ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារឆក់ចរន្តអគ្គិសនី ដោយសារតែចុចទូរស័ព្ទលេង ពេលកំពុងសាកថ្ម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយជនរងគ្រោះមានឈ្មោះ ហ៊ាង ហស ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅចំណុច កើតហេតុខាងលើ។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះទើបនឹងទិញ ទូរស័ព្ទមួយគ្រឿងម៉ាក iPhone ហើយពេលមកដល់ផ្ទះក៏បាន យកទូរស័ព្ទទៅសាកថ្ម រួចក៏ទៅងូតទឹក។ ក្រោយពីងូតទឹករួច ជនរងគ្រោះក៏បានយកទូរស័ព្ទ ដែលកំពុងតែដោតសាកថ្មនោះ មកចុចលេងហ្វេសប៊ុក ស្រាប់តែពេលនោះជនរងគ្រោះ ក៏បានស្រែកហៅម្ដាយ អោយជួយ ពេលនោះម្តាយក៏បានចូលទៅជួយ បំណងចង់ចាប់យកទូរស័ព្ទចេញពីដៃកូនក៏ត្រូវឆក់ដែរ បន្ទាប់មកមានអ្នកជិតខាងបានជួយ ហើយដឹកទៅសង្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែអកុសលគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវឪពុកម្ដាយដឹក មកកាន់វត្តទួលសង្កែ ដើម្បីធ្វើបុណ្យ បូជាតាមប្រពៃណីជាតិ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -