តារាសម្ដែង និងជាថៅកែផ្ទះសំណាក់ កញ្ញា លី លីហ្សា បានប្រកាសថា ខ្លួនចង់ចូលសិល្បៈឲ្យស៊ុប ហើយចង់ធ្វើជាតួស៊ិចស៊ី ដោយយកតម្លៃខ្លួនទាបជាងតារាសិចស៊ីផ្សេងទៀត។លីហ្សា ថ្លែងបែបនេះ កាលពីល្ងាចមិញនៅចំពោះក្រុមអ្នកសារព័ត៌មាន នៃពិធីខួបគ្រប់២៣ឆ្នាំរបស់ខ្លួន នៅឯភោជនីយដ្ឋានមួយតាមបណ្ដោយផ្លូវត្រសក់ផ្អែម។ ” កាលមុនខ្ញុំជាប់រកស៊ីច្រើន ឆ្លៀតថតបានតែ MV អីតិចតួចទេ តែឥឡូវរបរស៊ីខ្ញុំមានអ្នកជំនួសដៃជើងហើយ ចឹងចង់លូកសិល្បៈឲ្យជ្រៅជាងនេះ ហើយចង់ថតតួសិចស៊ីតែម្ដង។ រឿងតម្លៃវិញយកអត់ថ្លៃដូចតួផ្សេងៗទេ ព្រោះអីខ្ញុំមានលុយស្រាប់ហើយ។”
កញ្ញា លី លីហ្សា ត្រូវបានអ្នកសិល្បដូចគ្នាស្គាល់ថា ជាថៅកែផ្ទះសំណាក់មួយក្នុងខេត្ត កំពង់ធំ ដែលចំណាយលើការសាងសង់អស់ជាង៣០ម៉ឺនដុល្លារឯណោះ។ បន្ថែមលើនេះ នាងក៏មានហាងលក់សំលៀកបំពាក់មួយថែមទៀតនៅទីរួមខេត្តសៀមរាបផងដែរ។ការវិលមកចូលសិល្បវិញនេះ លីហ្សា បញ្ជាក់ប្រាប់ថា ក្រៅពីការស្រលាញ់អាជីពនេះ គឺនាងចង់ធ្វើខ្លួនឲ្យមានការងារច្រើន ដើម្បីបំបាត់ការអផ្សុក។តារាស្រីមានកំណើតមកពីខេត្ត សៀមរាប ម្នាក់នេះលើកឡើងទៀតថា ប្រសិនបើមានម្ចាស់ផលិតកម្ម ឬអ្នកដឹកនាំសម្ដែងរូបណា ចាប់អារម្មណ៍ អាចទាក់ទងមកបាន ហើយនាងស្វាគមន៍ជានិច្ច។ ងាកមកពិធីខួបកំណើតវិញ ល្ងាចមិញនេះ លីហ្សា ប្រាប់ថា បានអញ្ជើញភ្ញៀវប្រហែលជាង១៥០នាក់ ដោយនៅក្នុងនោះមានអ្នកសិល្បៈជិត២០នាក់ប៉ុណ្ណោះ៕