រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន កាលពីយប់ថ្ងៃទី២៩ មីនា ស្ថិតក្នុងអាណាចក្រខណ្ឌចំការមន ដោយមានការបាញ់ទម្លុះទម្លាយរថយន្តរបស់ជនសង្ស័យ និងចាប់ខ្លួន២នាក់ ដែលជាសង្សានិងគ្នានោះ នៅរសៀលថ្ងៃទី១ មេសា ២០១៦ នេះ ជនសង្ស័យម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ ចំណែកស្រីស្នេហ៍ ត្រូវបានតំណាងអយ្យការបំបែកសំណុំរឿង ជាករណីប្រើប្រាស់គ្រឿងញៀនវិញ ។
ស្ថិតនៅសាលាដំបូងរាជធានីភ្នំពេញត្រូវបានគេដឹងថា ជនសង្ស័យពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនឈ្មោះស៊ុម ចាន់វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ជិត២០ក្រាម តាមមាត្រា៤០ច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ចំណែកស្រីស្នេហ៍ឈ្មោះសឿន ឌីណា អាយុ២២ឆ្នាំ ត្រូវបានចោទប្រកាន់ពីប្រើប្រាស់គ្រឿងញៀន ។