ភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំ សុន្ទរី បានមានប្រសាសន៍កាលពីវេលាម៉ោង១១និង០៥នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះថា មកដល់ពេលនេះ ក្រសួងការបរទេសកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើព័ត៌មានមួយចំនួននៅក្នុងស្រុក ដែលបានផ្សាយអំពីការព្រមានរបស់កូរ៉េខាងជើងទៅលើបណ្ដាស្ថានទូតទាំងឡាយ ដែលមានទីតាំងនៅទីក្រុងព្យុងយ៉ាងដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញនោះ។
លោកជុំ សុន្ទរី បានបញ្ជាក់ថា «យើងកំពុងតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់ ពីព្រោះនៅពេលនេះហាក់ដូចជាស្ងាត់នៅឡើយ សម្រាប់ព័ត៌មានជាអន្តរជាតិ ហើយលោកខាងលិចក៏អត់មានផ្សព្វផ្សាយពីបញ្ហានេះដែរ សម្រាប់កូរ៉េខាងជើងចេះតែផ្សាយជាញឹកញាប់មកហើយ ចេះតែក្ដួងក្ដាំងឲ្យពិភពលោកចាប់អារម្មណ៍ ប៉ុន្តែមិនទាន់មានអ្វីផ្លូវការទេ»។
គួររំលឹកថា ផ្អែកតាមព័ត៌មានមួយចំនួន ដែលបានបកស្រង់សារព័ត៌មានព្យុងយ៉ាងកាលពីថ្ងៃម្សិលមិញ បានលើកឡើងថា ទំនងជាមានភាពតានតឹងមែនទែនហើយ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានចេញការព្រមានឲ្យស្ថានកុងស៊ុល និងស្ថានទូត ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាង ក្នុងនោះមានកម្ពុជាផងដែរ ចាប់ផ្តើមចាត់វិធានការជម្លៀសប្រជាជនរបស់ខ្លួន ចេញពីប្រទេសកូរ៉េខាងជើង ព្រោះលទ្ធភាពនៃការវាយប្រហារមីស៊ីល នឹងមានក្នុងពេលឆាប់ៗនេះ។
សារព័ត៌មានរបស់កូរ៉េខាងជើងបានរាយការណ៍ថា ខណៈកូរ៉េខាងជើង ត្រៀមខ្លួនរួចរាល់ ដើម្បីការវាយប្រហារនុយក្លេអ៊ែរ គឺគេទុកពេល៥ថ្ងៃឲ្យស្ថានទូតអង់គ្លេស និងមន្ត្រីទូតការបរទេសផ្សេងទៀត ក្នុងទីក្រុងព្យុងយ៉ាង ជម្លៀសប្រជាជនចេញ។ ស្ថានទូតបរទេស ដែលមានមូលដ្ឋាននៅកូរ៉េខាងជើង មានដូចជាប្រទេសកម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ចិន ប៊ុលការី ប្រេស៊ីល គុយបា សាធារណរដ្ឋឆែក អេស៊ីល អាល្លឺម៉ង់ ឥណ្ឌា អ៊ីរ៉ង់ ម៉ុងហ្គូលៀ នីហ្ស៊េរីយ៉ា ប៉ាគីស្ថាន ប៉ូឡូញ រូម៉ានី រូស្ស៊ី ស៊ុយអ៊ែត ស៊ីរៀ និងចក្រភពអង់គ្លេស។
រដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំផែនការជម្លៀសប្រជាជនអូស្ត្រាលី រាប់ពាន់នាក់ចេញពីកូរ៉េខាងត្បូង។ ចំណែកប្រទេសថៃ ក៏មានផែនការត្រៀមជម្លៀសប្រជាជនខ្លួនប្រមាណជា ៤៣.០០០ នាក់ ចេញពីកូរ៉េខាងត្បូង ក្នុងរយៈពេល ៤៨ម៉ោង តាមរយៈយន្តហោះដឹកជញ្ជូនយោធាប្រភេទ C-130 ពីរគ្រឿង និងយន្តហោះដឹកអ្នកដំណើរ Airbus A310 មួយគ្រឿង ក្នុងករណីមានផ្ទុះសង្គ្រាម ។ កូរ៉េខាងជើងបានបញ្ជូនមីស៊ីលរយៈចម្ងាយមធ្យមរបស់ ខ្លួនទៅកាន់ឆ្នេរសមុទ្រភាគខាងកើត តម្រង់ទៅកាន់កូរ៉េខាងត្បូង និងជប៉ុន និងប្រកាសអាសន្នទូទាំងប្រទេស ត្រៀមវាយប្រហារនុយក្លេអ៊ែរលើសហរដ្ឋអាមេរិក។ចំណែកនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះសង្គ្រាម ដោយទាមទារឲ្យរដ្ឋាភិបាលខ្មែរ ចាត់វិធានការភ្លាមៗ នៅគ្រា ដែលកូរ៉េខាងជើង កំពុងប្រកាសអាសន្ន។ តាមការប៉ាន់ស្មាន ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅកូរ៉េខាងត្បូង មានប្រមាណជាង៣ម៉ឺននាក់ ដែលកំពុងធ្វើការនៅតាមចម្ការ រោងចក្រ និងនៅតាមផ្ទះ។ ពួកគេអាចរកប្រាក់ចំណូលច្រើនជាងកម្ពុជា រហូតដល់២៨០០ដុល្លារ ក្នុងមួយខែ៕