រុងប៉ារីស ដែលមានតម្លៃប្រហែល ជាជាង២ម៉ឺនដុល្លារ។ ជាមួយនឹងឈុតរ៉ូប ដ៏ថ្លៃនិង មានប្រវែងយ៉ាងវែងនោះហើយ ឈុតគ្រឿងពេជ្រ ដែលលំអនៅត្រង់បរិវេណក របស់កូនក្រមុំ ក៏មានតម្លៃ ថ្លៃមហាសាលផងដែរ។

អ្វីដែលរឹតតែធ្វើឲ្យ ភ្ញៀវដែលបានចូលរួម មានការភ្ញាក់ផ្អើល ខ្លាំងទៀតនោះ គឺថាតារាចម្រៀងល្បីៗ លំដាប់ពិភពលោក ជាច្រើនរូប ត្រូវបានអញ្ជើញមក ក្នុងកម្មវិធីមង្គលការមួយនេះ សម្រាប់ជាការកំសាន្ត ផងដែរ ដោយក្នុងនោះមាន Jennifer Lopez និង Enrique Iglesias ជាដើម។

នេះគឺជាពិធីមង្គលការ ដ៏អស្ចារ្យ និងចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកបំផុតមួយ របស់កូនមហាសេដ្ឋី នៅក្នុងប្រទេសរុស្ស៊ី។ គូសបញ្ជាក់ផងដែរថា លោក Mikhail Gutseriev គឺជាមហាសេដ្ឋី លំដាប់កំពូលក្នុងពិភពលោក ដែលមានទ្រព្យសម្បត្តិសរុប ៦.២ពាន់លានដុល្លារ នោះបើយោងតាម របាយការណ៍ពីទស្សនាវដ្តី Forbes៕

តោះចង់ដឹងថាតើ ពិធីមង្គលការនោះអស្ចារ្យ កម្រិតណា សូមតាមដាន ទាំងអស់គ្នា៖

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -