​​​    ភ្នំពេញ​ ៖​ នៅ​ទីបំផុត​ឃាតក​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ស្រុក​គីរីវង់ ខេត្ត​តាកែវ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឃាតក​នោះ​មាន​ឈ្មោះ​ដាង យ៉ាង​ឌូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម ​មុខរបរ​ជាង​​​ធ្វើ​តុ​ ទូ ស្នាក់នៅ​ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​សង្ស័យ​រូប​នេះ​មក​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ ​កាលពី​យប់​ថ្ងៃ​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ កន្លងទៅ​ នៅមុខ​វត្ត​ចាក់​អង្រែ​ក្រោម សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។

តាម​ចម្លើយ​សារភាព​របស់​ឃាតក មូលហេតុ​ ដែល​ឈាន​ទៅ​ដល់​ការរំលោភ រួច​សម្លាប់ ដោយសារ​ខឹង​ជនរងគ្រោះ​ដើរមក​បុក​វា ហើយ​ជេរ​ស្ដីបន្ទោស​វា ទើប​វា​ខឹង​ ក៏​ចាប់​ច្របាច់ក​រំលោភ រួច​សម្លាប់​ជា​ក្រោយ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​នោះ​មក​ធ្វើ​ត្រាប់​សកម្មភាព​ឡើងវិញ​នៅ​មាត់​ជ្រាំង​ទន្លេ​កន្លែង​កើតហេតុ។

គួរ​រំលឹក​ថា កាលពី​វេលា​​ម៉ោង​១១​យប់ ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​ម្នាក់​ស្លាប់​ទាំង​អាក្រាត​កាយ ​នៅ​ចំណុច​ជាប់​ច្រាំងទន្លេ​បាសាក់​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ស្ថិត​ក្នុង​ក្រុម​៣៨ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្រោយ​មក​ទើប​គេ​ដឹង​ថា ក្មេង​ស្រី​នោះ​មាន​ឈ្មោះ​ស្រី​ពៅ អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ស្រុកកំណើត ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ហើយ​បាន​មកលេង​ផ្ទះ​ឪពុកមា​ បាន​មួយថ្ងៃ​ ក៏​ត្រូវ​បាន​ឃាតក​រំលោភ រួច​សម្លាប់​យក​ទៅ​ប្លុង​ចោល​តែម្ដ​ង។

ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់​នេះ​ នៅ​មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅកាន់​លំនៅឋាន​ជាប់មាត់​ច្រាំងទន្លេ ​ក៏​ប្រទះឃើញ​សព​ក្មេង​ស្រី​រងគ្រោះ​នៅ​ជាប់​មាត់ច្រាំង​ទន្លេ ដោយមាន​អាការៈ​អាក្រាត​កាយ​ពាក់​កណ្ដាល​ខ្លួន​ចុះក្រោម​ក្បាល​ កើយ​នឹង​ច្រាំងទន្លេ​ ជើង​ចុះទៅ​ក្នុង​ទន្លេ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​ស្រែក​ឆោឡោ និង​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ ទើប​ដឹងថា ក្មេងស្រី​រងគ្រោះ​ត្រូវ​ឃាតក រំលោភ​រួច​ចាប់​ក្បាល​ច្រមុជ​ទឹក​បណ្ដាល​ឲ្យ​ស្ទះ​ដង្ហើម​ដាច់ខ្យល់​ស្លាប់​តែម្តង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ស្រី​ពៅ​បាន​មក​លេង​ផ្ទះ​ឪពុកមា​នៅ​ក្បែរ​ចំណុច​កើតហេតុ​បាន​រយៈពេល​ពេញ​មួយថ្ងៃ​​ មុន​នឹង​ត្រូវ​ឃាតក​រំលោភ​សម្លាប់​ ហើយ​ឪពុកមា​របស់​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ​យ៉ យុំាង​តា​យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​មុខរបរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ក្រុម​ទី​១៣ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -