ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ធ្វើការឃាត់ខ្លួនដោយតាមពាក្យបណ្តឹង ពាក់ព័ន្ធពីបទចាប់រំលោភប្រពន្ធរបស់មិត្តភក្តិនៅតាមដងផ្លូវ កាលពីម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី៣០ មីនា ២០១៦ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ខណៈជនសង្ស័យដឹកនារីរងគ្រោះ ដើម្បីទៅរកប្តី ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះអឿ សុភា អាយុ៣១ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាមេផ្ទះ ។
ប្រភពពីសមត្ថកិច្ចថា ការឃាត់ខ្លួននេះ គឺបន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពចាប់នារីម្នាក់រំលោភបានសម្រេចនៅតាមផ្លូវ ខណៈដឹកនារីរងគ្រោះតាមម៉ូតូទៅរកប្តី ។ ថ្ងៃកើតហេតុនោះ ជនសង្ស័យនិងប្តីនារីរងគ្រោះបានផឹកស៊ីជុំគ្នានៅផ្ទះ លុះស្រវឹងបុរសជាប្តីបានខ្ចីម៉ូតូជនសង្ស័យចេញទៅក្រៅ ។ ដោយម៉ូតូបែកកង់ ប្តីក៏បណ្តើរម៉ូតូត្រឡប់មកវិញសុំប្រាក់ប្រពន្ធទៅដូរពោះវៀនម៉ូតូឱ្យមិត្តភក្តិ ។ លុះប្រពន្ធមិនឱ្យ ទើបបុរសជាប្តីខឹង ក៏ទាញកង់ជិះចេញទៅបាត់ ។
ដោយបាត់ប្តីយូរពេក មិនឃើញត្រឡប់មកវិញ ក៏ពឹងជនសង្ស័យឱ្យជូនទៅរកប្តីនៅផ្ទះម្តាយរបស់នាង ។ ដឹងអី ដឹកដល់កណ្តាលផ្លូវ ត្រូវជនសង្ស័យឆក់ឱកាសចាប់រំលោភបានសម្រេច រួចដឹកមកផ្ទះវិញ។
នារីរងគ្រោះពេលឃើញប្តី ក៏បានរៀបរាប់ប្រាប់តាមដំណើររឿង ក៏រាយការណ៍ប្រាប់មេភូមិឱ្យជួយអន្តរាគមន៍ ឈានដល់ការឃាត់ខ្លួនតែម្តង ។