សិល្បៈ​៖ ​តារា​ចម្រៀង​និពន្ធ​បទ ​Original Song ​ច្រៀង​ដោយ​ខ្លួន​ឯង ​អ៊ាម វន្នី ​បាន​ចាក​ចេញ​ពី​មាតុ​ប្រទេស​ទៅ​កាន់​ទឹកដី​អាមេរិក​នៃ​រដ្ឋ​មុនីសូតា ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មីនា ​កន្លង​ទៅ​ថ្មី​ៗ​នេះ ​តាមរយៈ​ការ​ស្នើ​សុំ​របស់​អង្គការ​សមាគម​បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​លើ​ទឹកដី​នោះ​ ​ដែល​ជា​ដំណើរ​លើក​ទី​១ ​សម្រាប់​តារា​រូប​នេះ ​មាន​ឱកាស​បង្ហាញ​សមត្ថភាព ​និង​ទេពកោសល្យ​របស់​ខ្លួន​ឯង ដើម្បី​វាយ​លុក​លើ​ទីផ្សារ​​សិល្បៈ​កាន់​តែ​ខ្លាំង​ផង​ដែរ ​ប៉ុន្តែ​មក​ដល់​រសៀល​ថ្ងៃ​ទី​២១​នេះ ​ អ៊ាម វន្នី​ បាន​ថ្លែង​មក​កាន់ Kqube.NET ​ថា​ លោក​ពិត​ជា​នឹក​ស្មាន​មិន​ដល់​ថា ​មាន​អ្នក​​គាំទ្រ​សមត្ថភាព​របស់​លោក​ខ្លាំង​ដល់​ម្ល៉ឹង​ទេ​។

តារា​ចម្រៀង​ថ្មី​ស្រឡាងរូប​នេះ​បាន​បន្ត​ថា ​កាល​ពី​យប់​ថ្ងៃ​ទី​១៩ ​ម្សិលម្ង៉ៃ​នេះ ​មាន​ការ​ប្រគំតន្ត្រី​ Shakopee Ballroom នៃ​រដ្ឋមុនីសូតា ​ដែល​ជា​យប់​ទី១ ​សម្រាប់​ការ​បង្ហាញ​សមត្ថភាព​របស់​លោក​នោះ ​គឺ​មាន​អ្នក​មក​គាំទ្រ​រហូត ៣៤០នាក់ ​ខណៈ​កម្ម​វិធី​ប្រគំ​តន្ត្រី​នៅ​ទីនោះ​សព្វ​មួយដង ​មាន​ភ្ញៀវ​ចូល​រួម​ត្រឹមតែ ២០០​នាក់​ប៉ុណ្ណោះ​។ ​នេះ​បើ​តាម​ទិន្នន័យ​ដែល​លោក​ទទួល​បាន​ពី​អ្នក​រៀបចំ​កម្ម​វិធី​ផ្ទាល់ ​ហើយ​ចំណុច​ដែល​ពិសេស​នោះ ​គឺ​មាន​អ្នក​ជិះ​រថយន្ត​ចម្ងាយ ​១២០​គីឡូម៉ែត្រ​មក​គាំទ្រ​លោក​ផ្ទាល់​។​លោក អ៊ាម វន្នី ​បាន​បន្ត​ថា ​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​នោះ គឺ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បង​ប្អូន​ ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​នោះ​ផ្ទាល់​ ប៉ុន្តែ​ចំណុច​ដែល​លោក​បាន​កត់​សម្គាល់​ជាង​គេ​នោះ ​គឺ​ពួក​គាត់​មាន​ការ​គាំទ្រ​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​របស់​លោក​ចំនួន​ពីរ​បទ ​គឺ​បទ​"ស្អប់​ស្នេហ៍​ដំបូង​" និង​បទ​"​ខ្ញុំ​ជា​អ្នក​ខេត្ត​បាត់ដំបង"​តែ​ម្ដង ​ព្រោះ​លោក​បាន​បញ្ជាក់​ថា លោក​បាន​ដឹង​តាម​ការ​ជួប​សំណេះសំណាល​ជា​មួយ​អ្នក​គាំទ្រ​ដោយ​ផ្ទាល់​នៅ​ខាង​ក្រៅ​កម្ម​វិធី​។

​តែ​យ៉ាង​ណា​មិញ ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ ដែល​កំពុង​ជោគជ័យ​ក្នុង​បេសកកម្ម​ លើ​ទឹក​ដី​អាមេរិក​រូប​នេះ ​បាន​ប្រាប់ ​Kqube.NET ដែរ​ថា ​មកដល់​ពេល​នេះ​ លោកនៅ​មិន​ទាន់​ស៊ាំ​ជា​មួយ​អាកាសធាតុ​នៅ​ទីនោះ​នៅ​ឡើយ​ទេ ​ព្រោះ​ថា ​សីតុណ្ហភាព​ធ្លាក់​រហូត ​១០​អង្សា​ឯណោះ ​គឺ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ម្យ៉ាង​ទៀត​ចំណី​អាហារ​មួយ​ចំនួន ​ក៏​មិន​ទាន់​ស៊ាំ​ដែរ គឺ​ហូប​មិន​បាន​ច្រើន​ ហើយ​ក្នុង​នោះ​ដែរ ​អ្វី​ដែល​មិន​ទាន់​ស៊ាំ​ខ្លាំង ​គឺ​ពេល​វេលា ​នៅ​ស្រុក​អាមេរិក ​នឹង​កម្ពុជា​តែ​ម្ដង ព្រោះ​យប់​នៅ​ស្រុក​គេ​លោក​ពិបាក​គេង​ឲ្យ​លក់ណាស់​​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -