(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតមិត្តភាពរវាង All Stars កម្ពុជា និងក្រុម All Stars ឡាវ បានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះជាអ្នកឈ្នះ ៣-២ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ហើយ​នោះ គេឃើញអ្នកចាំឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជាទាំង២រូប គឺ​កីឡាករ ស៊ូ យ៉ាទី និង​សិស្ស​ប្អូន អ៊ុំ សេរីរ័ត្ន បាន​សរសេរ​សារ​ខ្លីរៀងៗ​ខ្លួន បង្ហោះលើ Facebook ដែលមើលទៅដូចជាមានទំនាស់ដោយប្រយោល​ជា​មួយ​គ្នា​អញ្ចឹង ។

សម្រាប់អ្នកចាំទីវ័យចាស់ ដែលទទួលបានរហសនាមជាអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី បានសរសេរសារបង្ហោះលើ FB ផ្ទាល់ខ្លួន កាល​ពី​ម្សិល​មិញ​ថា «បើ​សិន​ជា​អ្នក​ស្អប់​ខ្ញុំ...? អ្នកអាចប្រាប់ខ្ញុំបាន... សូមកុំធ្វើបែបនេះដាក់ខ្ញុំ...! មុនស្សបើនៅជាមួយគ្នាមិនទុកចិត្តគ្នាទេ ok ទុកឲ្យខ្ញុំជាអ្នកដើរចេញ...» ។

បន្ទាប់មកនៅមុននេះបន្ដិច អ្នកចាំទីវ័យក្មេង កំពុងសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ អ៊ុំ សេរីរ័ត្ន ក៏​បាន​បង្ហោះ​សារ​ខ្លី​មួយ ដែល​មើល​ទៅ​ដូចជាការឆ្លើយតបទៅនឹងសាររបស់រាមច្បង ស៊ូ យ៉ាទី ។ សេរីរ័ត្ន បាន​សរ​សេរ​ថា «បើអ្នកគិតថាការចាកចេញរបស់អ្នក ធ្វើ​ឲ្យ​អ្នក សប្បាយ​ចិត្ត​ខ្ញុំ​សុខចិត្ត​ឲ្យ​អ្នក​ធ្វើ​តាមចិត្តរបស់អ្នកចុះ Good bye» ។

ការបង្ហោះសារដំណាលគ្នាបែបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ប៉ុន្ដែគេមិនទាន់ចាប់អារម្មណ៍ខ្លាំងនោះទេ នៅ​ពេល ស៊ូ យ៉ាទី បង្ហោះ​សារ​ម្នាក់ លុះ​ដល់ អ៊ុំ សេរីរ័ត្ន បង្ហោះសារមួយបន្ថែមទៀត ទើបគេគិតថា ប្រហែលជាពួកគេ មានរឿងអ្វីមិនស្រួល ឬមាន​ទំនាស់​អ្វី​ហើយ បាន​ជា​នាំ​គ្នា​សរសេរ​បែប​នេះ ។ ម្យ៉ាងការលើកឡើងបែបនេះ ក៏ស្របពេល ស៊ូ យ៉ាទី មិនបានបង្ហាញវត្តមានពេល All Stars កម្ពុជា យកឈ្នះ All Stars ឡាវ កាល​ពី​ថ្ងៃ​មុន ដែល​សង្គ្រោះ​ពេញ​១ប្រកួតដោយ អ៊ុំ សេរីរ័ត្ន ក៏ថាបានដែរ ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា អ្នកចាំទីឆ្នើមទាំងពីរ មានរឿងអ្វីនឹងគ្នា ឬមានរឿង២ផ្សេងគ្នានោះទេ ព្រោះលេខទូរស័ព្ទអ្នកទាំងពីរ ដែលធ្លាប់ប្រើ គឺទាក់ទងមិនចូល ដូច្នេះភ្នាក់ងារគេហទំព័រ KhmerTaking មិនអាចសុំការបកស្រាយពីពួកគេបានឡើយ ។ ប៉ុន្ដែបើយោងតាមសារខ្លីៗខាងលើ គេជឿជាក់ថា ពួកគេច្បាស់ជាមានរឿងនឹងគ្នាជាមិនខាន ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -