ផ្ទាំងថ្មធំៗធ្លាក់ពីលើកំពូលភ្នំបង្កជាផ្កាភ្លើងឆេះព្រៃ រាលដាលឆេះស្ពានអស់១ខ្សែ (មានវីដេអូ)
ពោធិ៍សាត់ ៖ ផ្លូវយុត្តិសាស្ត្រលេខ៤៨ចាស់ នៃតំបន់ជួភ្នំក្រវាញតភ្ជាប់ពីខេត្តពោធិ៍សាត់ទៅខេត្តកោះកុង ត្រូវបានកាត់ផ្ដាច់ចរាចរណ៍ទៅមក កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចអូតាលាស់ ស្ថិក្នុងភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារតែអំណាចនៃអាកាសធាតុឡើងកម្ដៅខ្លាំងធ្វើឲ្យថ្មភ្នំធ្លាក់បែកផ្កាភ្លើងឆេះព្រៃរាលទៅឆេះស្ពានអស់មួយខ្សែទាំងស្រុង។ នេះបើតាមលោកសេង សុភាណា អភិបាលស្រុកវាលវែងបានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅមុននេះបន្តិច។
លោកអភិបាលស្រុកបានរៀបរាប់ថា មុនពេលកើតហេតុនោះ គឺភ្លើងឆេះព្រៃបានរាលដាលឆាបឆេះតំបន់ជួភ្នំក្រវាញនេះ ស្ទើរគ្រប់កន្លែង មិនថាទីតាំងណាទេ ពោលគឺនៅរដូវប្រាំងចូលមកដល់ អាកាសធាតុឡើងកម្ដៅខ្លាំង ធ្វើឲ្យផ្ទាំងថ្មធំៗលើកំពូលភ្នំក្ដៅប្រេះធ្លាក់មកជើងភ្នំ បង្កជាផ្កាភ្លើងឆាបឆេះព្រៃតែម្ដង។ លោកបន្តថា ដោយឡែកភូមិសាស្ត្រចំណុចខាងលើនោះគឺនៅលើផ្លូវយុត្តិសាស្ត្រផ្លូវលេខ៤៨ចាស់ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់តាមជួរភ្នំក្រវាញ ឆ្លងកាត់ស្រុកវាលវែង តំបន់អូរសោម ទៅខេត្តកោះកុង ត្រូវភ្លើងឆេះព្រៃ រាលដាលឆាបឆេះស្ពាននេះ ដែលសង់ពីឈើមានទំហំបណ្ដោយប្រវែង៨ម៉ែត្រ និងទទឹងប្រវែង៧ម៉ែត្រ។ ការរាលដាលឆាបឆេះនេះ ដោយសារតែតំបន់ជួរភ្នំនេះ សម្បូរព្រៃស្រោងដុះជាប់នឹងដងផ្លូវ និងស្ពានឆ្លងកាត់ ហើយពលរដ្ឋនៅដាច់ស្រយាលពីគ្នា ឯអ្នកដំណើរចរាចរណ៍ ឆ្លងកាត់ពេលល្ងាច ក៏ពុំសូវមាន, អាជ្ញាធរក៏បានទទួលព័ត៌មានបានលឿនទៀត រហូតភ្លើងព្រៃនេះមានឱកាសឆាបឆេះស្ពាននេះ រយៈពេល៣០នាទី ទើបដឹង ហើយឆេះអស់ទាំងស្រុងតែម្ដង បើទោះពន្លត់ ក៏មិនអាចពន្លត់បានដែរ ជាហេតុធ្វើឲ្យចរាចរណ៍ឆ្លងកាត់ចំណុចនេះត្រូវបានកាត់ផ្ដាច់។ ដូច្នេះអ្នកដំណើរត្រូវប្រើសាឡង់ដាក់ជាមួយរថយន្ត ឆ្លងកាត់ចំណុចនេះទើបដំណើរការបាន ហើយលោកក៏សូមអំពាវនាវពលរដ្ឋទាំងអស់រួម ទាំងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបង្កើនការពារចំពោះគ្រោះធម្មជាតិដោយភ្លើងឆេះព្រៃនេះផង ព្រោះវាបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ច្រើនខ្នង, ទីតាំងសាខាកម្មករស្នាក់នៅរបស់ក្រុមហ៊ុនដាំដំឡូងមីជាច្រើនកន្លែង ហើយថ្មីនេះ ក៏មានការឆាបឆេះរថយន្តនៅផ្នែករដ្ឋបាលព្រៃឈើអស់ច្រើនគ្រឿងថែមទៀតដោយសារភ្លើងព្រៃរាលឆាបឆេះនេះ។
លោកហេង សុភាណា អភិបាលស្រុកវាលវែងបានប្រាប់កម្ពុជាថ្មីនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នេះថា ៖ អាជ្ញាធរខេត្ តនិងស្រុកបានកំពុងតែ រៀបចំសាងសង់ស្ពានថ្មីត្រង់ចំណុចនេះឡើងវិញហើយ ដោយប្រើឈើសាងសង់ដដែល ដើម្បីឲ្យដំណើរការរបស់ពលរដ្ឋឆ្លងកាត់ទីនេះបានស្រួលឡើងវិញ ព្រោះពលរដ្ឋនៅតំបន់នេះត្រូវការចាំបាច់ប្រើប្រាស់ស្ពាននេះដើម្បីឆ្លងកាត់ខ្លាំងណាស់ ក្នុងការដឹកផលិតផលកសិកម្មទៅកាន់ទីផ្សារ រវាងអ្នកពោធិ៍សាត់ទៅខេត្តកោះកុង, អ្នកស្រុកវាលវែងទៅឃុំអូរសោម និងទៅទិញគ្រឿងសមុទ្រចំណីអាហារនៅខេត្តកោះកុង ហើយអ្នកខេត្តកោះកុង ក៏ត្រូវការឆ្លងកាត់តំបន់នេះដូចគ្នាដែរ៕
- Back to Home »
- ផ្ទាំងថ្មធំៗធ្លាក់ពីលើកំពូលភ្នំបង្កជាផ្កាភ្លើងឆេះព្រៃ រាលដាលឆេះស្ពានអស់១ខ្សែ (មានវីដេអូ)